ចំណុច​សំខាន់​ក្នុងការ​ប្រឡង​បាក់​ឌុប​មួយចំនួន​ដែល​បេក្ខជន​ចាំបាច់​ត្រូវ​ដឹង

នៅ​ឆ្នាំនេះ ការរៀបចំ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅតែមាន​លក្ខណៈ​ហ្មត់ចត់ ហើយ​ច្បាស់លាស់​មិន​ខុសពី​រាល់​ឆ្នាំនេះ​ទេ ហេតុនេះ​បេក្ខជន​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​គ្រប់​ចំណុច​ទាំងអស់ ដើម្បី​ធានាថា​ពួកគេ​អាច​ចូលរួម​ប្រឡង​ដោយ​គ្មាន​ការព្រួយបារម្ភ។

ចំពោះ​បញ្ហា​វិន័យ និង​គោលការណ៍​ប្រឡង សិស្ស​ចាំបាច់​ត្រូវតែ​ដឹង ព្រោះថា ប្រសិនបើ​ពួកគេ​ធ្វើ​ខុស​នឹង​គោលការណ៍​មួយចំនួន​ពួកគេ​អាច​នឹង​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​នានា​ដែល​អាចឈាន​រហូតដល់​ធ្លាក់​ថែមទៀត​ផង។ ខាងក្រោម​នេះ​ជាគោលការណ៍​មួយចំនួន​ដែល​បេក្ខជន​ត្រូវ​ដឹង៖

1- ត្រូវ​មកដល់​មណ្ឌល​ប្រឡង​ឱ្យបាន​មុន​ដំណើរការ​នៃ​ការប្រឡង
2- ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ដោយ​ប្រើ​អាវ​ពណ៌​ស និង​ខោ ឬ​សំពត់​ពណ៌​ខៀវ ដាក់​ក្នុង​ខោ ឬ​សំពត់​ឱ្យបាន​ត្រឹមត្រូវ
3- ត្រូវ​យកមក​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​សម្គាល់​ខ្លួន​មាន​បិទ​រូបថត​ថ្មី និង​មាន​ចុះហត្ថលេខា​នាយក​សាលា​ត្រឹមត្រូវ​ច្បាស់លាស់។ ចំពោះ​បេក្ខជនស្វៃរិន ត្រូវ​យកមក​នូវ​សលាក​ប​ត្រ​ឯកត្តជន ដែលមាន​ហត្ថលេខា​របស់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត
4- ត្រូវយក​ចូលក្នុង​បន្ទប់​ប្រឡង​នូវ​សម្ភារ​ប្រើប្រាស់ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឱ្យប្រើ ៖ ប៊ិច​ពណ៌​ខៀវ ខ្មៅ​ដៃ បន្ទាត់ ដែក​ឈាន រ៉ាប​ព័រ​ទ័​រ។
5- ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈមេប្រយោគ និង​អ្នកមាន​សមត្ថកិច្ច​ថែរក្សា​សណ្ដាប់ធ្នាប់ ក្នុងការ​ដកហូត​សំណៅ​ឯកសារ សម្ភារផ្សេងៗ ដែល​ក្រសួង​មិន​អនុញ្ញាតឱ្យ​យក​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង
6- ត្រូវគោរព​តាម​ការណែនាំ​របស់​អនុរក្ស ដូចជា​អង្គុយ​ចំ​តាម​លេខ​តុ ដែល​អនុរក្ស​បានបង្ហាញ បំពេញ​លើ​ក្បាល​សន្លឹក​កិច្ចការ ដែល​អនុរក្ស​បាន​ចែក​ឱ្យ ប្រគល់​សន្លឹក​កិច្ច​ការជូន​អនុរក្ស​វិញ នៅពេល​ដល់​ម៉ោង ទោះបី​កិច្ចការ​នោះបាន​ធ្វើ ឬ​ពុំ​បានធ្វើ​ក៏ដោយ
7- ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៃ​ការប្រឡង និង​ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ​នូវ​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង៕

Advertisement