មិនធម្មតា​ទេ! មេ​ធំ Facebook មាន​ចំណូល​ជា​មធ្យម​ជិត 6លាន​ដុល្លារ​ក្នុង 1ថ្ងៃ

ថ្មីៗនេះ សហ​ស្ថាបនិក និង​ជា​មេ​ធំ​របស់ Facebook លោក Mark Zuckerberg បាន​ជួប​នូវ​បញ្ហា​ជាច្រើន​រហូតដល់​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទៀតផង បន្ទាប់ពី​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​ត្រូវបាន​លួច និង​រំលោភបំពាន។ បើទោះជា​យ៉ាងនេះ​ក្ដី ក៏​មិនអាច​ធ្វើឱ្យ​មហាសេដ្ឋី​វ័យក្មេង​រូបនេះ បាត់បង់​ប្រជាប្រិយភាព និង​ប្រាក់ចំណូល​ឡើយ។ តើ​លោកអ្នក​ចង់ដឹង​ទេ​ថា ក្នុង​មួយថ្ងៃ Mark Zuckerberg រកចំណូលបាន​ប៉ុន្មាន?។

សារព័ត៌មាន CNBC បាន​ចុះផ្សាយ​ដោយយោង​ទៅលើ​ទិន្នន័យ​របស់​ទស្សនាវដ្ដី Forbes ដែល​បានឱ្យដឹងថា លោក Mark Zuckerberg មាន​ទ្រ​ព​សម្បត្តិ​តម្លៃ 74ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បើ​យោងតាម​ទិន្នន័យ​នេះដែរ Forbes បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​លោក​អាច​ទទួលបាន​ចំណូល​ជា​មធ្យម​ប្រហែល 5.97លាន​ដុល្លារ​អាមេរិក ខណៈដែល​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​មួយ​នៅ​អាមេរិក Amazon មានទ្រព្យ​សម្បត្តិ 132ពាន់​លាន​ដុល្លារ​អាមេរិក និង​រកចំណូលបាន​ជា​មធ្យម 6.8លាន​ដុល្លារ​អា-មេ​រិ​ក​ក្នុង​មួយថ្ងៃ។

គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ Facebook បាន​ជួប​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា 87លាន​នាក់ រហូត​ធ្វើឱ្យ​លោក Mark Zuckerberg មេ​ធំ Facebookត្រូវ​ចេញមុខ​មកសុំ​ទោស​ជា​សាធារណៈ ជាពិសេស​មាន​បណ្ដា​ប្រទេស​មួយចំនួន​ថែមទាំង​គំរាម​បិទ Facebook ចោល​ទៀតផង៕

Advertisement