GPE ផ្តល់ជំនួយ​ជាង 20លាន​ដុល្លារ អភិវឌ្ឍ​គុណភាព​អប់រំ​ថ្នាក់បឋមសិក្សា

មូលដ្ឋានគ្រឹះ​សំខាន់បំផុត​សម្រាប់​ការកសាង​អនាគត​ធនធានមនុស្ស គឺ​ពង្រឹងសមត្ថភាព​ក្នុងការ​បណ្តុះបណ្ដាល​ថ្នាក់បឋមសិក្សា ព្រោះ​និស្សិត ឬ​ធនធានមនុស្ស​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យទាំងអស់​នៅក្នុង​ប្រទេស​សុទ្ធតែ​កើតចេញពី​កុមារ។ នៅពេលដែល​កុមារ​តូច​ត្រូវបាន​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព នោះ​អ្នក​អប់រំ​នៅថ្នាក់ខ្ពស់ៗនឹង​លែងមាន​បញ្ហា​ប្រឈម​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​សិស្ស​ឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​តទៅទៀត ហើយ។

ផ្តោតលើ​មូលដ្ឋាន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឱ្យ​កាន់តែខ្លាំង​ដើម្បី​បណ្តុះបណ្តាល​កុមារ​តូច នៅ​កម្រិត​បឋមសិក្សា ដោយ​បង្កើន​កិច្ចសហការ​ល្អជា​មួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន។ ដោយ​មើលឃើញ​ពិ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ​ក្រុមប្រឹក្សាភិបាល​នៃ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) បានអនុម័ត​ហិរញ្ញប្បទាន​ឥណទាន​ឥត​សំណង​ក្នុង​ទឹកប្រាក់​ចំនួន​ប្រមាណ 20.6លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​ថ្នាក់បឋមសិក្សា។

គោលបំណង​សំខាន់​នៃ​ការ​ផ្តល់ជំនួយ​នេះ គឺ​ជួយ​ទ្រទ្រង់​កុមារ​មកពី​គ្រួសារ​លំបាក​ឱ្យទទួល​បានការ​បណ្តុះបណ្តាល​ស្មើគ្នា ជាពិសេស​កុមារ​នៅ​ទីជនបទ។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏នឹង​ជួយ​វិស័យ​អប់រំ​ឱ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការបង្រៀន​របស់លោក​គ្រូ-អ្នកគ្រូ ពង្រឹង​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​មន្ត្រី​អប់រំ​នៅតាម​សាលារៀន និង​ការផ្តល់សេវា​អប់រំ​តាម​មូលដ្ឋាន និង​ថ្នាក់ជាតិ​ជាដើម។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែងថា ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​វិស័យ​អប់រំ​តាំងពី​ឆ្នាំ2006 មក​ម្លេ​៉ះ ហើយ​ការគាំទ្រ​នេះ​បានផ្តល់​លទ្ធភាព​ឱ្យ​ក្រសួង​អប់រំ​អាច​ពង្រីក និង​ពង្រឹងគុណភាព​គ្រូបង្រៀន​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង និង​ជួប​ដល់​កុមារ​ដែល​ជួប​ទុក្ខលំបាក​ឱ្យមាន​លទ្ធភាព​ទទួលបាន​ការរៀនសូត្រ និង​រីកចម្រើន។

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី3 ហើយ​ដែល​ស្ថាប័ន​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មក​កម្ពុជា ដោយ​ក្នុងនោះ​ស្ថាប័ន​យ៉ាងសំខាន់​នេះ​ក៏បាន​បង្កើន​កិច្ចសហការ​ល្អ​ផងដែរ​ជាមួយនឹង​អង្គការ​ពាក់ព័ន្ធ​នានា​ដែល​ធ្វើការ​ងារ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា៕

Advertisement