ចិន និង​អាមេរិក ជា​ប្រទេស​ដែល​បោះពុម្ព​សៀវភៅ​ចេញ​ច្រើនជាងគេ​លើ​ពិភពលោក

ទោះបីជា​ពិភពលោក​ក្នុងសម័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ​មានការ​ប្រែប្រួល​យ៉ាង​លឿន​ដែល​ធ្វើឱ្យ​មនុស្ស​មួយចំនួនធំ​មាន​ភាព​រវល់​ខ្លាំង​ហើយ​ការកម្សាន្ត​កាន់​តែមាន​ច្រើន​សម្រាប់​មនុស្សក្តី ក៏​ការអាន​នៅតែ​ជា​អាហារ​គំនិត​ដែល​មនុស្ស​ត្រូវការ។ សៀវភៅល្បីៗជាច្រើន​ត្រូវបាន​គេ​រកឃើញថា បាន​លក់​ចេញ​រាប់លាន​ក្បាល ហើយ​សៀវភៅ​ខ្លះ​ក៏​អាច​រក្សា​ប្រជាប្រិយភាព​បានច្រើន​ឆ្នាំ​ទៀតផង។

ចាប់ពី 2ឆ្នាំមុន​រហូតមកដល់​បច្ចុប្បន្ន គេ​សង្កេតឃើញថា​អ្នក​បោះពុម្ពផ្សាយ​បានចេញ​ផ្សាយ​សៀវភៅ​ប្រមាណ 1.6លាន​ក្បាល​នៅលើ​ពិភពលោក ហើយ​ក្នុងនោះ​សៀវភៅ ប្រមាណ​ជាង80ម៉ឺន​ក្បាល​ត្រូវបាន​គេ​រកឃើញថា​មកពី​ប្រទេសធំៗចំនួន2 គឺ​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

យោងតាម​ទិន្នន័យ​របស់​សមាគម​បោះពុម្ពផ្សាយ​អន្តរជាតិ (IPA: International Publishers Association) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Geneva បាន​បញ្ជាក់ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ជា​ប្រទេសមួយ​ដែល​បោះពុម្ព​សៀវភៅ​ចេញ​ច្រើនជាងគេ លើ​ពិភពលោក​ក្នុង​រយៈពេលថ្មីៗនេះ។

របាយការណ៍​ដែល​បានបង្ហាញ​ផងដែរ​ថា នៅក្នុង​ចំណោម​សៀវភៅ​ទាំងអស់​ដែល​ត្រូវបាន​គេ​បោះពុម្ពផ្សាយ​នៅលើ​ពិភពលោក មាន​ចំណែក​ពី​ប្រទេស​ចិន​ចំនួន 28% និង​សហរដ្ឋអាមេរិក​ចំនួន 20%។ បើ​គិត​ជារួម​ប្រទេស​ទាំងពីរ​នេះ បាន​បោះពុម្ព​សៀវភៅ​ប្រមាណ 48% គឺ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​សៀវភៅ​ដែល​ត្រូវបាន​ចេញផ្សាយ​ក្នុង​ពិភពលោក​ទាំងមូល។

ចំនួន​ដែល​ត្រូវបាន​រាប់​ក្នុង​របាយការណ៍​នេះ គឺ​រាប់បញ្ចូល​ទាំង​ការបោះពុម្ព​សាជាថ្មី ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ។ ហើយ​តាមរយៈ​ទិន្នន័យ​នេះ​បានបង្ហាញ​ឱ្យឃើញថា ចិន​បោះពុម្ពផ្សាយ​សៀវភៅ​ចំនួន 470ពាន់​ក្បាល ខណៈ​អាមេរិក​បានចេញ​ផ្សាយ​សៀវភៅ​ចំនួន 339ពាន់​ក្បាល ដែល​តាម​ពីក្រោយ​ដោយ​ចក្រភព​អង់គ្លេស​ដែល​ចេញផ្សាយ​ចំនួន 173ពាន់​ក្បាល និង​បារាំង​ចំនួន 106.8ពាន់​ក្បាល។

យោងតាម​ឯកសារ​ដ៏​សំខាន់​នេះ យើង​សង្កេតឃើញថា ប្រទេស​ដែល​បាន​បោះពុម្ពផ្សាយ​សៀវភៅ​ច្រើនជាងគេ​លើ​ពិភពលោក​ភាគច្រើន​ជា​ប្រទេស​ដែលមាន GDP ខ្ពស់ៗបំផុត​លើ​ពិភពលោក។

ស្របតាម​គំនិត​នេះ​គេ​អាច​ទាញ​ចេញ​ជា​សេចក្តី​សន្និដ្ឋានថា ការអាន​អាច​ជំរុញ​មនុស្ស​ឱ្យមាន​គុណភាព​នៃ​ជីវិត​ខ្ពស់ ដែល​អាច​ចូលរួមចំណែក​បាន​យ៉ាងខ្ពស់​ក្នុងការ​អភិវឌ្ឍ​គុណភាព​សង្គម តាមរយៈ​ការអប់រំ។

ទិន្នន័យការបោះពុម្ពសៀវភៅរបស់ប្រទេសមួយចំនួន

តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​ដែលជា​ទីផ្សារ​សៀវភៅសំខាន់ៗទាំង 25 ចិន​ស្ថិតក្នុង​ពិន្ទុ​ទាប​លើ​ការចេញ​ចំណងជើងថ្មីៗដែល​ក្នុង​ចំនួន​មនុស្ស​មួយ​លាន​នាក់ ប្រទេស​ចិន​បានចេញ​សៀវភៅ​ដែលជា​ចំណងជើង​ថ្មី​ចំនួន​ត្រឹមតែ 335ចំណងជើង​ប៉ុណ្ណោះ ខណៈ​អាមេរិក​បានចេញ​សៀវភៅ​ថ្មី​ចំនួន 1,043ចំណងជើង ក្នុងចំណោម​មនុស្ស​មួយ​លាន​នាក់៕

Advertisement