Yahoo Messenger នឹងត្រូវ​បញ្ចប់ជីវិត​នៅ​ពាក់កណ្ដាល​ខែក្រោយ

បើ​យើង​ងាក​ត្រឡប់​ទៅ​មើល​កាលពី​អំឡុង​ឆ្នាំ2000 – 2006 វិញ កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត​ដ៏​ល្បី និង​មាន​ប្រជាប្រិយភាព​ជាងគេ​គឺ Yahoo Messenger ប៉ុន្តែ​បច្ចុប្បន្ន វា​នឹងត្រូវ​បាត់​ខ្លួន​ទៅវិញ​នៅ​ពាក់កណ្ដាល​ខែក្រោយ​នេះហើយ។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន GSM Arena បានឱ្យដឹងថា Yahoo Messenger នឹងត្រូវ​បញ្ចប់ជីវិត​នៅ​ថ្ងៃទី17 ខែកក្កដា ឆ្នាំ2018 ប៉ុន្តែ​មូលហេតុ​ដែល​បណ្ដាលឱ្យ​ត្រូវ​បិទ​កម្មវិធី​នេះ​ចោល​ទៅវិញ មិនត្រូវ​បាន​ខាង​ក្រុមហ៊ុន Yahoo និង Verizon លាតត្រដាង​បញ្ជាក់ប្រាប់​ឡើយ តែ​ក្រុម​អ្នកឃ្លាំមើល​បាន​យល់ឃើញថា អាច​បណ្ដាលមកពី​លែងមាន​អ្នកប្រើប្រាស់ Yahoo Messenger ខណៈដែល​បច្ចុប្បន្ន​កម្ម​វិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត WhatsApp និង Facebook Messenger កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង។

គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី Yahoo Messenger ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី9 ខែមីនា ឆ្នាំ1998 ហើយ​បើ​គិត​មកដល់ពេលនេះ​គឺមាន​អាយុកាល​ជាង 20ឆ្នាំ​ហើយ៕

Advertisement