ស្មារតី និង​ឆន្ទៈ​ជា​ចំណុច​សំខាន់បំផុត​ដើម្បី​អភិវឌ្ឍ​ស្ថាប័ន និង​សង្គម

ពីមួយ​ជំហាន​ទៅមួយ​ជំហាន កម្ពុជា​បាន​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ដាក់​គោលដៅ​ដើម្បី​ពង្រីក​សមត្ថភាព​ឱ្យក្លាយ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ ដើម្បី​សម្រេចបាន​នូវ​ផែនការ​សកម្ម​ទាំងអស់នោះ អ្នកជំនាញ​មើលឃើញថា​ចាំបាច់​ត្រូវមាន​ការចូលរួម​យ៉ាង​ច្រើន​ពី​ប្រជាជន​គ្រប់​វ័យ​ដើម្បី​អភិវឌ្ឍ​ផ្នែកផ្សេងៗដោយ​រាប់បញ្ចូល​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

ឯកឧត្តម វ​ង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម វ​ង្សី វិសុទ្ធ បានលើកឡើង​នៅក្នុង​កម្មវិធី The Talk ថា កម្ពុជា​ត្រូវការ​ជំរុញ​ការអប់រំ​ឱ្យ​កាន់តែខ្លាំង​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​សមត្ថភាព​វិជ្ជាជីវៈ និង​ការកសាង​ចរិតលក្ខណៈ​ល្អ តាមរយៈ​ការបណ្តុះបណ្តាល​ឆន្ទៈ ការដោះស្រាយ​បញ្ហា និង​ស្មារតី​ខ្ពស់។ កម្ពុជា​ត្រូវការ​អ្នក​បន្តវេន​ទៅ​ដឹកនាំ​លើ​គ្រប់​វិស័យ​ទាំង​ស្ថាប័នឯកជន ស្ថាប័នរដ្ឋ ឬ​សង្គម​ទាំងមូល ព្រោះ​ពាក្យ​ថា​អ្នកដឹកនាំ​មិន​សំដៅ​តែ​លើ​នាយករដ្ឋមន្ត្រី​នោះទេ តែ​សំដៅលើ​អ្នក​ដែលមាន​សមត្ថភាព​ដឹកនាំ​លើ​គ្រប់ផ្នែក​គ្រប់​វិស័យ​ទាំងអស់។ គុណសម្បត្តិ​សំខាន់​របស់​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត គឺ​មិនមែន​ទាល់តែ​ចេះ​ហិ-រញ្ញវត្ថុ ចេះ​សេដ្ឋកិច្ច ឬ​ចេះ​វិស្វកម្ម​នោះទេ តែ​ការងារ​ជាក់ស្តែង​គឺ​ត្រូវមាន​ស្មារតី និង​ឆន្ទៈ​ខ្ពស់​ក្នុងការ-​គ្រប់គ្រង​ការងារ​ជាក់ស្តែង ការទំនាក់ទំនង ដំណោះស្រាយ​បញ្ហា និង​សមត្ថភាព​ក្នុង​ដឹកនាំ​មនុស្ស​ឱ្យ​រួមគ្នា​ដោះស្រាយ​បញ្ហា​ទៅតាម​ជំនាញរៀងៗខ្លួន។

ឯកឧត្តម វ​ង្សី វិសុទ្ធ មានប្រសាសន៍ថា៖ “ការអប់រំ​បណ្តុះបណ្តាល​ដែលនាំឱ្យ​យុវជន​មាន​ភាព-រឹងមាំ​ផ្នែក​ស្មារតី និង​ឆន្ទៈ ជាគោលការណ៍​ជំរុញឱ្យមាន​ភាពជោគជ័យ​ក្នុង​ជីវិត ដែល​វា​អាច​ជំរុញឱ្យមាន​ជោគជ័យ​ក្នុង​ស្ថាប័ន​ដែល​យើង​ធ្វើ​ការងារ និង​សង្គម​របស់​យើង​ទាំងមូល”។

អ្នកជំនាញ​ខាងលើ​បានបង្ហាញ​ផងដែរ​ថាប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ​បំផុត​ក្នុងការ​កសាង​ជាតិ ព្រោះ​ប្រជាជនម្នាក់ៗជា​មនុស្ស​ដែលមាន​គុណធម៌ មាន​សមត្ថភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។ ដើម្បី​សម្រេច​ជោគជ័យ​នេះ​ជប៉ុន ជំរុញ​ប្រជាជន​ឱ្យ​ទទួលបាន​ចំណេះដឹង​ទាំង​ផ្នែក​រឹង និង​ទន់​ដើម្បី​បណ្តុះបណ្តាល​សមត្ថភាព​ក្នុងការ​គិតពិចារណា លុបបំបាត់​ភាព​អា​ត្មា​និយម និង​ឆន្ទៈ​ក្នុងការ​ចូលរួមបាន​យ៉ាង​ល្អប្រសើរ។ ចំពោះ​កម្ពុជា​យើង​នាពេល​បច្ចុប្បន្ន យើង​ក៏បាន​ជំរុញ និង​បង្កើន​ថវិកាជាតិ​យ៉ាងច្រើន​លើ​វិស័យ​អប់រំ ព្រោះ​ដំណាក់កាល​នេះ​ជា​ដំណាក់​កាលដែល​សង្គម​ត្រូវការ​ធនធានមនុស្ស​បំផុត។

ឯកឧត្តម​បានលើកឡើង​ថា ការអប់រំ (education) ខុសពី​ការរៀន (learning) ព្រោះ​ការអប់រំ​មិនមែន​គ្រាន់តែ​ផ្តោតលើ​ការសិក្សា​អក្សរសិល្ប៍ គណិតវិទ្យា ឬ​មុខវិជ្ជា​សង្គម​មួយចំនួន​នោះទេ តែ​ចាំបាច់​ត្រូវតែមាន​ប្រព័ន្ធ​ក្នុងការ​បណ្តុះបណ្តាល​មនុ​ស្ស​ឱ្យមាន​ទស្សនៈ មានការ​យល់ឃើញ និង​មាន​សមត្ថភាព​ក្នុងការ​សម្រេចចិត្ត​ខ្ពស់។ ដើម្បី​ជោគជ័យ​លើ​ការអប់រំ​បាន​គឺ​ត្រូវ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ខ្លាំង​លើ​ធាតុ​សំខាន់3 គឺ​ការអប់រំ​បណ្តុះបណ្តាល ទី2សុខាភិបាល និង​ទី3គឺ​ប្រព័ន្ធ​គាំពារ​សង្គម ព្រោះ​នៅពេលដែល​យើង​បាន​បណ្តុះបណ្តាល​ជំនាញ​ដល់​មនុស្ស​ហើយ សុខភាព​មិនល្អ​ក៏​គាត់​មិនអាច​ប្រើប្រាស់​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​សង្គម​បានល្អ​ដែរ ហើយ​បន្ថែម​ពីនេះ​ទៀត​ប្រសិនបើ​គាត់​មាន​បញ្ហា​ប្រឈម​ដែល​លើសពី​សុខាភិបាល ដូចជា​ហានិភ័យ​ការងារ​មួយចំនួន យើង​ចាំបាច់​ត្រូវមានប្រព័ន្ធ​ការពារ​សង្គម ដើម្បី​បង្កើន​ភាពកក់ក្តៅ​ដល់​គាត់។ នៅពេលនោះ​ប្រជាជន​នឹង​ចាប់ផ្តើម​ព្យាយាម​ស្វែងយល់​ច្រើន ហើយ​ប្រើប្រាស់​សមត្ថភាព​ក្នុងការ​គិតពិចារណា​ដើម្បី​ចូលរួមចំណែក​ល្អ​លើ​ការអភិវឌ្ឍ​សង្គម​ឱ្យ​ឆ្ពោះទៅរក​គោលដៅ​ល្អប្រសើរ​ឡើង ដែល​អាច​នាំឱ្យ​សេដ្ឋកិច្ច​ក៏មាន​កំណើន​ល្អ​ផងដែរ។

លោក រិ​ន រ៉ាវុធ សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម

សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម លោក រិ​ន រ៉ាវុធ បាន​លើកឡើងថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យមាន​សីលធម៌ និង​ការចូលរួម គឺជា​គុណសម្បត្តិ​យ៉ាងសំខាន់​មួយ​របស់​ប្រទេស​អភិវឌ្ឍ​ន៍នានា​នៅលើ​ពិភពលោក ព្រោះ​ការអភិវឌ្ឍ មិន​ប្រាកដថា​ត្រូវការ​តែ​អ្នកជំនាញ​តែមួយ​មុខ​នោះទេ តែ​ចាំបាច់​ត្រូវការ​ប្រជាជន ឬ​សមាជិក​នៃ​សង្គម​ប្រកបដោយ​ការទទួលខុសត្រូវ។ នៅពេលដែល​យើង​មាន​អ្នកជំនាញ តែ​គាត់​មិនមាន​វិន័យ​ល្អ​ក្នុង​ការធ្វើការងារ យើង​នឹង​មិនអាច​ប្រកួតប្រជែង​បានល្អ​នៅក្នុង​តំបន់​នោះទេ ព្រោះ​ការងារ​ដែល​កើតចេញពី​មនុស្ស​ដែល​មិនសូវមាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ធ្វើការ ឬ​ការទទួលខុសត្រូវ​អាច​នឹងមិន​ទទួលបាន​លទ្ធផល​ល្អ​នោះទេ ហើយ​ពេលខ្លះ​ថែមទាំង​ធ្វើឱ្យមាន​ភាព​ខ្ជះខ្ជាយ​លើ​ធនធាន​ថែម​ទៀតផង។

លោក រិ​ន រ៉ាវុធ បាន​និយាយថា៖ “ធនធានមនុស្ស​ដែល​រាប់​ថា​ជា​អ្នកមាន​គុណភាព​ពិតប្រាកដ​លុះត្រាតែ​គាត់​មាន​ទាំង​សមត្ថភាព​វិជ្ជាជីវៈ និង​មាន​ទាំង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សកម្មភាព ដើម្បី​សម្រេច​ផែនការ​រួម​របស់​ស្ថាប័ន។ លើសពីនេះទៅទៀត ប្រសិនបើ​មនុស្សម្នាក់ៗយល់​ពី​កាតព្វកិច្ច​របស់ខ្លួន ហើយ​អនុវត្ត​ដោយ​សីលធម៌​ខ្ពស់ គាត់​នឹង​មិនសូវមាន​ផលប៉ះពាល់​ដល់​អ្នកដទៃ​នោះទេ តែ​ថែមទាំង​អាចជួយ​មនុស្ស​ជាច្រើន​ឱ្យ​រីកចម្រើន​បាន​យ៉ាង​ល្អ​ជាមួយគ្នា​ថែមទៀត​ផង”។

សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការគោរព​គ្នា និង​ឆន្ទៈ​ក្នុងការ​យោគយល់ ឬ​ចេះ​ក្រែង​ចិត្ត​គ្នា ក៏ជាផ្នែកយ៉ាងសំខាន់មួយដែលគួរបណ្តុះបណ្តាលមនុស្សគ្រប់គ្នា ព្រោះនៅពេលដែលមនុស្សមានគុណសម្បត្តិទាំងអស់នេះ គាត់នឹងអាចកាត់បន្ថយជម្លោះបានយ៉ាងល្អ។ នៅពេលដែលមនុស្សមានសមត្ថភាពខ្លាំង តែមិនខ្វល់ពីអ្នកដទៃគាត់អាចនឹងក្លាយជាចំណុចគ្រោះថ្នាក់ទៅវិញទេសម្រាប់ស្ថាប័ន ព្រោះគាត់នឹងប្រើប្រាស់សមត្ថភាពរបស់គាត់ដើម្បីសម្រេចគោលដៅដោយបង្កផលប៉ះពាល់ច្រើន ឬធ្វើឱ្យមានការខាតបង់សម្រាប់មនុស្សផ្សេងទៀត។ ហេតុនេះ ការបណ្តុះបណ្តាលសីលធម៌ និងវិន័យជាវិជ្ជមាន គួរធ្វើស្របគ្នាជាមួយនឹងការបណ្តុះបណ្តាលលើគ្រប់
ជំនាញដែលកំពុងត្រូវការក្នុងទីផ្សារការងារ៕

Advertisement