ពិភពលោក​កំពុង​ចាប់អារម្មណ៍​ដាំ​ដើមឈើ​ឡើងវិញ​ដោយ​ប្រើ​បច្ចេកវិទ្យា

ការប្រើប្រាស់​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ​នៅលើ​ពិភពលោកបានក្លាយ​ជា​ចំណុច​គួរឱ្យ​ព្រួយបារម្ភ​មួយ​របស់​មនុស្សជាតិ ព្រោះ​បើតាម​ទិន្នន័យ​ដែល​ចេញ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោកបានបង្ហាញ​ថា ​ជា​មធ្យមយើង​ប្រើ-ប្រាស់​ដើមឈើ​អស់​ប្រមាណ 15ពាន់​លាន​ដើម​ក្នុង​មួយឆ្នាំ ខណៈ​ការដាំ​ឡើងវិញ​មាន​ចំនួន​ត្រឹមតែ9ពាន់​លាន​ដើម​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។ ផ្អែក​តាម​ទិន្នន័យ​នេះ យើង​ឃើញថា​ពិភពលោក​បាន​បាត់បង់​ដើមឈើ​ជាង 6ពាន់​លាន​ដើម​ក្នុងមួយឆ្នាំៗ ដែល​ចំនួន​នេះ​ជា​កត្តា​សំខាន់​មួយ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់។

កត្តា​ដែលនាំឱ្យ​មានការ​ដាំ​ដើមឈើ​ឡើងវិញ​យឺត​នេះ ត្រូវបាន​គេ​ឃើញថា វា​បណ្តាលមកពី​បញ្ហា​តម្លៃ​ចំណាយ​នៃ​ការដាំ និង​ថែទាំ រួមទាំង​កត្តា​ប្រឈម​មួយចំនួនទៀត។ ហេតុនេះហើយ​ទើប​អ្នកវិទ្យាសាស្ត្រ​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ រុករក គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើយ៉ាងណា​បំពេញ​ដី​ទំនេរ​ដែល​នៅសល់​លើ​ពិ​ភព​លោក ដោយ​ការដាំ​ដើមឈើ​ឡើងវិញ ជាមួយនឹង​ការចំណាយ​ទាប តែ​បាន​ផល​ច្រើន។

ជា​ដំណោះស្រាយ​ក្រុមហ៊ុន BioCarbon Engineering របស់​អង់គ្លេស បាន​បង្កើត Drone ប្រភេទ​ថ្មី​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ ក្នុងតម្លៃ​ធូរ​ថ្លៃ ឆាប់រហ័ស និង​ទទួលបាន​ផល​ខ្ពស់។ Drone ប្រភេទ​ថ្មី​នេះ​អាច​ដាំ​ដើមឈើ​នៅ​គ្រប់កន្លែង​ទាំងអស់ រួមទាំង​កន្លែង​ដែល​មនុស្ស​ពិបាក​ទៅដល់។

ជា​ដំណាក់កាល​ដំបូង Drone នឹងធ្វើ​ការ​ស្គែ​ន​ទៅលើ​សណ្ឋាន​ដី​ដើម្បី​បង្កើត​ផែនទី​ជា​រូបភាព 3D បន្ទាប់មក​វា​នឹង​បង្ហាញ​លទ្ធផល​នៃ​ការ​គណនា​ពី​ចំនួន​គ្រាប់​រុក្ខជាតិ​ដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​ដាំ​លើ​ផ្ទៃដី​ទាំងអស់នោះ។ Drone ទាំងនេះ​អាចធ្វើ​ការដាំដុះ​បាន​រហូតដល់​ទៅ 100,000ដើម​ក្នុង​មួយថ្ងៃ ហើយ​ប្រសិនបើ​គេ​ប្រើ​វា​ជា​ក្រុម​យើង​អាច​នឹង​ដាំ​ដើមឈើ​បាន​រហូតដល់​ទៅ 1ពាន់​លាន​ដើម​ក្នុង​មួយឆ្នាំ។

ប្រព័ន្ធ​នៃ​ការដាំ​ដើមឈើ​ថ្មី​នេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​អាច​នឹង​បណ្តុះ​ដើមឈើ​បាន​លឿន​ជាង​វិធីសាស្ត្រ​ធម្មតា​ដល់​ទៅ 10ដង និង​ចំណាយ​តិចជាង​ការដាំដុះ​ដោយ​ដៃ​ចំនួន 20%។ មូល​ហេតុដែល​នាំឱ្យមាន​ភាព​ចំណេញ​នេះ គឺ​មកពី​វា​មិន​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការដាំ​នោះទេ ព្រោះ​វា​ជា​គ្រឿង​ម៉ាស៊ីន​ដែល​មិន​ដើរ​លើដី ឬ​ចាំបាច់​ទាល់​-តែមាន​ផ្លូវ​ទើប​ចូលទៅ​ដាំ​បាន​នោះទេ។ Drone នឹង​ហោះ​លើ​ផ្ទៃដី​ដើម្បី​ព្រោះ​គ្រាប់​រុក្ខជាតិ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត។

អ្នកជំនាញ​បានធ្វើការ​សាកល្បង Drone ប្រភេទ​នេះ​នៅលើ​កន្លែង​ជាច្រើន ហើយ​ពួកគេ​ក៏​ធ្លាប់បានសាកល្បង​ដាំ​ដើមឈើ​ឡើងវិញ នៅ​តំបន់សំខាន់ៗក្នុងប្រទេស​អូស្ត្រាលី​ថែម​ទៀតផង។ លើសពីនេះទៅទៀត វា​ក៏​នឹង​ក្លាយជា​ឧបករណ៍​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​វិស័យ​កសិកម្ម ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ពី​បច្ចេកវិទ្យា​ដែលមាន​ផលប៉ះពាល់​តិច​បំផុត៕

Advertisement