ឪពុកម្តាយ​គួរ​យល់​ពី​វិធី​ដែល​ធ្វើឱ្យ​ក្មេងជំនាន់ក្រោយ​ខ្លាំង​ជាង​ខ្លួន

បញ្ហា​ប្រឈម​នាពេល​ប​ច្ចុ​ប្ប​ននេះ​មាន​ឪពុកម្តាយ​វ័យក្មេង​ជាច្រើន​ដែល​បាន​បង្កើត​គ្រួសារ តែ​មិនទាន់​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​អាណាព្យាបាល​ដែលមាន​សមត្ថភាព​តម្រង់​ទិស​ដល់​កូន ដែល​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​អនាគត​រប​ស់​កូន និង​វា​ក៏​ឆ្លុះបញ្ចាំង​ពី​អនាគត​របស់​សង្គម​ផងដែរ ព្រោះ​កុមារ​ជា​អ្នក​បន្តវេន​របស់​សង្គម​លើ​គ្រប់​វិស័យ។

លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន @Home Photography បានលើកឡើង​នៅក្នុង​កម្មវិធី Ignite Phnom Penh ថា អាណាព្យាបាល​មួយចំនួន​មិនទាន់​យល់​ពីអ្វី​ដែល​ក្មេង​ត្រូវការ​ពិតប្រាកដ​នោះទេ ជាក់ស្តែង​យើង​ឃើញ​មាន​អាណាព្យាបាល​ខ្លះ​បានផ្តល់​ឧបករណ៍​អេឡិចត្រូនិក​ដល់​កូន​ដើម្បីឱ្យ​ពួកគេ​រវល់​ជាមួយនឹង​ការលេង​ឧបករណ៍​ទាំងអស់នោះ ហើយ​គាត់​មាន​ពេលទំនេរ​សម្រាប់​ការងារ​ផ្ទាល់ខ្លួន។ ចំណុច​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​កុមារ​ជា​វ័យ​ដែល​កំពុង​ចង់​ចេះចង់ដឹង​បំផុត។ ផ្ទុយ​មកវិញ កុមារ​តែងតែ​ចង់ឱ្យ​មនុស្ស​ធំ ជាពិសេស​ឪពុកម្តាយ​នៅ​ជិត​គេ​ឱ្យបាន​ច្រើន​ដើម្បី​លើកទឹកចិត្ត បណ្តុះ​គំនិត និង​បង្កើត​ភាព​រីករាយ​ប្រកបដោយ​ភាព​វិជ្ជមាន​ដល់​ពួកគេ។

លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន @Home Photography

លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “កុមារ​ជា​វ័យ​ដែល​ចង់​ចេះ​ចង់ដឹង និង​សួរ​ច្រើន​បំផុត ហេតុនេះ​ប្រសិនបើ​យើង​ចង់ឱ្យ​គាត់​ក្លាយជា​អ្នកវិទ្យាសាស្ត្រ វា​ជា​ពេល​ល្អ​ដែល​យើង​អាច​និយាយ​រឿង​វិទ្យាសាស្ត្រ​ដល់​គេ​ដើម្បី​បណ្តុះ​គ្រាប់ពូជ​នៃ​គំនិត​ដល់កូនតូចៗឱ្យ​ក្លាយជា​អ្នក​ដែលមាន​សមត្ថភាព និង​ខិតខំ​ប្រឹងប្រែង​នៅ​ថ្ងៃ​អនាគត”។

បើតាម​លោក វណ្ណ​ថា កុមារ​ត្រូវការ​ការរៀនសូត្រ​ពី​គ្រប់​ទីកន្លែង មិនមែន​គ្រាន់តែ​រៀន​ពីសា​លា​នោះទេ។ កុមារ​ត្រូវ​ការរៀន​ពី​ការសង្កេត រៀន​ពី​ការ​ស្តាប់ រៀន​ពី​ការលើកទឹកចិត្ត និង​ជំរុញ​ពី​មនុស្ស​នៅ​ជុំវិញខ្លួន។ សូម​កុំឱ្យ​ពេលវេលា​ដឹកមុខ​កុមារ​ដោយ​ការ​បណ្តោយឱ្យ​ពួកគេ​លេង​ឧបករណ៍​អេឡិចត្រូនិក​ដែល​បង្ក​ភាពអវិជ្ជមាន​ដល់​ពួកគេ។

ក្រោយ​ពេលដែល​កុមារ​ធំ​ឡើង​លោក​វណ្ណ​ថាលើកឡើងថា អាណាព្យាបាល​ចាំបាច់​ត្រូវ​តម្រង់ទិស និង​ជំរុញ​លើកទឹកចិត្ត​គេ​ដោយផ្ទាល់ និង​ជំរុញ​គេ​ឱ្យ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត ការងារ​ក្រុមហ៊ុន ឬ​ការងារសំខាន់ៗមួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ឱ្យគេ​ទទួលបាន​នូវ​បទពិសោធជីវិតល្អ។ អ្វីដែល​ពួកគេ​ចង់បាន​គឺ​ចំណេះដឹង មិនមែន​លុយកាក់​នោះទេ ហេតុនេះ​អាណាព្យាបាលត្រូវតែ​ឈរ​នៅក្បែរដើម្បី​ធ្វើជា​មិត្ត​ភ័ក្តិ​ពួកគេ និង​នៅចាំ​ជួយ​លើកទឹកចិត្ត​ពួកគេ​នៅពេលដែល​គេ​មាន​កំហុសឆ្គង ឬ​ត្រូវការ​ជំនួយ។

បន្ទាប់ពី​ឆ្លង​ផុត​សាលា បើទោះបីជា​យើង​មានលទ្ធភាព​ខ្ពស់ ឬ​ក្មេង​នោះ​ជា​កូនអ្នកមាន​ក៏ដោយ អ្វីដែល​អាណាព្យាបាល​ត្រូវធ្វើ មិនមែន​ពាំង​កូន​មួយជីវិត​ទេ តែ​ត្រូវ​បណ្តោយ​ឱ្យគេ​រៀន​ឆ្លងកាត់​ការលំបាក និង​បង្កើន​ភាពរឹងមាំ​ដោយ​ខ្លួនឯង។ មិន​ថា​ការងារ​សាលា ការងារ​ឯកជន​រប​ស់​ខ្លួនគេ ឬ​ការងារ​ក្រុមហ៊ុន​នោះទេ យើង​ត្រូវតែ​ជំរុញ​ឱ្យគេ​ចូលរួម​ធ្វើ និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង តែ​ស្ថិតក្នុងស្ថានភាពជាធម្មតា​ទេ មនុស្ស​ណា​ក៏មាន​កំហុស​ដែរ ហើយ​ពេលខ្លះ​កំហុស​លើកដំបូង​ជា​កំហុស​ល្អ ដែលកូនៗអាច​រៀន​ពីបទ​ពិសោធ​ជីវិត។

លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “កំហុស​ដំបូង គឺជា​កំហុស​ល្អ កុំ​ឱ្យតែ​កំហុស​ដែល​កើតឡើង​ដោយ​ការ​ខ្ជិល និង​កំហុស​ដដែល​ទើប​ជា​រឿង​អាក្រក់។ ហេតុនេះ​យើង​ត្រូវ​ប្រាប់​គាត់​ពី​កន្លែង​ត្រូវ និង​បង្រៀន​ឱ្យ​កូន​ទទួលស្គាល់​ការពិត​ថា មួយណា​ជា​កំហុស​ល្អ និង​មួយណា​ជា​កំហុស​អាក្រក់”។

ប្រធាន​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​ថតរូប​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បណ្តុះបណ្តាលកូនៗឱ្យមាន​សមត្ថភាព​ខ្លាំង​ជាង​ពួកយើង​ជំនាន់​នេះ យើង​ត្រូវអនុវត្ត​នូវ​ជំហាន​ចំនួន3 គឺ​ជំរុញកូនៗឱ្យ​រៀន​ដោយ​ការសង្កេត រៀន​ដោយ​ការអនុវត្ត និង​រៀន​ដោយ​ការទទួលខុសត្រូវ៕

Advertisement