សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំមុន អាច​ដក​សញ្ញាបត្រ​នៅ​ឆ្នាំនេះ​បាន

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​មួយ​កាលពី​ព្រឹក​មិញ​នេះ​ឱ្យ​មន្ត្រី​អប់រំ​នៅតាម​មន្ទីរ​នានា​នៅ​ទូទាំងប្រទេស​មក​យក​សន្លឹក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​សម័យ​ប្រឡង​ថ្ងៃទី21 ខែសីហា ឆ្នាំ2017។

សន្លឹក​សញ្ញាបត្រ​នេះ​ត្រូវបាន​ផលិត​រួចរាល់ និង​ចែកជូន​បេក្ខជន​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ឥតគិតថ្លៃ។ ក្រសួង​ក៏បាន​ណែ​នាំឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា នៅ​ទូទាំងប្រទេស​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​សិស្ស​មក​ដកយក​សញ្ញាបត្រ​របស់ខ្លួន​ឱ្យបាន​គ្រប់គ្នា។

គួរ​បញ្ជាក់ថា មុនពេល​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ សិស្ស​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ​ទើប​អាច​ដក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​របស់ខ្លួន​បាន តែ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព​ន្លឿ​ន​ការបោះពុម្ព​សន្លឹក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​បេក្ខជន​ទាំងអស់​ដែល​បាន​ប្រឡង​បាក់​ឌុប​ជាប់​អាច​ដក​សញ្ញាបត្រ​ផ្លូវការ​របស់ខ្លួន​ដើម្បី​ប្រើប្រាស់​បាន​យ៉ាង​លឿន៕

Advertisement