ភាពរឹងមាំផ្នែកផ្លូវចិត្ត​ជំរុញកុមារឱ្យក្លាយជាមនុស្សខ្លាំង

កូនៗក្លាយជា​មនុស្សមានជំនឿជាក់លើខ្លួនឯង និងមានសមត្ថភាពខ្ពស់ ជា​បំណងប្រាថ្នាយ៉ាងធំរបស់អាណាព្យាបាល ព្រោះម្តាយឪពុក​ភាគច្រើន​ខិតខំប្រឹងប្រែង​គ្រប់សព្វបែបយ៉ាងដើម្បីកូនៗ។ អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​អប់រំ Education World បានបញ្ជាក់ថា ការសិក្សាតែលើ​ចំណេះដឹង​ក្នុងសាលាតែមួយមុខ មិនជំរុញកុមារឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ និង​រឹងមាំខ្លាំងនៅថ្ងៃអនាគតនោះទេ តែវាទាមទារឱ្យមានបំណិនសំខាន់ៗជាច្រើន​ទៀត​ដើម្បីជំរុញ។ ជាធម្មតា កុមារដែលរៀនពូកែ​ មិនមែនប្រាកដថាអាចនឹងក្លាយជាមនុស្សខ្លាំង ឬទទួលបានលទ្ធផល​ល្អក្នុងការងារ និងការ-រស់នៅនាថ្ងៃអនាគតនោះទេ ព្រោះមេរៀន​ក្នុងសាលាគ្រាន់តែជាមូលដ្ឋានគ្រឹះក្នុងការបណ្តុះបណ្តាល​លើ​គំនិតមួយ​ផ្នែកតែប៉ុណ្ណោះ តែ​ពួកគេចាំបាច់ត្រូវ​សិក្សាពីផ្នែកសំខាន់ៗជាច្រើន ​ដើម្បីជំរុញភាពជាអ្នកដឹកនាំសិល្បៈក្នុងការដោះស្រាយបញ្ហា ពង្រឹងភាពអត់ធ្មត់ និង​បង្កើនភាពចាស់ទុំ​ដល់ពួកគេជាដើម។

ខាងក្រោមនេះជាជំនាញមួយចំនួន​ដែលអាចជំរុញកុមារឱ្យក្លាយជាមនុស្ស​ដែលមានសមត្ថ-ភាព និងមានភាពច្នៃប្រឌិត​ខ្ពស់នៅពេលអនាគត។

1. កីឡាបង្រៀនមេរៀនជាច្រើន​ដោយមិនបាច់​ទន្ទេញ
ស្ទើរគ្រប់សាលាទាំងអស់ ជាពិសេស​នៅក្នុងប្រទេសអឺរ៉ុប ឬអាមេរិកជាដើម តែងតែជំរុញ​ឱ្យកុមារតូចៗ​លេងកីឡា តាមរយៈការបង្កើតទីលានកីឡានៅក្នុងសាលា ផ្តល់អាហារូបករណ៍សម្រាប់សិស្សដែលពូកែលេងកីឡា និង​លើកទឹកចិត្តតាមរយៈការបង្ហាញមុខកីឡាករឆ្នើមៗក្នុង​ទស្សនាវដ្តីរបស់សាលាជាដើម។

មូលហេតុសំខាន់ដែល​សាលាទាំងអស់នោះបញ្ចូលកីឡាច្រើនប្រភេទ​នៅក្នុងសាលា ព្រោះវាជាផ្នែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវកាយ និងផ្លូវចិត្តដល់កុមារ និងយុវជន។ នៅក្នុងសម័យបច្ចេក-វិទ្យានេះ កុមារ​ជាច្រើនមានបញ្ហាញៀនជាមួយនឹង​ឧបករណ៍អេឡិចត្រូនិក​ (smart devices) ដែលវាបានក្លាយជាក្តីបារម្ភធំមួយសម្រាប់​អាណាព្យាបាល​លើពិភពលោក។ កីឡា ជាផ្នែកយ៉ាងសំខាន់មួយ​ក្នុងការកាត់បន្ថយ​ភាពញៀនរបស់ក្មេង​លើឧបករណ៍អេឡិចត្រូនិក​ ហើយថែមទាំងធ្វើឱ្យគេក្លាយជាមនុស្សដែលមានស្មារតីរឹងមាំ និងចេះអត់ធ្មត់ខ្ពស់ថែមទៀតផង។ កីឡាក៏អាចជួយ​កុមារឱ្យយល់ពីវិធីសាស្រ្តដោះស្រាយបញ្ហាជាក់ស្តែងក្នុងការរស់នៅ ចេះសាមគ្គីគ្នាធ្វើការងាររួម និង​មានភាពជាអ្នកដឹកនាំខ្ពស់ក្នុងការសម្រេចគោលដៅ។

ចំពោះផ្នែកសំខាន់មួយទៀតដែលកុមារគួរតែលេងកីឡានោះ គឺ​វាអាចជំរុញពួកគេឱ្យមានចិត្តតស៊ូ ជម្នះរាល់ឧបសគ្គលំបាកៗជាច្រើនក្នុងការហ្វឹកហាត់ដើម្បីក្លាយជាកីឡាករដែលពោរពេញដោយទេពកោសល្យ ហើយ​ដំណើរឆ្លងកាត់ឧបសគ្គនេះ នឹងបង្រៀនកុមារឱ្យចេះរង់ចាំ និងរំលត់ភាពឆេវឆាវបាន ដែលជំរុញឱ្យគេអាចនឹងក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃអនាគត។

2. គំនូរ និងតន្ត្រីបង្រៀនកុមារឱ្យចេះផ្ចង់អារម្មណ៍បានល្អ

សិល្បៈ​ ជាផ្នែកដែលមិនអាចខ្វះបានសម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះគ្មានមនុស្សណាមិនចូល-ចិត្តសិល្បៈនោះទេគ្រាន់តែការចូលចិត្តនោះស្ថិតក្នុងទម្រង់ខុសគ្នាតែប៉ុណ្ណោះ។

សម្រាប់កុមារ ការផ្តល់ឱកាសឱ្យពួកគេ​សិក្សាពីគំនូរ ជារឿងយ៉ាងល្អមួយក្នុងការជំរុញពួកគេឱ្យក្លាយជាមនុស្សខ្លាំង ព្រោះថា​ក្មេងៗជាធម្មតាចូលចិត្ត​រស់នៅក្នុងពិភពនៃការស្រមើស្រមៃ។ គំនូរជាកន្លែងដែលគេអាចបំពេញក្តីស្រមៃរបស់ខ្លួនជាមួយនឹង​រូបភាពដែលគេបង្កើតឡើង និងពណ៌ផ្សេងៗដែលគេស្រឡាញ់។ នៅពេលកុមារចូលចិត្ត​គំនូរ មានន័យថាគេចូលចិត្តភាពស្ងប់ស្ងាត់ ហើយ​ពេលពួកគេគូរគំនូរ ជាពេលដែលពួកគេអាចផ្ចង់អារម្មណ៍បានយ៉ាងល្អបំផុត។ នៅថ្ងៃអនាគតគេនឹងអាចក្លាយជាមនុស្សដែលចេះរៀបគម្រោងការបានល្អ ហើយមានភាពហ្មត់ចត់ និងស្មោះត្រង់ជា-មួយក្តីស្រមៃរបស់ខ្លួន។

ចំពោះតន្ត្រីវិញ ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរដែលជំរុញកុមារតូចៗឱ្យមានភាពរីករាយនិង​យកចិត្តទុកដាក់ស្តាប់ហេតុផល​ខាងក្នុងខ្លួនរបស់ខ្លួនឯង ហើយថែមទាំងអាចគ្រប់គ្រងផ្លូវចិត្តបានល្អ។ ជាធម្មតា កុមារ​អាចផ្លាស់ប្តូរការគិតលឿនបំផុតក្នុងមួយថ្ងៃៗ តែសម្រាប់​ក្មេងដែលបានទទួលការបណ្តុះបណ្តាលពីតន្ត្រី​ពួកគេ​អាច​​ដាក់អារម្មណ៍ខ្លួនឯងយ៉ាងជ្រៅប្រកបដោយភាពអត់ធ្មត់ ដើម្បីស្តាប់អារម្មណ៍ខ្លួនឯង និងស្វែងយល់បានល្អពីបំណងជីវិតរបស់ខ្លួន។ ថ្វីដ្បិតតែពេលខ្លះ​កុមារមិនទាន់មានសមត្ថភាពគិតច្រើនក្នុងការសម្រេច​លើសកម្មភាពផ្ទាល់ខ្លួនក៏ដោយ តែតន្ត្រីអាចជួយឱ្យគេក្លាយជាមនុស្សដែលមានភាពប្រយ័ត្នប្រយែងមានភាពស្ងប់ស្ងាត់ ហើយ​គិតល្អិតល្អន់ចំពោះរាល់សកម្មភាពរបស់ខ្លួន ដែលមើលទៅពួកគេដូចជាមនុស្សចាស់ទុំម្នាក់។

3. ចំណេះដឹងហិរញ្ញវត្ថុ ជួយឱ្យកុមារមានគំនិត
សហគ្រិនភាពការគិតគូរពី​ហិរញ្ញវត្ថុជាចំណុចសំខាន់មួយដែលកុមារត្រូវដឹង ព្រោះកុមារជាវ័យដែលចង់បានគ្រប់យ៉ាង ហើយរឿងអ្វីក៏ជារបស់ថ្មីសម្រាប់ពួកគេដែរ ហេតុនេះនៅពេលដើរបណ្ណាគារ ឬដើរផ្សារម្តងៗពួកគេតែងតែទារទិញ​របស់របរគ្រប់យ៉ាង បើទោះបីជាពេលខ្លះរបស់ទាំងអស់នោះមិនសំខាន់សម្រាប់គេក៏ដោយ។ ហេតុនេះការបង្រៀនកុមារ​ឱ្យយល់ពីវិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការបង្កើតទម្លាប់សន្សំលុយ ឬ​បង្ហាញវិធីរកលុយ ងាយៗដល់ពួកគេ អាចធ្វើឱ្យគេបង្វែរចំណង់​ពីអវិជ្ជមានទៅជាចំណង់វិជ្ជមាន។ កុមារអាចនឹងលែងសូវទារ​របស់របរច្រើន​តាមតែចិត្តនឹកឃើញហើយ តែគេអាចនឹងចង់ធ្វើល្អឱ្យបានច្រើនដើម្បីទទួលរង្វាន់ពីឪពុកម្តាយ​ដើម្បីសន្សំទិញរបស់ដែលគេចង់បាននោះ។

ម្យ៉ាងវិញទៀត ការបង្រៀនកូនតូចៗឱ្យចេះចាយវាយប្រកបដោយ​របៀបរៀបរយ​ ក៏អាចជំរុញឱ្យគេក្លាយជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់លើរឿងលុយកាក់នៅថ្ងៃអនាគត ហើយថែមទាំង​អាច​មានគំនិត​រកស៊ីបានល្អទៀតផង៕

Advertisement