ស្មាតហ្វូន 2 ម៉ូដែល របស់ Sony ត្រៀមចេញលក់នៅកម្ពុជា

ក្រោយពីស្ងាត់ស្ងៀមក្នុងទីផ្សារស្មាតហ្វូនកម្ពុជាអស់មួយរយៈ ថ្មីៗនេះ ក្រុមហ៊ុន Sony បាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីស្ដារប្រជាប្រិយភាពឡើងវិញ ដោយបានដាក់ចេញនូវទូរស័ព្ទស៊េរីថ្មី ទាន់សភាពការណ៍ បន្ទាន់ៗគ្នា ដូចនឹងទីផ្សារនៅឯបរទេសដែរ ដែលនៅក្នុងនោះមានស្មាតហ្វូនស៊េរីថ្មីចុងក្រោយ 2 ម៉ូដែល ដែលនឹងត្រៀមបង្ហាញខ្លួននៅចុងខែឧសភានេះ។

តាមការចុះផ្សាយលើគណនីគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន Xperia – Sony Smartphone by 8G Plus Communications Co.,Ltd ដែលជាក្រុមហ៊ុនទទួលចែកចាយស្របច្បាប់នូវផលិតទូរស័ព្ទ Sony ក្នុងទីផ្សារកម្ពុជានោះ បានឱ្យដឹងថា ស្មាតហ្វូនដំបូងគេលើពិភពលោកដែលមានគុណភាពឣេក្រង់ HDR កម្រិត 4K (3840 x 2160 Pixels) និងទូរស័ព្ទថ្នាក់កណ្ដាលមួយទៀតនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅចុងខែឧសភា ឆ្នាំ 2017 ខាងមុខនេះ។

ទូរស័ព្ទដែលក្រុមហ៊ុនត្រៀមបើកសម្ពោធដាក់លក់ជាផ្លូវការនោះមាន ទូរស័ព្ទ Sony Xperia XZ Premium ដែលមានតម្លៃប្រមាណជា 699ដុល្លារ និង Xperia XA1 Ultra ដែលមានតម្លៃប្រហាក់ប្រហែល 399ដុល្លារ។ សម្រាប់ទូរស័ព្ទ Xperia XZ Premium មានបំពាក់មុខងារថតរូប Slow Motion ក្នុងកម្រិត 960fps មានសមត្ថភាពខ្លាំងដែលមិនមានស្មាតហ្វូនណាអាចធ្វើបានដូច ដែលជាផ្នែកមួយរបស់កាមេរ៉ា Motion Eye ពីក្រុមហ៊ុន Sony ដែលមានតែនៅលើ Xperia XZ និង Xperia XZ Premium ប៉ុណ្ណោះ។

ដោយឡែកទូរស័ព្ទ XA1 Ultra ដែលមានទំហំ 6 អ៊ីង Full HD នឹងមានបំពាក់ដោយកាមេរ៉ាមុខទំហំ 16 MP និងមានកម្រិត Aperture f2.0 ហើយខាងក្រោយមានទំហំ 23 MP ដូចគ្នានឹងទៅនឹងទូរស័ព្ទ Xperia XZ ដែរ។

ការត្រៀមបង្ហាញខ្លួននេះ ប្រិយមិត្តដែលនិយមប្រើ Sony Xperia ក៏អាចធ្វើការ Pre-Order ទុកមុន ចាប់ពីថ្ងៃនេះតទៅ ហើយនឹងអាចទទួលបានទូរស័ព្ទនៅដើមខែមិថុនា ឆ្នាំ 2017 ខាងមុខឆាប់ៗនេះ៕

Advertisement