ក្រសួងអប់រំកម្ពុជា ពិភាក្សាការរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ

ថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិ សម្រាប់ការរង្វាយតម្លៃកម្រិតសិស្សអន្តរជាតិដើម្បីការអភិវឌ្ឍលើកទី៤ និងកម្មវិធីប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍលើកទី៥ នៅខេត្តសៀមរាប។

បើតាមការបង្ហាញជាផ្លូវការនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីនេះបានធ្វើឡើងក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសជាសមាជិកមួយចំនួនដូចជា អេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ ប៉ាណាម៉ា ប៉ារ៉ាហ្កាយ សេណាហ្គាល់ ហ្សំប៊ី ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញ មកពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) តំណាងអង្គការជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។

ប្រធានបទសំខាន់នៃកិច្ចប្រជុំខាងលើនេះគឺការពិនិត្យឡើងវិញ និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តការសិក្សាសំខាន់ៗដើម្បីផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានឱកាសក្នុងការវាយតម្លៃ និងយកបទពិសោធនៃការវាយតម្លៃនោះទៅប្រើប្រាស់ដើម្បីកែលម្អ ឬអភិវឌ្ឍគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀនជាដើម៕

Advertisement