Vespa សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី 2 ម៉ូ​ដែល​ក្នុង​ទីផ្សារ​កម្ពុជា

ក្រោយ​ជោគជ័យ​លើ​ទីផ្សារ​ម៉ូតូ​បែប​ប្រណីត​រួចមក ក្រុមហ៊ុន Narita Vespa Cambodia  ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ម៉ូតូ Vespa បានធ្វើ​ការដាក់​សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី​គឺ Vespa Primavera និង Sprint មក​ក្នុង​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការបំពាក់​បច្ចេកវិទ្យា​ទំនើប កម្លាំង​ខ្លាំង តែ​ស៊ីសាំង​តិចជាង​មុន។

លោក ឡុង ណា​រិ​ទ្ធ អគ្គនាយក​ក្រុមហ៊ុន​ណា​រីតា វេស្ប៉ា បានឱ្យដឹងថា ម៉ូតូ​ដែល​ក្រុមហ៊ុន​ទើប​ដាក់​បង្ហាញ​នេះ វា​ជា​ម៉ូតូ​ជំនាន់​ថ្មី​ដ៏​ទំនើប ត្រូវបាន​ផលិតឡើង​តាម​បច្ចេកវិទ្យា​របស់​អ៊ីតាលី មាន​សមត្ថភាព​អាច​បើកបរ​កាន់តែ​ប្រសើរ ស៊ីសាំង​តិច សំឡេង​ស្ងាត់ និង​មាន​លំនឹង​ល្អ​ទោះ​បើកបរ​ក្នុងស្ថានភាព​ផ្លូវ​បែបណាក៏ដោយ។ មួយវិញទៀត ម៉ូតូ​ទាំងពីរ​នេះ​ក៏មាន​បំពាក់​នូវ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ABS និង​មាន​ប្រភេទ​ម៉ាស៊ីន ដែល​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​កើតចេញពី​ការបញ្ចេញ​ផ្សែង​ពុល​ទៀតផង។

ក្នុង​ឆ្នាំ 2014 ម៉ូតូ​ទាំង​ពីរបាន​ចាប់បដិសន្ធិ​ឡើង​សម្រាប់​ជំនួស​ឱ្យ​ម៉ូ​ដែល Vespa ស៊េរី​ចាស់​ដែលមាន​ទំហំតូចៗ ហើយ​ត្រូវបាន​កែលម្អ​លក្ខណៈ​បច្ចេកទេស​ដូចគ្នា​ទាំងអស់ ខុស​តែ​ការ​រចនា​រូបរាង​មួយចំនួន​តែប៉ុណ្ណោះ ដោយ Vespa Primavera នេះ​មាន​ចង្កៀង​មុខ​មូល ខណៈ​Sprint មាន​ចង្កៀង​មុខ​ជ្រុង។ ម៉ូតូ Vespa Primavera និង Sprint ត្រូវបាន​បំពាក់​នូវ​ម៉ាស៊ីន​កម្លាំង 2 ជម្រើស 125cc និង 150 cc ហើយ​មាន​រង្វង់​កង់ 12 អ៊ី​ញ។ ក្រៅពីនេះ​វា​ក៏មាន​រន្ធ USB សម្រាប់​ការ​សាក​ថ្ម​ទូរស័ព្ទ និង​មាន​ប្រអប់​សម្រាប់​ដាក់​ឥ​វ៉ាន់​ធំ​ទូលាយ រួម​នឹង​បំពាក់​ប្រព័ន្ធ​ការពារ​ចោរលួច​ដ៏​ទំនើប​ផងដែរ៕

 

 

Advertisement