ជិត​ប្រឡង​បាក់​ឌុប ក្រសួង​ផ្តល់​ឯកសារ​ជំនួយស្មារតី​ដល់​សិស្ស​ថ្នាក់​ទី12

ក្រោយពេល​កំណែទម្រង់​វិស័យ​អប់រំ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ផ្តើម​មាន​សភាព​តឹងរ៉ឹង​ឡើង ហើយ​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​អប់រំ ក៏​កើតមានឡើង​ទន្ទឹមគ្នា​នឹង​ការជំរុញឱ្យ​សិស្ស​មានការ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រឡង​ឱ្យ​ជាប់​នូវ​ដំណាក់កាល​ដ៏​សំខាន់​នេះ។

ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ការ​លេច​ធ្លាយ​វិញ្ញាសា​ប្រឡង ភាពមិនប្រក្រតី​ក្នុងពេល​ប្រឡង និង​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ប្រឡងជាដើម។ ស្របពេល​ជាមួយគ្នានេះដែរ ក្រសួង​ក៏បាន​បង្កើត​កម្មវិធី​ជំរុញ​ចំណេះដឹង​កាន់តែច្រើន​ដល់​សិស្ស​នៅតាម​បណ្តា​ខេត្តឆ្ងាយៗឱ្យមាន​សមត្ថភាព​ស្មើនឹង​សិស្ស​នៅ​ទីប្រជុំជន​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ ជំរុញឱ្យមាន​សាលា​ធនធាន​សិក្សា​ដើម្បី​ជំរុញឱ្យមាន​បច្ចេកវិទ្យា​ទំនើប និង​ឧបករណ៍​ពិសោធន៍​នៅតាម​បណ្តា​ខេត្ត រួមទាំង​ការផ្សព្វផ្សាយ​ឯកសារសំខាន់ៗនៅតាម​បណ្តាញ​បច្ចេកវិទ្យា​ជាដើម​ទៀតផង។

នៅមុន​ឱកាស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ ក្រសួង​អប់រំ​បានដាក់​ឱ្យ​សិស្ស​ទាញយក​ឯកសារ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​មេរៀន​សង្ខេប និង​លំ​ហាត់គំរូ លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា​និង​ប្រវត្តិវិទ្យា។ បើទោះបីជា​ឯកសារ​ទាំងអស់នេះ​គ្រាន់តែ​ជា​ជំនួយ​ដល់​សិស្សានុសិស្ស ហើយ​មិនមែនជា​ឯកសារ​ពេញលេញ​សម្រាប់​កម្មវិធីសិក្សា​ថ្នាក់​ទី12ទាំងមូល​ក្តី តែ​ជាទូទៅ​គេ​សង្កេតឃើញថា សិស្ស​អាច​ប្រើប្រាស់​វា​ជា​ប្រភព​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​លំ​ហាត់​សម្រាប់​ត្រៀមប្រឡង​បាន​យ៉ាង​ល្អ។ ឯកសារ​ទាំងអស់នេះ ក៏​ជា​ចំណុច​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​សិស្ស​ប្រើប្រាស់​សម្រាប់​វាស់​ស្ទង់​ពី​សមត្ថភាព​របស់ខ្លួន​មុនពេល​ប្រឡង​ផងដែរ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ជានិច្ចកាល​ក្រសួង​បាន​ព្យាយាម​ផ្តល់​ឯកសារសំខាន់ៗដល់​សិស្ស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ គេហទំព័រ និង​ប្រភព​ជាច្រើន​ទៀត​ដើម្បីឱ្យ​ពួកគេ​អាច​ទាញយក​ឯកសារ​សង្ខេប​ទាំងអស់​នោះបាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់។ ម្យ៉ាងវិញទៀត យើង​ក៏បាន​ជំរុញឱ្យមាន​ក្លិប​សិក្សា​នៅតាម​សាលា​នានា​ដើម្បី​ធ្វើឱ្យ​យ៉ាងណា​ឱ្យ​សិស្ស​អាចមាន​លទ្ធភាព​ពង្រឹងសមត្ថភាព​ខ្លួនឯងបាន​យ៉ាង​ល្អ ស្រប​ពេលដែល​ក្រសួង​ក៏បាន​បង្ហាញ​វីដេអូ​បង្រៀន​នូវ​មេរៀនសំខាន់ៗយ៉ាង​ទូលំទូលាយ​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា។

ប្រភព​ឯកសារ​សំខាន់​ដែល​ក្រសួង​ផ្តល់ជូន​ទាំងអស់នេះ ជា​ប្រភេទ​ឯកសារ PDF ដែល​អនុញ្ញាតឱ្យ​សិស្ស​អាច​ទាញយក​ដើម្បី​បោះពុម្ព​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ហើយ​ក្នុង​ឯកសារ​ទាំងអស់នោះគឺជា​ឯកសារ​ដែលមាន​គណៈកម្មកា​រ​រៀបចំ​យ៉ាង​ច្បាស់លាស់ និង​មាន​គណៈកម្មការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ មុននឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់ ដើម្បី​ធានាថា វា​ពិត​ជាមាន​អត្ថប្រយោជន៍​សម្រាប់​ការសិក្សា​ដល់​សិស្ស​ទូទៅ​នៅ​កម្ពុជា​ប្រាកដ​មែន។

ប្រភព​ឯកសារ​ខ្លះ ដូចជា​ឯកសារ​ប្រវត្តិវិទ្យា​ជាដើម គឺអាច​ធ្វើឱ្យ​សិស្ស​មាន​សមត្ថភាព​ក្នុងការ​វិភាគ ស្វែងយល់ និង​វាយតម្លៃ ដោយ​ទាញយក​បទពិសោធ​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ចំណេះដឹង​សម្រាប់​ការរស់នៅ​ជាក់ស្តែង​ក្នុងសង្គម ហើយ​ថែមទាំង​ធ្វើឱ្យ​សិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទៀតផង ព្រោះ​វា​ជា​ប្រភេទ​មេរៀនខ្លីៗដែល​សង្ខេប​ដោយ​អ្នកជំនាញ។

ចំពោះ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​វិញ​គឺ ភាគច្រើន​ជា​ប្រភេទ​លំ​ហាត់​អនុវត្តន៍​ដើម្បី​ពង្រឹង​ចំណេះដឹង និង​ដោះស្រាយ​លំ​ហាត់ ដោយ​ការទាញយក​និយមន័យ​ច្បាប់ និង​រូបមន្ត​យកមកប្រើ​ប្រាស់។ ម្យ៉ាងវិញទៀត វា​ក៏​ជួយ​ឱ្យ​សិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​សិក្សា និង​ចងចាំ​មេរៀន​ថែម​ទៀតផង ព្រោះ​លំ​ហាត់​ដែល​បានដាក់​ចេញ​នោះ ភាគច្រើន​ត្រូវបាន​រៀបចំ​ដោយមាន​លំដាប់លំដោយ​ត្រឹមត្រូវ ជាមួយនឹង​វិធីប្លែកៗទៀតផង៕

Advertisement