អ្នក​អប់រំ​នៅ Harvard បង្ហាញ​ជំនាញ 7យ៉ាង​ដែល​មនុស្ស​ត្រូវការ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្នុង​ពិភព​ការងារ

សកម្មភាពបំពេញការងារជាមួយនឹងប្រព័ន្ធកុំព្យូទ័រ

អ្នកជំនាញ​បាន​មើលឃើញថា វិស័យ​អប់រំ​ប្រៀបដូចជា​រោងចក្រ​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​សម្រាប់​ឆក់​ឱកាស​ក្នុងការ​ទាញយក​នូវ​ផលប្រយោជន៍សំខាន់ៗពី​ពិភពលោក និង​ឱកាស​ការងារ​ជាច្រើន​នៅ​គ្រប់​ទីកន្លែង។ តែ​ទោះជា​យ៉ាងនេះ​ក្តី ប្រព័ន្ធ​អប់រំ​បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា បាន​ផលិត​មនុស្ស​ភាគ​ច្រើនតែ​លើ​ជំនាញ​សម្រាប់តែ​ធ្វើ​ការងារដដែលៗ តែ​មិនបាន​បង្រៀន​មនុស្ស​ឱ្យបាន​ច្រើន​ពី​វិធីសាស្ត្រ​ឆ្លាត​វៃ​ក្នុងការ​អភិវឌ្ឍ​ការងារ​នោះ ដើម្បី​ចេញ​ឱ្យ​ផុតពី​ពិភព​ការងារ​ដែលមាន​ដែន​កំណត់ និង​គួរឱ្យ​ធុញទ្រាន់​នោះទេ។ អ្នក​ដែល​អាចមាន​សមត្ថភាព​ចេញ​ផុតពី​កន្លែង​ទាំងអស់នេះ ភាគច្រើន​ជាម​នុស្ស​ដែល​ស្វះស្វែង​អភិវឌ្ឍ​ផ្នែក​គំនិត​ដោយ​ខ្លួនឯង និង​ជា​អ្នក​ដែល​ព្យាយាម​ស្វែងយល់​ពី​ខ្លួនឯង​ដោយ​លំបាក ដើម្បី​បំបែក​វិធីសាស្ត្រដដែលៗឱ្យទៅជា​វិធីសាស្ត្រ​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​វិស័យ​ការងារ។

បណ្ឌិត Tony Wagner ដែលជា​សហ​នាយក​នៃ​ក្រុម​ផ្លាស់ប្តូរ​ភាពជា​អ្នកដឹកនាំ​របស់​សាកលវិទ្យាល័យ Harvard បាន​បង្ហាញថា សព្វថ្ងៃនេះ​សាលា​ដែល​បណ្តុះបណ្តាល​កុមារ​គឺមាន​បញ្ហា​ប្រឈម​មួយ​សំខាន់​គឺ កម្មវិធីសិក្សា​មិនទាន់​ឆ្លើយតប​នឹង​អ្វីដែល​ក្មេង​ក្នុងសម័យ​ថ្មី​ត្រូវ​ទទួលបាន​ពិតប្រាកដ។ ពិភពលោក​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស តែ​ប្រព័ន្ធ​អប់រំ​នៅលើ​ពិភពលោក​ដើរ​មិនទាន់​នៃ​ការប្រែប្រួល​នោះឡើយ។ ជា​ឧទាហរណ៍ ពិភពលោក​កំពុង​បង្រៀន​ពី​សេដ្ឋកិច្ច​ឧស្សាហកម្ម តែ​ស្ថានភាព​ពិតប្រាកដ​មនុស្ស​កំពុង​តែ​ដើរ​ដល់​សម័យ​បច្ចេកវិទ្យា​រួច​បាត់ទៅហើយ ដែល​ទាមទារ​ឱ្យ​សិស្ស​ត្រូវតែ​រត់តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ។

ដើម្បី​ជាការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​នៃ​ការអប់រំ បណ្ឌិត Tony Wagner បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា The Global Achievement Gap ដើម្បី​បង្ហាញ​ពីជំនាញ 7យ៉ាង​ដែល​កុមារ​ត្រូវការ​ដើម្បី​រុញច្រាន​ឱ្យ​ពិភព​នៃ​ការធ្វើការ​លើ​ពិភពលោក​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង។ ជំនាញ​ទាំងអស់នេះ នឹង​នៅតែ​អាច​រុញច្រាន​ឱ្យ​មនុស្ស​អាច​រក្សា​លំនឹង​របស់ខ្លួន​លើ​ទីផ្សារការងារ បើទោះបីជា​ពិភពលោក​បាន​វិ​វ​ឌ្ឍ​ដល់​ណាក៏ដោយ។

  1. ជំនាញ​ក្នុងការ​ត្រិះរិះ​ពិចារណា និង​ដោះស្រាយ​បញ្ហា

នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ឯកជន​ទាំងអស់​លើ​ពិភពលោក​ចាំបាច់​ត្រូវតែ​បន្ត​ការអភិវឌ្ឍ​លើ​ផលិតផល ដំណើរ​ការងារ និង​សេវាកម្ម​របស់ខ្លួន ដើម្បី​ធ្វើការ​ប្រកួតប្រជែង។ ហេតុនេះ​ពួកគេ​ត្រូវការជា​ចាំបាច់​នូវ​មនុស្ស​ដែលមាន​ជំនាញ​ក្នុងការ​គិតពិចារណា​ខ្ពស់ ដើម្បី​ស្វែងរក​ចំណុច​ចន្លោះប្រហោង​ដែល​គ្រោះថ្នាក់​សម្រាប់​អាជីវកម្ម​នោះ ហើយ​រៀបចំ​ជា​គម្រោងល្អៗសម្រាប់​ជា​ដំណោះស្រាយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឱ្យបាន​លឿន​ជាងគេ​នៅក្នុង​ទីផ្សារ។

  1. ជំនាញ​គ្រប់គ្រង​ការទំនាក់ទំនង និង​ការដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព

នៅក្នុង​ពិភព​នៃ​ការរស់នៅ និង​អាជីវកម្ម​ក្នុងសម័យ​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញថា ពាណិជ្ជកម្ម​ទាំងអស់​មានការ​កើនឡើង​យ៉ាង​រហ័ស ហើយ​ច្រើន​ប្រភេទ​ស្ទើរតែ​រាប់មិនអស់ ហេតុនេះ​បើ​ចង់ឱ្យ​អាជីវកម្ម ឬ​ក្រុមហ៊ុន​ខ្លាំង ម្ចាស់​ក្រុមហ៊ុន​ចាំបាច់​ត្រូវការ​នូវ​មនុស្ស​ដែល​យល់ដឹង​ពី​ទំនាក់ទំនង​ល្អ​រវាង​ក្រុមហ៊ុន​ដែលមាន​ចរិតលក្ខណៈ​ខុសគ្នា​ដើម្បី​ជួយ​គ្នា​ឱ្យ​កាន់តែ​រីកចម្រើន​ទាំងអស់គ្នា។ ជំនាញ​ទាំងអស់នេះ​ក៏ត្រូវ​ការ​ផងដែរ​នូវ​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​សមត្ថភាព​ក្នុង​ការធ្វើការងារ​ជា​ក្រុម​ដើម្បី​ដឹកនាំ​ក្រុមការងារ​ផ្ទៃក្នុង​ឱ្យមាន​ការរីកចម្រើន។

ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​ដែល​កើតចេញពី​លក្ខខណ្ឌ​ល្អប្រសើរ​ខាងលើ លោក​បណ្ឌិត Wagner បានផ្តល់​យោបល់​ថា អ្នកធ្វើការងារ​ចាំបាច់​ហ្វឹកហាត់​ឱ្យមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ចេះ​រៀបចំ​គម្រោងការ​នានា​ប្រកបដោយ​ក្រុម​សីលធម៌។

  1. ភាពរហ័សរហួន និង​ការ​សម្រប​ខ្លួន

សមត្ថភាព​ក្នុងការ​សម្រប​ខ្លួន និង​ចេះ​ចាប់យក​ជំនាញ​ថ្មី​បាន​លឿន គឺជា​គុណសម្បត្តិ​យ៉ាងសំខាន់​សម្រាប់​មនុស្ស​ដែល​ជោគជ័យ ហេតុនេះ​អ្នកធ្វើការងារ​ចាំបាច់​ត្រូវ​ព្យាយាម​កែច្នៃ​ខ្លួនឯង​ពី​បុគ្គល​ធម្មតា​ដែល​ធ្វើ​ការងារដដែលៗ តាមរយៈ​ការ​បន្សាំ​ខ្លួន​ជាមួយនឹង​អ្នកជំនាញ​ដទៃទៀត ហើយ​កែច្នៃ​នូវ​គុណសម្បត្តិ​ដែល​គេ​មានមក​ធ្វើជា​បទពិសោធ និង​គំនិត​សម្រាប់​អភិវឌ្ឍ​ការងារ​របស់ខ្លួន​ឱ្យ​កាន់តែខ្លាំង​ក្លា​ឡើង។

  1. គំនិត​ផ្តួចផ្តើម និង​ភាពជា​សហគ្រិន

ការផ្តួចផ្តើម​គំនិតថ្មីៗ ឬ​សាកល្បង​ជំរុញ​វា​ឱ្យទៅជា​អាជីវកម្ម បើទោះបីជា​យើង​មានការ​ប្រុង-ប្រយ័ត្ន​យ៉ាងណាក៏ដោយ ក៏​វា​អាច​នៅតែមាន​ចន្លោះប្រហោង ឬ​បរាជ័យ​ដែរ តែ​ទោះជា​យ៉ាងនេះ​ក្តី​អ្នកជំនាញ​បាន​ណែនាំ​ថា ការ​បាន​សាកល្បង​នូវ​គំនិត​បង្កើត​ថ្មី​របស់​យើង​ហើយ​បរាជ័យ​ខ្លះ មុននឹង​វាទ​ទួលបាន​ជោគជ័យ​ប្រសើរ​ជាង​យើង​មិនបាន​ធ្វើ​អ្វី​សោះ។ តាមពិតទៅ អ្នកធ្វើការងារ​ឱ្យគេ​ក៏​អាច​ក្លាយជា​អ្នក​ផ្តួចផ្តើម​គំនិត និង​អនុវត្ត​នូវ​ផ្នត់គំនិត​សហគ្រិន​របស់ខ្លួន​បានដែរ ព្រោះ​គេ​អាចបង្កើត​គម្រោងថ្មីៗដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ដោយ​មិនបាច់​ចំណាយ​ដើមទុន និង​រៀន​ពី​វា​ដោយ​មិន​បារម្ភ​ខ្ពស់​ពី​ហានិភ័យ​ទៀតផង។

  1. ការទំនាក់ទំនង​ដោយផ្ទាល់​មាត់ និង​ការសរសេរ​ប្រកបដោយ​ប្រសិទ្ធភាព

បណ្ឌិត Wagner បាន​និយាយថា មនុស្ស​ខ្លះ​មានគំនិត​ផ្តួចផ្តើម​ល្អ ហើយ​ថែមទាំង​មាន​ភាព​ច្នៃប្រឌិត​ល្អ​បំផុត តែ​ស្នាដៃ​របស់គេ​មិនត្រូវ​បាន​គេ​យកមកប្រើ​ប្រាស់​នោះទេ ហើយ​ទីបំផុត​គាត់​នៅតែ​បរាជ័យ។ ហេតុនេះ​សមត្ថភាព​ក្នុងការ​ធ្វើ​បទ​បង្ហាញ និង​ការសរសេរ​លម្អិត​ពីអ្វី​ដែល​ខ្លួន​មាន​ទៅកាន់​ម្ចាស់ទុន អ្នក​រួម​ការងារ រួមទាំង​អតិថិជន​គឺជា​រឿង​ចាំបាច់​មួយ​សម្រាប់​មនុស្ស​គ្រប់​សម័យកាល មិន​ថា​ស្ថិតក្នុង​យុគសម័យ​ឧស្សាហកម្ម យុគសម័យ​បច្ចេកវិទ្យា ឬ​ក្នុងដំណាក់កាល​វិវឌ្ឍន៍​ណា​ផ្សេងទៀត​នោះ​ថ្ងៃ​អនាគត​នោះទេ។

  1. ការទទួលយក និង​វិភាគ​ព័ត៌មាន

អ្នកធ្វើការងារ​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ​លែង​លំបាក​ជាមួយនឹង​ការស្វែងរក​ព័ត៌មាន​ទៀតហើយ តែ​អ្វី​ដែលជា​កត្តា​ប្រឈម​គឺ​ប្រភពព័ត៌មាន​ច្រើន​ខ្លាំងពេក​ដែល​ចូលមកក្នុង​ជីវិត​របស់​ពួកគេ​ជារៀងរាល់ថ្ងៃ។ សមត្ថភាព​ក្នុងការ​វិភាគ ទាញ​ប្រយោជន៍ និង​ចែករំលែក​ព័ត៌មាន​ដើម្បី​បង្កើន​ភាព​រីកចម្រើន​ស​ម្រា​ប់​ក្រុមការងារ​របស់ខ្លួន ស្ថាប័ន និង​សង្គម​ទាំងមូល​ជា​អ្វីដែល​មនុស្ស​សម័យថ្មី​ត្រូវមាន ដើម្បី​ក្លាយជា​មនុស្ស​ដែល​គេ​ត្រូវការ​បំផុត។

  1. ជីកឫស​ជីក​គល់ និង​មាន​ភាព​ស្រមើស្រមៃ​ខ្ពស់

ភាព​ចង់​ជជីក​ឱ្យដល់​ឫសគល់ និង​ភាព​ស្រមើស្រមៃ​ខ្ពស់ គឺជា​សមត្ថភាព​ដែល​ជំរុញឱ្យមាន​នវានុវត្តន៍ និង​ជា​គន្លឹះ​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា។ បណ្ឌិត Wagner បាន​និយាយថា៖ “យើង ទាំងអស់គ្នា​កើតឡើង​ក្នុង​ភាព​ងឿងឆ្ងល់ ច្នៃប្រឌិត​និង​ស្រមើស្រមៃ។ ជាក់ស្តែង​យើង​អាច​មើលឃើញ​បាន​ថា កូនក្មេង​ដែលមាន​អាយុ​ប្រហែលជា 4ឆ្នាំ​តែងតែ​សួរ​សំណួរ​រាប់រយ​សំណួរ​ក្នុងមួយថ្ងៃៗ ហើយ​ក្មេង​កាន់តែ​ធំ​ទៅ កាន់តែ​ត្រូវការ​ចម្លើយ​ជាច្រើន​សម្រាប់​ការងារ​សាលា​ផង និង​សម្រាប់​ជីវិត​ជាក់ស្តែង​ដែល​គេ​ឃើញ​ផង។ ចម្លើយ​នៃ​ចម្ងល់​ទាំងអស់នោះ បាន​បង្កើតជា​គំនិត ការយល់ដឹង និង​ភាព​ច្នៃប្រឌិត”៕

Advertisement