កម្ពុជា​ត្រូវការ​មនុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត និង​បង្កើត​អ្វីដែល​ថ្មី

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

គំនិត​ច្នៃប្រឌិត ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​មនុស្ស និង​រុញច្រាន​ពិភពលោក​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​កាន់តែ​ប្រសើរឡើង តាមរយៈ​សមិទ្ធផល​ប្រកបដោយ​គុណ​តម្លៃ​នានា​ដែល​ត្រូវបាន​គេ​ផលិតឡើង​តាមរយៈ​គំនិតប្លែកៗទាំងអស់នោះ។

នៅ​កម្ពុជា ក្រៅពី​ជំរុញ​យុវជន​ជំនាន់​ថ្មី​ឱ្យ​ស្រឡាញ់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត STEM និង​ជំនាញ​បច្ចេកទេស​ដើម្បី​បំពេញ​ទីផ្សារការងារ និង​ទាក់ទាញ​ការវិនិយោគ​ហើយ​នោះ ជំនាញ​ច្នៃប្រឌិត ឬ​នវានុវត្តន៍​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ ព្រោះ​ជំនាញ​នេះ​អាច​ជំរុញ​ប្រទេស​យើង​ឱ្យមាន​សម្ទុះ​លឿន ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ ជា​ចំណុច​ចាប់ផ្តើម​យ៉ាងសំខាន់​មួយ​ដែល​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កម្ពុជា ព្យាយាម​ប្រើប្រាស់​ចំណេះដឹង​ពិតប្រាកដ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​បោះជំហាន​ទៅជា​ប្រជាជន​សកម្ម ឬ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​កម្ពុជា។ ចាប់ផ្តើម​ពី​មូលដ្ឋានគ្រឹះ​នៃ​ការអប់រំ ពី​ថ្នាក់មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា សិស្ស-និស្សិត​កម្ពុជា​គួរ​ចាប់ផ្តើម​បង្កើតជា​ក្លិប​សិក្សា ឬ​ផ្លាស់ប្តូរ​របៀប​សិក្សា​ពី​ការរៀន​បែប​ធម្មតា មក​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​បំបែកចេញ​ជា​គំហើញថ្មីៗទាក់ទង​នឹង​វិស័យ​វិទ្យាសាស្ត្រ​ដើម្បី​ជួយ​ដោះស្រាយបញ្ហាសំខាន់ៗនៅក្នុង​សង្គម។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “សិស្ស-និស្សិត​គួរ​ចាប់ផ្តើម​សិក្សា​ឱ្យដល់​ឬ​សគល់​នៃ​ចំណេះដឹង ហើយ​ព្យាយាម​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ដើម្បី​យក​ទ្រឹស្តី ទាំងនោះ ទៅ​បង្កើតជា​សមិទ្ធផល ឬ​គំហើញ​ថ្មី។ វិស័យ​កសិកម្ម ក៏​ជា​វិស័យ​សំខាន់​មួយ​ដែរ និស្សិត​គួរ​ស្រាវជ្រាវ​ថា ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ទទួលបាន​ទិន្នផល​ច្រើន ហើយ​មាន​វិធី​ឆ្លាត​វៃ​អ្វីខ្លះ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ក្នុងការ​រស់នៅ​ជាដើម។

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​យើង​មាន​ធនធានមនុស្ស​ដែល​អាចមាន​សមត្ថភាព​ក្នុងការ​បង្កើត​អ្វីដែល​ថ្មី​បាន ពួកគេ​ក៏​អាច​សហការ​ជាមួយនឹង​អ្នកជំនាញ ឬ​បង្កើត​វា​ទៅជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SME)ឡើង​ដើម្បី​ទាក់ទាញ​ធនធានមនុស្ស​បាន​ច្រើន​ថែម​ទៀតផង។ ម្យ៉ាងវិញទៀត ការបង្កើត​អ្វីដែល​ថ្មី និង​មានគំនិត​ច្នៃប្រឌិត រួមទាំង​ភាពជា​អ្នកដឹកនាំ​ផង ក៏​ជា​គុណសម្បត្តិ​ពិសេស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចាប់អារម្មណ៍​កាន់តែខ្លាំង​នៅ​កម្ពុជា​ព្រោះ​អ្នកវិនិយោគ​បាន​សម្លឹង​ឃើញ​ពី​លក្ខណៈពិសេស​របស់​កម្ពុ​ជា​ជាច្រើន តែ​ពួកគេ​ក៏​ត្រូវការ​ធនធានមនុស្ស​ដែល​អាចធ្វើ​ការងារ​បាន និង​យល់​ពី​គេ​បាន​ច្រើន​ផងដែរ។

យុវជនមួយក្រុមកំពុងសង្កេតមើលស្នាដៃផ្នែកបច្ចេកវិទ្យាបង្កើតថ្មី

សហគ្រិន​កម្ពុជា ដែល​បាន​បង្កើត​សមិទ្ធផល​ឥដ្ឋ​បរិស្ថាន និង​គម្រោង​ផ្ទះ​តាម​ក្តី​ប្រាថ្នា លោក​ហាវ គង់​ងី បាន​លើកឡើងថា នវានុវត្តន៍​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះ​នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ប្រជាជន​ជាច្រើន​មិនអាច​ប្រើប្រាស់​ផលិតផល​ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​បង្កើត ដូចជា​ទូរស័ព្ទ​ទំនើប ឬ​សម្ភារ​ប្រើប្រាស់ផ្សេងៗដែលមាន​តម្លៃថ្លៃៗនោះទេ តែ​ត្រូវការ​ជំនួយពី​នវានុវត្តន៍សំខាន់ៗមួយចំនួន​ដែល​ត្រូវ​នឹង​កម្រិតជីវភាព​របស់​ពួកគាត់។ អ្វីដែល​យើង​គួរ​ធ្វើ គឺ​ស្វែងរក​គំហើញ​ថ្មី ឬ​ផលិតផល​ណា​ដែល​ចំណេញ​ដល់​ការរស់នៅ​របស់​មនុស្ស​នៅក្នុង​សង្គម​ទូទៅ ឬ​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង ទាំង​អ្នកមាន​ជីវភាព​ធូរធារ និង​អ្នកមាន​ជីវភាព​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម។

លោក ហាវ គង់​ងី បាន​និយាយថា ៖ “សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បាន​រកឃើញថា ប្រជាជន​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​ត្រូវការ​លំនៅឋាន តែ​លទ្ធភាព​នៃ​ប្រាក់ចំណូល​របស់គាត់​មិនអាច​ធ្វើឱ្យ​គាត់ទទួលបាន​លំនៅឋាន​ដោយ​ងាយស្រួល​នោះទេ ហេតុនេះ​ការបង្កើត​ឥដ្ឋ​បរិស្ថាន​ឡើង គឺ​ដើម្បី​កាត់បន្ថយ​ចំណាយ​សម្រាប់​អ្នក​សាងសង់ និង​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​សង់ផ្ទះ​ឡើង​បាន​ក្នុងតម្លៃ​ធូរ​ថ្លៃ​សម្រាប់​ប្រជាជន​ដែលមាន​កម្រិតជីវភាព​មធ្យម។

ស្ថាបនិក​នៃ​នវានុវត្តន៍​ដ៏​មាន​សារៈសំខាន់​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា យើង​គួរ​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ថ្មី​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ពី​ការស្វែងរក​របកគំហើញថ្មីៗដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​រស់នៅ​របស់​មនុស្ស  ព្រោះ​ចាប់ផ្តើម​ពី​ការចូលរួមចំណែក​ពី​នវានុវត្តន៍ល្អៗ ប្រជាជន​នៅ​ទីជនបទ ឬ​ប្រជាជន​ដែលមាន​លទ្ធភាព​តិចតួច​ក៏​អាច​ទទួលបាន​នូវ​ឧបករណ៍​នានា​សម្រាប់​សម្រួល​ដល់​ការរស់នៅ ដែល​អាចធ្វើឱ្យ​គាត់​ចំណាយ​តិច និង​បង្កើត​ចំណូល​បាន​ច្រើន។

យុវជន​ដែល​បាន​ស្រាវជ្រាវ​រកឃើញ​កង្ហារ​ឆ្លាត​វៃ ដែលមាន​សមត្ថភាព​ក្នុង​ការជួយ​ដល់​ប្រជាជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ លោក សៀន ផា​លីន​ហួរ បាន​លើកឡើងថា នៅក្នុង​សង្គម​មាន​បញ្ហាច្រើនណាស់​ដែល​ទាមទារ​ឱ្យមាន​ដំណោះស្រាយ។ ហើយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់នោះ​ប្រកបដោយ​ភាព​ឆ្លាត​វៃ អ្នកបង្កើត​នវានុវត្តន៍ គួរតែ​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដើម្បី​ជួយ​ដល់​ប្រជាជន និង​ធ្វើយ៉ាងណា​ឱ្យ​សមិទ្ធផល​របស់ខ្លួន​ក្លាយជា​របស់​ដែល​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​មានតម្លៃ​សមរម្យ តែ​បាន​ផលប្រយោជន៍​ច្រើនជាង​មុន។

លោក សៀន ផា​លីន​ហួរ បាន​និយាយថា ៖ “ជា​ឧទាហរណ៍​ជាក់ស្តែង​យើង​ឃើញ​ហើយ​ថា មនុស្ស​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ឬ​អ្នក​នៅ​តំបន់​ជនបទ​គាត់​មិនមាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​នោះទេ​ព្រោះ​វា​មានតម្លៃ​ថ្លៃ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គាត់​ចង់បាន​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាចជួយ​ឱ្យ​គាត់​មាន​ភាពងាយស្រួល​ដែរ។ ហេតុនេះ​ការបង្កើត​កង្ហារ​ឆ្លាត​វៃ​ដែលមាន​មុខងារ​ច្រើន និង​តម្លៃ​សមរម្យ​សម្រាប់​ពួកគាត់ គឺអាច​ជួយ​គាត់​ឱ្យមាន​ការរស់នៅ​កាន់តែ​ប្រសើរ នៅក្នុង​សង្គម​ដែលមាន​ការអភិវឌ្ឍ​លឿន​ផ្នែក​បច្ចេកវិទ្យា។

បើតាម​លោក សៀន ផា​លីន​ហួរ នវានុវត្តន៍​ដែល​បាន​គិតគូរ​ល្អិតល្អន់ ពី​ផលចំណេញ​សម្រាប់​អ្នកប្រើប្រាស់ នឹង​អាច​ជំ​រុញឱ្យ​ប្រទេស​យើង​កាន់​តែមាន​លក្ខណៈ​ឆ្លាត​វៃ ហើយ​ការរស់នៅ​របស់​ប្រជា​ជន​ក៏​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ៕

Advertisement