រដ្ឋមន្ត្រី​អប់រំ​ថា សិស្ស​មាន​ពេល​ត្រៀម 5ឆ្នាំ ដូច្នេះ​គ្មាន​ហេតុផល​ត្រូវ​បន្ធូរ ឬ​ប្រឡង​លើក​ទី2ទេ

ការប្រឡង​បាក់ឌុប ជាការ​ប្រឡង​ដ៏​សំខាន់​មួយ​ដែល​កំពុង​សិ្ថ​ត​ក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន ជាពិសេស​គឺ​បេក្ខជន​ដែល​ត្រូវ​ប្រឡង​ផ្ទាល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

ជា​រៀងរាល់ឆ្នាំ សិស្ស​មួយចំនួនធំ​តែងតែ​អ៊ុត​មើលថា តើ​ឆ្នាំនេះ​ក្រសួង​នឹងមាន​ការបន្ធូរបន្ថយ ចេញ​វិញ្ញាសា​ធូរ​ជាង​ឆ្នាំមុន ឬក៏​បង្កើន​ការ​រឹតបន្តឹង​បន្ថែម ខណៈ​សិស្ស​មួយចំនួនទៀត​មិន​ខ្វល់​ពី​រឿងនេះ​ប៉ុន្មាន​ឡើយ ព្រោះ​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ក៏​មិនអាច​បើក​មើល​សំណៅ​ឯកសារ​បានដែរ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​នៅតែ​បន្ត​រក្សា​វិន័យ​យ៉ាង​តឹងរ៉ឹង​ដដែល ហើយ​វិញ្ញាសា​ទៀតសោត គឺ​សិ្ថ​ត​ក្នុង​ស្តង់ដារ​មួយ​ដែល​អាច​ប្រៀបធៀប​គ្នា​បាន គ្មាន​ការបន្ធូរបន្ថយ ឬ​ចេញ​វិញ្ញាសា​ដែល​ខុសគ្នា​ដាច់​ឆ្ងាយ​ពី​បណ្តាឆ្នាំមុនៗនោះទេ បើទោះបីជា​មានការ​រឹតបន្តឹង​ច្បាប់​ក្នុងពេល​ប្រឡង​យ៉ាង​ហ្មត់ចត់​ក៏ដោយ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «បើ​រាប់​ពី​ពេលដែល​យើង​រឹតបន្តឹង​ការប្រឡង​មក យើង​ឃើញថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី5ហើយ ដែល​សិស្ស​អាច​ត្រៀមខ្លួន​បាន។ នៅ​ឆ្នាំនេះ​សិស្ស​អាចមាន​ពេលវេលា​ច្រើន​ក្នុង​ការត្រៀម និង​ខិតខំ​ប្រឹងប្រែង ហេតុនេះ​គ្មាន​ការប្រឡង​លើក​ទី2 ទេ»។

រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ផងដែរ​ថា ការរៀបចំ​ប្រឡងម្តងៗគឺ​ត្រូវ​ចំណាយ​ថវិកា​រហូតដល់​ទៅ​ប្រមាណ 5លាន​ដុល្លារ​ឯណោះ ព្រោះ​ត្រូវ​ចំណាយ​លើ​ការ​ដំណើរការ​មណ្ឌល​ប្រឡង​ផង ទិញ​សម្ភារ​ដូចជា​ក្រដាស ប៊ិក​ហ្វឺត និង​សម្ភារផ្សេងៗផង ឧបត្ថម្ភ​ដល់​មន្ត្រី​អប់រំ ទាំង​អនុរក្ស និង​ពេលធ្វើ​កំណែ​ផង និង​សន្តិសុខ​ខ្លះទៀត ដោយ​នេះ​មិនទាន់​រាប់​ពី​ការចំណាយ​លើ​កម្លាំង​សន្តិសុខ​ដែល​អាជ្ញាធរ​ដែនដី​ដែល​គាត់​ដាក់​កម្លាំង​ជួយ​ការពារ​ផង។

លុយ 5លាន​ដុល្លារ​នេះ បើ​យកទៅ​ទិញ​សម្ភារ កុំព្យូទ័រ​ដាក់​សាលា ឬ​បរិក្ខារ​អប់រំ​ដទៃទៀត​បាន​ច្រើនណាស់ ហេតុនេះ​យើង​មិនអាច​មានការ​រៀបចំ​ប្រឡង​ជា​លើក​ទី2 នោះទេ ម្យ៉ាង​ក្រសួង​អប់រំ ក៏បាន​គិតគូរ និង​ជួយ​សិស្ស​ច្រើន​ដែរ​តាមរយៈ​ការជួយ​សង្ខេប​មេរៀន បង្កើន​ក្លិប​សិក្សា រួមទាំង​បង្កើត​ប្រព័ន្ធ​សិក្សា​តាម​បច្ចេកវិទ្យា​ដែល​សិស្ស​អាចធ្វើ​តេស្ត​សមត្ថភាព​ខ្លួនឯង​ជាដើម៕

Advertisement