យុវជន​សូមកុំ​ខ្លាច​ភាព​ខុសគេ

យុវជន​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​កម្លាំង​ពលកម្ម និង​អ្នកជំនាញ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការជំរុញឱ្យ​វិស័យសេដ្ឋកិច្ច និង​ផ្នែកផ្សេងៗទៀត​ដើម្បី​ឱ្យមាន​ថាមពល​កាន់តែខ្លាំង។

បញ្ហា​លំហូរ​ការងារ និង​ការអភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យុវជន ជា​បញ្ហា​ប្រឈម​យ៉ាងសំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ខណៈ​ក្រសួង​អប់រំ និង​ស្ថាប័ន​ការងារ​កំពុង​ព​ន្លឿ​ន​ការងារ​នានា​ពាក់ព័ន្ធនឹង​ការជំរុញ​គុណភាព​នៃ​ការអប់រំ និង​ការចែករំលែក​ព័ត៌មានសំខាន់ៗពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​នៅ​កម្ពុជា។

លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា ជា​សិស្ស-និស្សិត​ចាំបាច់​ត្រូវ​មានគំនិត​វិជ្ជមាន​ក្នុងការ​ប្រឹងប្រែង​កំណត់​វាសនា​របស់ខ្លួន។ ប្រសិនបើ​យើង​ត្រាំត្រែង​តែ​ជាមួយនឹង​បញ្ហា​យើង​នឹងមិន​អាចមាន​គំនិត​វិជ្ជមាន​ក្នុងការ​ខំប្រឹងប្រែង​បាន​នោះទេ ហេតុនេះ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ជីវិត ត្រូវ​ចាប់ផ្តើម​ពី​ខ្លួនឯង​ជាសំខាន់​បំផុត។

លោកស្រី ស្រូ​យ សុជាតិ បាន​និយាយថា៖ “ពេល​ឃើញ​គេ​ទទួលបាន​លទ្ធផល​ល្អ ទទួលបាន​ប្រាក់ខែ​ច្រើន សូមកុំ​បន្ទោស​ទៅ​អ្នកណា​ទាំងអស់ អ្វីដែល​សំខាន់​គឺ​មើល​ឡើងវិញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង។ ជា​ឧ​ទារ​ហណ៍ ប្រសិនបើ​ក្រុមហ៊ុន​មួយ​មាន​គ្នា​រាប់រយ​នាក់ ប្រសិនបើ​យើង​ជា​មនុស្ស​ម្នាក់​ដែល​ដូច​គេ​ដូច​ឯង​ក្នុងចំណោម​នោះ កុំ​សង្ឃឹម​ឱ្យសោះ​ថា​យើង​នឹង​អាច​ទទួលបាន​លទ្ធផល ឬ​តំណែង​លើសគេ​ទាំងនោះ។

លោកស្រី ស្រូ​យ សុជាតិ បានលើកឡើង​ផងដែរ​ថា ចំណុច​សំខាន់​របស់​យុវជន​គឺ​ការបន្ត​កម្លាំងចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​ខ្លាំង​លើសពី​អ្នកដទៃ​ដែល​កំពុងតែ​ស្ថិតនៅ​កន្លែង​ដែល​យើង​ឈរ។ ហេតុនេះ​សូមកុំ​ខ្វល់​ខ្លាំងពេក​ពី​ចំណុច​អវិជ្ជមាន ថា​គ្មាន​ខ្សែ​មិនអាច​ធ្វើ​ការងារ​ល្អ ឬ​ខ្លួនឯង​ស្ថិតក្នុង​លក្ខខណ្ឌ​បែបនេះ ឬ​លក្ខខណ្ឌ​បែប​នោះ មិនអាច​ថ្កុំថ្កើង​បាន តែ​ត្រុ​វ​គិតថា យើង​ជា​មនុស្ស​ម្នាក់​ក្នុងសង្គម​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង គេ​អាចធ្វើ​អ្វី​បាន យើង​ក៏​អាច​ធ្វើបាន​ដូចគ្នា​ដែរ ហើយ​ចំណុច​សំខាន់​នោះ​គឺ​ត្រូវ​បន្ត​ចិញ្ចឹមចិត្ត​ដើម្បី​អភិវឌ្ឍ៕

Advertisement