ង៉ែត សុខ​ឡា ៖ ឈ្នះ​អ្វី​គ្រប់យ៉ាង​ដោយ​ចាប់ផ្តើម​ពី​ការយក​ឈ្នះ​ខ្លួនឯង

នៅក្នុង​ដំណើរ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ មនុស្ស​គ្រប់គ្នា​តែង​ប្រាថ្នា​ចង់បាន​ភាព​ថ្កុំថ្កើង មានមុខមាត់ មាន​កិត្តិយស និង​ក្លាយជា​មនុស្ស​មាន​ឥទ្ធិពល​ជាដើម។ តែ​ជាទូទៅ អ្វី​ទាំងអស់នោះ​មិនមែន​បានមក​ដោយ​ងាយ​នោះទេ ហើយ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​អាច​សម្រេច​បំណងប្រាថ្នា​របស់ខ្លួន​បាន ខណៈ​មនុស្ស​ជាច្រើន​ទៀត​ព្យាយាម​ស្ទើរ​ពេញ​មួយជីវិត តែ​មិនអាច​ទទួលបាន ឬ​ទទួលបាន​ត្រឹមតែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ។

នៅ​សប្តាហ៍​នេះ​អ្នកយកព័ត៌មាន​នៃ​កាសែត ​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក ង៉ែត សុខ​ឡា អ្នកនិពន្ធ​សៀវភៅ I Set My Mind to win 101 ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា វិធីសាស្ត្រ 101យ៉ាងដែលជា​សៀវភៅ​បង្ហាញ​ពី​វិធីសាស្ត្រ​កសាង​ភាពល្អប្រសើរ​ក្នុងការ​រស់នៅ​ដោយ​ចាប់ផ្តើម​ពី​ការកសាងខ្លួនឯង ដើម្បី​យកឈ្នះ​ខ្លួនឯង ដែល​យើង​នឹង​បង្ហាញ​លម្អិត​ពី​គន្លឹះសំខាន់ៗក្នុងការ​និពន្ធ​ស្នាដៃ​យ៉ាង​មាន​ប្រជាប្រិយភាព និង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​កម្ពុជា ដែល​ភាគច្រើន​ជា​យុវជន។

លោក ង៉ែត សុខឡា អ្នកនិពន្ធ​សៀវភៅ I Set My Mind to win 101

1. តើ​មូល​ហេតុអ្វី​ទើប​លោក​និពន្ធ​សៀវភៅ I Set My Mind to Win 101 នេះ​ឡើង?
បើ​និយាយ​ពី​ការសរសេរ​សៀវភៅ ខ្ញុំ​នឹកឃើញ​រឿង​មួយចំនួន​ដែល​ពីមុនមក​ខ្ញុំ​គ្រាន់តែ​ជា​ក្មេង​ក្នុង​ត្រកូល​កសិករ​ម្នា​ក់នៅ​ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជា​ភូមិ​លិច​ទឹក និង​ត្រូវធ្វើ​ដំណើរ​យ៉ាង​លំបាក​ដើម្បី​ទៅ​រៀន​ដោយ​ឆ្លង​ភក់​ជា​រៀងរាល់ថ្ងៃ។ នៅពេលនោះ ខ្ញុំ​មិនដែល​មានគំនិត​ថា​ចង់​ក្លាយជា​អ្នកនិពន្ធ​នោះទេ តែ​ក្រោយមក​នៅពេលដែល​ខ្ញុំ​ធំ​ឡើង ហើយ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ខ្ញុំ​នឹក​ឃើញថា​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ចែករំលែក​ដល់ក្មេងៗជាច្រើន​ផ្សេងទៀត​ឱ្យមាន​ការតស៊ូ​ក្នុង​ជីវិត និង​ជំរុញឱ្យ​មនុស្ស​មាន​សីលធម៌​ល្អ​ក្នុង​ការរស់នៅ។ ហេតុនេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវតាមរយៈ​ការអាន​ឯកសារ​ជាច្រើន​ពាក់ព័ន្ធនឹងការកសាង​ខ្លួនឯង ទាំង​ផ្នែក​ផ្លូវចិត្ត និង​ចំណេះដឹង​ខាងក្រៅ​ផ្សេងទៀត ស្រប​ពេលដែល​ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​រាប់រយ​សិក្ខាសាលា ដើម្បី​ទទួលបាន​គំនិត​សរសេរ។

តែ​ទោះជា​យ៉ាងនេះ​ក្តី គ្រាន់តែ​អាន និង​ចូលរួម មិនបាន​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​អ្នកសរសេរ​ម្នាក់​នោះទេអ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​លទ្ធផល​គឺ​ចាប់ផ្តើមពី​ការ​កត់​ទុក​នូវ​អ្វីដែល​ខ្ញុំ​បាន​អាន រួមទាំងគំនិតល្អៗដែលកើតចេញពី​ការចូលរួម​ក្នុង​កម្មវិធីសំខាន់ៗជាច្រើន។ ម្យ៉ាងវិញទៀត គំនិត​ទាំងអស់នោះ​កើតចេញពី​ការអនុវត្ត​ការងារ​ជាក់ស្តែង​នៅពេលដែល​ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​យុវជន ដូចជា​គម្រោង​បង្រៀន​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ជាមួយ​និស្សិត​នៅ​មហាវិទ្យាល័យ និង​នៅតាម​សហគមន៍។ បទពិសោធ​សំខាន់​មួយ​ផ្សេងទៀត​នោះ​គឺ​ខ្ញុំ​ទទួលបាន​នៅពេលដែល​ខ្ញុំ​ធ្វើជា​ប្រធានសភា​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​ពេលនោះ​គឺត្រូវធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​ដល់​យុវជន​ដើម្បី​ក្លាយជា​ធនធាន​ដែលមាន​សមត្ថភាព និង​ធ្វើ​ការងារ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម។ ស្របពេល​ជាមួយគ្នានេះ ខ្ញុំ​និពន្ធ​សៀវភៅ​នេះក្នុង​គោលបំណងសំខាន់ៗចំនួន 3យ៉ាង​គឺ

ទី1 ខ្ញុំ​ចង់​ជួយ​ដល់​មូល​និ​ធិ KP Foundation ដែលជា​មូលនិធិ​អាហារូបករណ៍​របស់លោក​តា​បណ្ឌិត កុល ផេង សម្រាប់​ជួយ​ដល់​និស្សិត​ក្រីក្រ​នៅ​គ្រប់​ទីកន្លែង។ ស្រប​ពេលដែល​លោកតា​បណ្ឌិត កុល ផេង ចង់​បង្កើត​ផលិតផល​សំខាន់​សម្រាប់​មូលនិធិ​នេះ លោក​បាន​គិតថា ផលិតផល​របស់​មូល​និ​ធិ​សម្រាប់​ការអប់រំ គឺ​មានតែ​សៀវភៅ​ទេ ហេតុនេះ​ស្របពេល​ដែល​ខ្ញុំ​មាន​ស្នាដៃ​សៀវភៅ ខ្ញុំ​ក៏បាន​ប្រគល់​ស្នាដៃ​នេះ​ជូន​ជា​ផលិតផល​របស់ KP Foundation នេះ​តែម្តង។

ទី2 ខ្ញុំ​គិតថា ខ្ញុំ​ជា​កូនអ្នកក្រ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការលំបាក​ជាច្រើន​ដើម្បី​ទទួលបាន​ការអប់រំ​នៅ
ពេលនេះ ហើយ​ក្នុងភូមិ​របស់ខ្ញុំ​ដោយសារតែ​ជា​ភូមិ​ដែល​លិច​ទឹក 6ខែ និង​គោក 6ខែ បញ្ហា​នេះ​ធ្វើឱ្យ​យុវជន​នៅ​តំបន់​នោះ​តិចតួច​ប៉ុណ្ណោះ​អាច​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ។ ហេតុនេះ​នៅ
ពេលដែល​ខ្ញុំ​បានទទួល​ការអប់រំ ខ្ញុំ​ចង់​បង្កើត​ស្នាដៃ​
ដើម្បី​លើកទឹកចិត្ត​ដល់​ឪពុកម្តាយ​ខ្ញុំ​ឱ្យ​គាត់​មាន
សង្ឃឹម និង​ជា​គំរូ​មួយ​សម្រាប់​ការយកចិត្តទុកដាក់​ពី​ការអប់រំ។

ទី3 ខ្ញុំ​ចង់​ពង្រីក​គំនិត និង​ជំរុញ​ការអាន​នៅ​កម្ពុជា ព្រោះ​ការអាន​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​និស្សិត​ទាំង​ការប្រើប្រាស់​ពាក្យ វេ​យ្យ-
ក​រណ៍ និង​គំនិត​អប់រំ​ផ្លូវចិត្ត។

2. ហេតុអ្វី​បានជា​លោក​ដាក់​ចំណងជើង​សៀវភៅ​នេះ​ថា I Set My Mind to Win 101? ហើយ​សៀវភៅ​នេះ​ផ្តល់​គុណ​តម្លៃ​អ្វីខ្លះ​ដល់​អ្នកអាន?
ខ្ញុំ​ដាក់​ចំណងជើង​ថា I Set My Mind to Win
101 នេះ​គឺ​ចង់​ជំរុញ​ឱ្យ​មនុស្ស​កំណត់​គោលការណ៍​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​តាមរយៈ​ការ-
យក​ឈ្នះ​ទម្លាប់​អាក្រក់​របស់ខ្លួន ដោយ​ក្នុងនោះ​រួមទាំង​ការគិត​អវិជ្ជមាន ការ​កុហក់​ខ្លួនឯង និង​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​ដែល​អាច​បំផ្លាញ​ដល់​
ការរស់នៅ​របស់​មនុស្ស​ផង។ អ្នកអាន​អាចនឹង
ទទួល​បាន​មេរៀនល្អៗសម្រាប់​បណ្តុះ​ទម្លាប់​ល្អ ការជំរុញ​ទឹកចិត្ត បណ្តុះ​ក្តីសង្ឃឹម និង​ផ្នត់គំនិត​សីលធម៌​ល្អ ដើម្បី​ជំរុញ​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ប្រកបដោយ​សក្តានុពល។
សៀវភៅ​នេះ​អាចជា​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់​មួយ​ក្នុង​ការជំរុញឱ្យ​សង្គម​ពោរពេញ​ដោយ​ការ-
គោរព​គ្នា ចេះ​ក្រែង​ចិត្ត​គ្នា និង​ធ្វើ​ការងារ​ជាមួយគ្នា​ប្រកបដោយ​ថាមពល​នៃ​គំនិត​យ៉ាងសកម្ម។ ខ្ញុំ​និយាយ​បែបនេះ ព្រោះ​អ្វី​គ្រប់យ៉ាង​លើ​លោក​នេះ កើតចេញពី​គំនិត បន្ទាប់ពី​មានគំនិត​ហើយ គាត់​នឹង​អាចមាន​សកម្មភាព ដែល​នាំទៅរក​ភាព​វិជ្ជមាន និង​ចែករំលែក​រហូត​ក្លាយជា​វប្បធម៌​វិជ្ជមាន​នៅក្នុង​សង្គម មិន​ថា​ការធ្វើការងារ ការប្រកប​អាជីវកម្ម ឬ​ការរស់នៅ​ប្រចាំថ្ងៃ​នោះទេ។

3. តើ​មុនពេល​អាន និង​ក្រោយពេល​អាន មនុស្ស​អាច​នឹងមាន​ភា​ព​ប្រែប្រួល​ជា​វិជ្ជមាន​អ្វីខ្លះ?
ចំពោះ​បញ្ហា​ប្រែប្រួល​ជា​វិជ្ជមាន អវិជ្ជមាន ឬ​មិន​ប្រែប្រួល​អ្វី​ទាំងអស់នោះ គឺ​អាស្រ័យ​លើ​អ្នកអាន​ខ្លួនឯង​ផ្ទាល់ ព្រោះ​មនុស្សម្នាក់ៗមិន​ដូចគ្នា​ទេ។ ជា​ឧទាហរណ៍ នៅពេលដែល​មនុស្ស​ណា​ម្នាក់​មាន​អារម្មណ៍​ថា​មិនសូវ​ស្រួលខ្លួន គាត់​ទៅ​ពេទ្យ ហើយ​ពេទ្យ​បានឱ្យ​ថ្នាំ​ហើយ​ចេញ​វេជ្ជបញ្ជា​ថា ឱ្យ​លេប-ថ្នាំ​ព្រឹក ថ្ងៃ ល្ងាច។ ពេល​ត្រឡប់មកផ្ទះ​វិញ អ្នកជំងឺ​គិតតែ​ពី​ទន្ទេញ​វេជ្ជបញ្ជា​នោះ ហើយ​មិន​ព្រម​លេបថ្នាំគាត់​នឹងមិន​អាចជា​សះស្បើយ​បានឡើយ។ ងាក​មក​សៀវភៅ​ដែល​ខ្ញុំ​និពន្ធ​នេះ​វិញ​ក៏​ដូចគ្នា ខ្ញុំ​ផ្តល់ឱ្យ​អ្នកអាន​នូវ​គន្លឹះ​សម្រាប់​ការអនុវត្ត​ដើម្បី​បណ្តុះ​ភាពជា​អ្នកដឹកនាំ​ខ្លួនឯង ជំរុញ​សីលធម៌ និង​វិធីសាស្ត្រ​អប់រំ​ផ្លូវចិត្ត​មួយចំនួន​ដើម្បី​ទទួលបាន​ភាព-​ថ្កុំថ្កើង តែ​ប្រសិនបើ​គាត់​មិន​អនុវត្ត គាត់​នឹងមិន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់។

តែ​ប្រសិនបើ​អ្នកអាន​គាត់​អនុវត្ត​វិញ គាត់​នឹង​ក្លាយជា​មនុស្ស​ដែលមាន​សីលធម៌​ខ្ពស់​ម្នាក់ ហើយ​រកឃើញ​ផ្លូវត្រូវ​ក្នុងការ​ទទួលបាន​កិត្តិយស កេរ្តិ៍ឈ្មោះ ស្នាដៃ រួមទាំង​ការទទួលស្គាល់​ពី​សង្គម។ សៀវភៅ​នេះ នឹង​បកស្រាយ​ការយល់ច្រឡំ​មួយចំនួន​របស់​មនុស្ស ដែល​ចូលចិត្ត​មើល​អ្វីមួយ​ពី​សម្បក​ក្រៅ។

មនុស្ស​តែងតែ​ចង់បាន​ការកោតសរសើ​រ និង​ការឱ្យ​តម្លៃ ឬ​ភាព​ថ្កុំថ្កើង​ជាដើម តែ​គាត់​មិន​ព្រមធ្វើ​សកម្មភាព​ដែលជា​ប្រយោជន៍​ពិតប្រាកដ​នោះទេ តែ​ព្យាយាម​លោត​ចុះ​លោត​ឡើង​ដើម្បី​បាន​វា នេះ​ជា​រឿង​ខុស។ តាមពិត​របស់​ទាំងអស់​នោះ​ប្រៀបបាន​នឹង​ស្រមោល ដែល​ចាំបាច់​ត្រូវមាន​រូបរាង​ពិតប្រាកដ​ទើប​អាចមាន​ស្រមោល។ រូបរាង​ពិតប្រាកដ​នៃ​ផ្លែផ្កា សំខាន់បំផុត​នោះ​គឺ​ចាប់ផ្តើម​ពី​ខ្លួនឯង មានន័យថា ទាល់តែ​យើង​ចាប់ផ្តើម​ធ្វើ​ល្អ​ជាមុនសិន​ទើប​រឿង​ល្អ​កើត​ក្នុង​ជីវិត ទាល់តែ​ផ្តល់​ក្តី​គោរព​ដល់​អ្នកដទៃ​ជាមុនសិន​ទើប​អ្នកដទៃ​គេ​គោរព​យើង​វិញ ហើយ​ទាល់តែ​ក្លាយជា​មនុស្ស​ដែលមាន​តម្លៃ​សម្រាប់​ជួយ​ដល់​មនុស្ស​គ្រប់គ្នា​ជាមុនសិន ទើប​សាធារណជន​មើលឃើញ​ពី​តម្លៃ​របស់​យើង។

4. តើ​លោក​ចំណាយ​ពេលវេលា​ច្រើន​ប៉ុនណា​ដើម្បី​សរសេរ​សៀវភៅ​នេះ​ឡើង?
ដើម្បី​សម្រេចបាន​សៀវភៅ​មួយ​ក្បាល​នេះ ខ្ញុំ​ចំណាយពេល 5ឆ្នាំ ដោយ​ក្នុងនោះ 4ឆ្នាំ ខ្ញុំ​ចំណាយ​ពេលវេលា​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឯកសារ និង​ចងក្រង​ជា​សេចក្តីព្រាង​ពី​គំនិត​ទាំងអស់​ដែល​ខ្ញុំ​ទទួលបាន ហើយ​ចំណាយ​ពេលវេលា 1ឆ្នាំ​ចុងក្រោយ​ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ និង​កែសម្រួល​ឡើងវិញ​ឱ្យមាន​តម្លៃពិត​ប្រាក​ដស​ម្រា​ប់​សាធារណជន។ ក្នុងនោះ ខ្ញុំ​មាន​អ្នក​ណែនាំ (Mentor) 2រូប​គឺ លោកតា​បណ្ឌិត កុល ផេង ដែល​លោក​បាន​ពិនិត្យ​ពី​អត្ថន័យសំខាន់ៗ រួមទាំង​ប្រភព​ត្រឹមត្រូវ និង​មួយរូប​ទៀត​គឺ​លោក​បណ្ឌិត Fill B. Tabayoyong ដែល​បាន​ជួយ​សម្រួល​ដល់​រចនាប័ទ្ម​នៃ​ការសរសេរ និង​អត្ថន័យសំខាន់ៗមួយចំនួន​ជា​ភាសា​អង់គ្លេស។ ក្រៅពីនេះ ក៏មាន​ការប្រឹក្សា​យោបល់ និង​ការចូលរួមគំនិតល្អៗជាច្រើន​ពី​ព្រះ​តេជគុណ គូ សុភាព ឯកឧត្តម វេ​៉ង សិរីវុឌ្ឍ និង​ឯកឧត្តម តាំង រតនា ដែល​សុទ្ធតែជា​អ្នកជំនាញ​។

5. តើ​លោក​មាន​សារ​អ្វី​សម្រាប់​ផ្តាំផ្ញើ​ដល់​សាធារណជន និង​យុវជន​កម្ពុជា?
សម្រាប់​មនុស្ស​ជាច្រើន​គេ​ផ្តល់​សារ​បង្ហាញ​ពី​គន្លឹះ​ជោគជ័យ តែ​សម្រាប់​ខ្ញុំ​វិញ​ខុសគេ នៅពេលនេះ​ខ្ញុំ​ចង់បង្ហាញ​គន្លឹះ​ចំនួន 5 ដែលនាំឱ្យ​បរាជ័យ ឬ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ជីវិត ដែល​យុវជន​ជាច្រើន​ចូលចិត្ត​ធ្វើ​វា។

ទី1 គឺ​សេពគប់​មនុស្ស​អាក្រក់​ចុះ ប្រសិនបើ​ចង់​ធ្លាក់ខ្លួន​ក្លាយជា​មនុស្ស​ដែល​សង្គម​ស្អប់ខ្ពើម។

ទី2 គឺ​ស្អប់​មនុស្ស​ល្អ​ចុះ ប្រសិនបើចង់បរាជ័យ។

ទី3 ខ្ជិល​ឱ្យ​ច្រើន គេង​ឱ្យ​ច្រើន និង​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ឱ្យ​ច្រើន​ចុះ បើ​មិន​ចង់​ក្លាយជា​មនុស្ស​មាន​ប្រយោជន៍។

ទី4 កុំ​ដឹងគុណ​គេ​អី ប្រសិនបើ​មិន​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​ការរស់នៅ​យូរអង្វែង។

ទី5 កុំ​រស់នៅ​ជាមួយ​បច្ចុប្បន្ន​អី រស់នៅ​ជាមួយ​អតីតកាល និង​អនាគត​ចុះ ប្រសិនបើ​មិន​ចង់​រីករាយ​ក្នុង​ជីវិត។ តែ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់ឱ្យ​ជីវិត​មាន​សេចក្តីសុខ និង​រីកចម្រើន​ខ្លាំង គ្រាន់តែ​គិត​បញ្ច្រាស់​មកវិញ ជាការ​ស្រេច៕

Advertisement