ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្មេង​ចំណាយពេល​នៅមុខ​អេក្រង់​កុំព្យូទ័រ​ច្រើន​ម៉ោង

មនុស្ស​ជាច្រើន រួមទាំង​អាណាព្យាបាល​នៅ​កម្ពុជា​មួយចំនួន​ផង ប្រហែលជា​គិត និង​បារម្ភ​ថា កូនៗរបស់គាត់​បាន​ចំណាយពេល​នៅមុខ​កញ្ចក់​កុំព្យូទ័រ​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើឱ្យកូនៗរបស់គាត់​អាច​ជួប​ផលប៉ះពាល់​ផ្នែក​សុខភាព និង​មាន​ភាពទន់ខ្សោយ​សម្រាប់​ការប្រកួតប្រជែង ជាមួយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​នៅពេល​គេ​ធំ​ឡើង។

ជា​ស្ថានភាព​ជាក់ស្តែង មិនមែន​មានតែ​ប្រជាជន​ខ្មែរ​នោះទេ​ដែល​កំពុងស្ថិត​ក្នុងការ​បារម្ភ​ខាងលើ​តាម​ការស្រាវជ្រាវ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បង្ហាញឱ្យឃើញថា កុមារ​ជាច្រើន​នៅលើ​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាពស្រដៀងៗគ្នា​នេះ​ជាពិសេស​នៅ​សហរដ្ឋអាមេរិក។ នៅ​សហរដ្ឋអាមេរិក បើ​យោងតាម​ទិន្នន័យ​នៃ​ការស្ទង់មតិ​របស់​ស្ថាប័ន Gallup បាន​បង្ហាញថា កុមារ​ជា​មធ្យម​បាន​ចំណាយ​ពេលវេលា​ច្រើន​បំផុត​របស់​ពួកគេ​នៅ​ជាមួយនឹង​សកម្មភាព​នានា​ក្នុង​កញ្ចក់​នៃ​ឧបករណ៍​អេឡិចត្រូនិក។

អាណាព្យាបាល​ជាច្រើន​ដែលមាន​កូន​អាយុ​ចន្លោះ​ពី2 ដល់10ឆ្នាំ បាន​និយាយថា កូន​របស់​ពួកគាត់​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ជា 18.6ម៉ោង​ក្នុង​ការរស់នៅ​ជាមួយនឹង​ឧបករណ៍​អេ​ឡិចត្រូ​និក​ជាប្រចាំ​ក្នុង​មួយ​សប្តាហ៍។

ជាទូទៅ របាយការណ៍​នៃ​ការស្ទង់មតិ​បានបង្ហាញ​ថា កុមារ​មួយចំនួនធំ​បាន​ចំណាយ​ពេលវេលា​ទំនេរ​ប្រមាណ​ជា 4ម៉ោង​ក្នុង​មួយថ្ងៃ​ដោយនៅ​មួយកន្លែង​ហើយ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា ខណៈដែល​របាយការណ៍​ដដែល​បានបង្ហាញ​ផងដែរ​ថា អាណាព្យាបាល​ជាច្រើន​ចង់​នាំកូនៗទៅលេង​នៅ​ខាងក្រៅ​ដែរ តែ​ពួកគេ​មាន​ឧបសគ្គ​មួយចំនួន​ដូចជា​កត្តា​អាកាសធាតុ និង​កត្តា​ពេលវេលា​ជាដើម។

នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា កត្តា​អាកាសធាតុ​មិនល្អ បានធ្វើឱ្យ​កុមារ​ប្រមាណ 36% ត្រូវ​រស់នៅ​ជាមួយ​កញ្ចក់​ទូរស័ព្ទ ឬ​អេក្រង់​នៃ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ខណៈ​មាន​ចម្លើយ​ប្រមាណ 34%ផ្សេងទៀត​បង្ហាញថា​បញ្ហា​ដែល​ធ្វើឱ្យ​ក្មេង​មិនអាច​ចេញទៅ​ក្រៅ​បាន គឺ​មនុស្ស​ធំ​រវល់​ហើយ​គ្មាន​អ្នក​នាំ និង 33% ផ្សេងទៀត​បានបង្ហាញ​ថា ក្មេង​ហាក់​មិន​ចង់​ទៅលេង​នៅ​ខាងក្រៅ​ព្រោះ​ក្មេង​ដទៃ​សុទ្ធតែ​លេង​នៅក្នុង​ផ្ទះ ដែល​ធ្វើឱ្យ​កន្លែង​សាធារណៈ​មួយចំនួន​ហាក់​ស្ងប់ស្ងាត់ និង​មិន​សប្បាយ។

មាន​អាណាព្យាបាល​ត្រឹមតែ 3% តែប៉ុណ្ណោះ​ដែល​បាន​និយាយថា ពួកគេ​ចង់ឱ្យកូនៗរបស់​ពួកគេ​លេង​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក។ តែបើ​មើល​ពី​ចំនួន​ក្មេង​វិញ គេ​បានឱ្យដឹងថា កុមារ​ប្រមាណ 58%ពួកគេ​មិន​ចង់​ចេញ​ទៅលេង​នៅ​ខាងក្រៅ​ទេ ព្រោះ​ពួកគេ​ចង់​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក នៅ​មួយកន្លែង៕

Advertisement