អនាគត​ ម៉ាស៊ីន​នឹង​ដណ្ដើម​ការងារ​មនុស្ស ហេតុនេះ​គ្រប់គ្នា​ត្រូវ​រៀន ជំនាញ​មួយចំនួន​ដើម្បី​រក្សា​លំនឹង

បច្ចុប្បន្ននេះ មនុស្ស​ចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីន​កាន់តែ​ច្រើនឡើង​ដើម្បី​ជំនួស​ការងារ​របស់ខ្លួន ហើយ​ការងារ​ទាំងឡាយណា​ដែល​មនុស្ស​អាចធ្វើដដែលៗ នឹងត្រូវ​ជំនួស​ដោយ​គ្រឿងយន្ត​បំពាក់​បច្ចេកវិទ្យា AI ទាំងស្រុង​នៅ​ថ្ងៃ​អនាគត។

ការងារ​រាប់លាន​នឹងត្រូវ​លុបបំបាត់ តែ​ទោះជា​យ៉ាងនេះ​ក្តី ការងារ​ជាច្រើន​ក៏​នឹង​កើត​ថ្មី​បន្ថែមទៀត​ផងដែរ ដែល​វា​ទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​ត្រូវតែ​ត្រៀមលក្ខណៈឱ្យបាន​ល្អប្រសើរ​ដើម្បី​សិក្សា​ស្វែងយល់​ពី​តម្រូវការ​របស់​មនុស្ស​ក្នុង​ពិភព​ការងារ​នៅ​ថ្ងៃ​អនាគត។

ក្នុងកាលៈទេសៈនៃ​ទីផ្សារការងារ​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ មនុស្ស​ជាច្រើន​បានដាក់​សំណួរ​ថាតើ​មនុស្ស​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ដើរ​ឱ្យទាន់​សេដ្ឋកិច្ចដែល​បាន​បត់បែន​យ៉ាង​លឿន ហើយ​យើងទាំងអស់គ្នា​គួររៀបចំ​ខ្លួន​យ៉ាងណា​ដើម្បី​រក្សា​តម្លៃ​នៃ​ជំនាញ ​ដែល​យើង​មាន​សម្រាប់​ឈរជើង​ក្នុង​ពិភពលោក​ដែល​កំពុងតែ​ជំនួស​ដោយ​ម៉ាស៊ីន​នេះ?

ដើម្បីដោះស្រាយបញ្ហា​ទាំងនេះអ្នកជំនាញ​ការងារ និង​ព័ត៌មាន Guthrie Jensen បានបង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ពិភពលោក​ត្រូវការ​សម្រាប់​ឆ្នាំ2020 ខាងមុខនេះ ដែល​ជំនាញ​ទាំងអស់នោះ​ជា​ផ្នែក​ដែល​ម៉ាស៊ីន​ធ្វើ​មិនកើត ហើយ​យើង​អាច​នឹង​ក្លាយជា​អ្នកគ្រប់គ្រង​លើ​ម៉ាស៊ីន​ទៅវិញ។ នៅពេលនោះ​វា​នឹង​លែង​ក្លាយជា​បញ្ហាទៀតហើយសម្រាប់​អ្នក​ដែល​អាច​ចាប់​ឱកាស​អភិវឌ្ឍ​សមត្ថ-ភាព​សម្រាប់​ពិភពលោក​ក្នុង​យុគសម័យ​បច្ចេក-វិទ្យា​នេះ។

អ្នកជំនាញ​ដដែល​បានបង្ហាញ​ផងដែរ​ថា បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី4នេះ នឹងមាន​ការប្រែប្រួល​ខ្លាំង​លើ​អ្វី​ដែលមាន​ស្រាប់​ក្រោយពី​មាន​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី3 ដូចជា​បច្ចេកវិទ្យា AI នឹង​ជំរុញ​ឱ្យ​ការងារ​ទាំងឡាយ​ដែល​ធ្លាប់ប្រើ​ប្រាស់មនុស្ស រួមទាំង​ការឆ្លើយ​ឆ្លង​ព័ត៌មាន​តាម​ទូរស័ព្ទ​ផងដែរ។ ចំណែកឯ​ប្រព័ន្ធ​នៃ​ការធ្វើ​អាជីវកម្ម ទិញ​ទំនិញ និង​គ្រប់គ្រង​របស់របរ​តាម​ប្រព័ន្ធ​អុី​ន​ធើ​ណិ​តហើយសេវាដឹកជញ្ជូនអាច​នឹងប្រើប្រាស់​ដោយ​ប្រព័ន្ធគ្រប់គ្រង​យានយន្ត​គ្មាន​មនុស្ស​បើក ស្រប​ពេលដែល​ប្រព័ន្ធ​ថាមពល​ក៏ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ដោយ​ការប្រើប្រាស់​ឡើងវិញ​ផងដែរ។ ចំពោះ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ក៏​នឹងត្រូវ​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា (nanotechnology) ដោយ​ក្នុងនោះ​ការវះកាត់​ក៏​នឹង​អាច​ធ្វើឡើង​ដោយ​គ្រឿង​ម៉ាស៊ីន​ដែរ។ លើសពីនេះទៅទៀត វិស័យ​កសិកម្ម​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ផងដែរ ខណៈពេល​បច្ចុប្បន្ននេះ​ប្រព័ន្ធ​មើល​ដំណាំ​នាពេល​បច្ចុប្បន្ន​ត្រូវបាន​គេ​ប្រើប្រាស់ Drone និង​ឧបករណ៍​ទំនើប​ដែល​អាច​តាមដាន​បាន​ដោយ​ប្រើប្រាស់ Mobile Apps។

ប្រឈម​ជាមួយនឹង​បញ្ហា​នេះ អ្នក​ដែល​កំពុងធ្វើការ​ងារ​លើ​ជំនាញ​នាពេល​បច្ចុប្បន្ន​ទាំង​ផ្នែក​វេជ្ជសាស្ត្រ កសិកម្ម ការដឹកជញ្ជូន ឬ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​សេវាកម្ម និង​ផលិតកម្ម​មួយចំនួន​អាច​នឹងមាន​បញ្ហា​បាត់បង់​ការងារ​បើ​គាត់​តាម​មិនទាន់​បច្ចេកវិទ្យា ព្រោះ​ឧបករណ៍​វៃឆ្លាត​ទាំងអស់នោះ​នឹង​អាចមាន​សមត្ថភាព​ក្នុង​ការធ្វើការងារ​បាន​យ៉ាង​លឿន មាន​ប្រសិទ្ធភាព ហើយ​ចំណាយ​​តិចជាង​ការប្រើប្រាស់​មនុស្ស។

អ្នកជំនាញ​ខាង​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចព័ត៌មានវិទ្យា​ក៏បាន​បង្ហាញ​ផងដែរ​ថា នៅ​ឆ្នាំ2020 ឧស្សាហកម្មដែលនៅតែ​ខ្លាំងលើ​ពិភពលោក​គឺ ទី1 បច្ចេកវិទ្យា ទី2 ការផ្តល់សេវា​ថែទាំ​មនុស្ស ទី3 បណ្តាញ​សង្គម​ឆ្លាត​វៃ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី ទី4 ការសិក្សា​ពី​របៀប​ធ្វើឱ្យ​ជីវិត​មានយូរអង្វែង និង​ទី5 គឺ​សេវា​ដោះស្រាយ​ឆ្លាត​វៃ​លើ​អាជីវកម្ម (Business Acumen)។ ហើយ​ចំពោះ​ការងារ​ដែលមាន​តម្រូវការ​ខ្ពស់​វិញ​មានដូចជា អ្នកវិភាគ​ទិន្នន័យ (data analysts) អ្នកជំនាញ​ឱសថ និង​ការថែទាំ​សុខភាព អ្នកលក់ និង​អ្នកជំនាញ​ទីផ្សារ អ្នក​ប្រឹក្សា​យោបល់​សេវា​អតិថិជន អ្នកវិភាគ​ការគ្រប់គ្រង អ្នកជំនាញ​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ អ្នកជំនាញ​ច្នៃប្រឌិត និង​ការ​ឌី​ហ្សា​ញ គ្រូបង្រៀន និង​អ្នកធ្វើការងារ​ក្នុង​វិស័យ​គណនេយ្យ និង​សវនកម្ម។

ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការងារ និង​វិស័យ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ទាំងអស់នេះ មនុស្ស​គ្រប់គ្នា​ចាំបាច់​ត្រូវតែមាន​ជំនាញ​គោល​របស់ខ្លួន និង​ជំនាញ​បន្ថែម​ដែល​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​គ្រប់​កាលៈទេសៈ​នៃ​ការប្រែប្រួល​របស់​ពិភពលោក។ ជំនាញ​ទី1 គឺ​ជំនាញ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ និង​ប្រមើលមើល​ពី​អនាគត​នៃ​អាជីវកម្ម ដែល​ជំនាញ​នេះ​ទាមទារ​ឱ្យមាន​សមត្ថភាព​ខ្លាំង​ក្នុងការ​-ដោះស្រាយ និង​បង្កើត​គំនិតថ្មីៗដែល​បច្ចេកវិទ្យា AI មិនទាន់​អាចធ្វើ​បាន។ ជំនាញ​ទី2គឺ​ជំនាញ​ក្នុង​ការគិត​ស៊ីជម្រៅ (critical thinking) ជា​ជំនាញ​ដែល​មនុស្ស​អាច​វិភាគ​ទិន្នន័យ​ដែល​ទទួលបាន​ពី​ឧបករណ៍​អេឡិចត្រូនិក ឬ​ការស្រាវជ្រាវ​ដើម្បី​បកប្រែ និង​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវតាមស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ និង​ការធ្វើ​អាជីវកម្ម។ ជំនាញ​ទី3 គឺ​ជំនាញ​ច្នៃប្រឌិត ដែល​វា​ជា​សមត្ថ-ភាពក្នុងការរុករករបក​គំហើញថ្មីៗដែលអាចដោះ-ស្រាយបញ្ហាសំខាន់ៗរបស់​មនុស្ស ហើយ​ជំរុញ​ឱ្យ​ស្ថាប័ន​មានការ​អភិវឌ្ឍ​បាន​លឿន​នៅក្នុងពិភពលោក​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង។

ចំណែកឯ​ជំនាញ​សំខាន់​មួយ​ផ្សេងទៀត​ដែល​កំពុង​ស្ថិតក្នុង​តម្រូវការ​របស់​មនុស្ស​គ្រប់​សម័យកាល​គឺ​ជំនាញ​ក្នុងការ​គ្រប់គ្រង​មនុស្ស។ ថ្វីត្បិតតែ​ពិភពលោក​ប្រើប្រាស់​ម៉ាស៊ីន​ច្រើន​ក៏ពិតមែន តែ​ពិភពលោក​មិនអាច​គ្មាន​មនុស្ស​ធ្វើការ​នោះទេ ហេតុនេះ​ជំនាញ​នេះ​ចាំបាច់​ក្នុង​ការជំរុញឱ្យ​ការធ្វើការងារ​ជា​ក្រុម​អាច​ធ្វើទៅ​រលូន និង​ដល់​គោលដៅ​លឿន​ជា​ផ្នែក​នានា៕

Advertisement