Twitter សម្រេចបិទជាង 70លានគណនី ដើម្បីបន្ថយការចែករំលែកព័ត៌មានមិនពិត

បណ្ដាញទំនាក់ទំនងសង្គមរបស់អាមេរិក Twitter បានសម្រេចបិទគណនីអ្នកប្រើប្រាស់ជាបណ្ដោះអាសន្នប្រមានជាង 1លាននាក់ក្នុងមួយថ្ងៃ កាលពីថ្មីៗដែលសរុបទាំងអស់​មានជាង 70លានគណនីហើយដែលត្រូវបានបិទ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ បានឱ្យដឹងថា មូលហេតុដែល​បណ្ដាញសង្គម Twitter ធ្វើការបិទគណនីទាំងនោះ ដើម្បីកាត់បន្ថយនៃលំហូរព័ត៌មានមិនពិត​នៅលើបណ្ដាញសង្គម Twitter។

ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា ក្នុងរយៈពេល 2ខែ គឺខែឧសភា និងមិថុនា ក្រុមហ៊ុន Twitter បានបិទគណនីជាង 70លាន ដោយគណនីត្រូវបានខាងក្រុមការងារ Twitter រកឃើញថា បានបង្ហោះ និងចែករំលែកព័ត៌មានមិនពិត ប៉ុន្តែគណនីទាំងនោះ អាចនឹងបើកឱ្យ​ប្រើប្រាស់វិញនៅពេលដែលមានការតវ៉ា ឬប្ដឹងទាមទារពីសំណាក់អ្នកប្រើប្រាស់ដែលមាន​ហេតុផលសមរម្យ។

មិនមែនមានតែ Twitter ទេ ដែលធ្វើបែបនេះ សូម្បីតែ​បណ្ដាញសង្គម Facebook ក៏បានអនុវត្តវិធីដូចគ្នានេះដែរ ប៉ុន្តែខាងក្រុមហ៊ុន Facebook មិនទាន់​ប្រកាសឱ្យដឹងជាផ្លូវការ ហើយមូលហេតុដែល​បណ្ដាញសង្គមទាំងនេះ ធ្វើការទប់ស្កាត់ការចែក​រំលែកព័ត៌មានមិនពិត គឺដោយសារតែទីភ្នាក់ងារសន្តិសុខជាតិអាមេរិករកឃើញថា ការផ្សព្វផ្សាយព័ត៌មានមិនពិតកំពុងតែសាយភាយខ្លាំងនៅលើបណ្ដាញសង្គម ដែលជាហេតុបង្កឱ្យមាន​ចលាចល។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មានរបស់កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ ក្នុងគោលដៅ​ប្រឆាំង និងទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ ឬ​ចែករំលែក​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ក្នុង​ទម្រង់ផ្សេងៗ ដែលមាន​ចេតនា​បង្ក​ជា​ចលាចល​បណ្ដាលឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ៕

Advertisement