អង្គរវត្តទទួលពានរង្វាន់ “​សំណង់ប្រវត្តិសាស្រ្តអស្ចារ្យបំផុត” លើពិភពលោក

ជារៀងរាល់ឆ្នាំកេរ្តិ៍ឈ្មោះនៃប្រាសាទអង្គរវត្ត​ បានផ្សព្វផ្សាយ​ទៅកាន់មនុស្សគ្រប់ទីកន្លែងលើពិភពលោក និងធ្លាប់ជាប់ជា​​គោលដៅទេសចរណ៍លេខ1លើពិភពលោក ដែលធ្វើឱ្យ​ភ្ញៀវទេសចរ​ជាច្រើនលាននាក់​បាន​សម្រុក​ចូល​មក​ទស្សនា​ច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

សំណង់​ស្ថាបត្យកម្មប្រកបដោយ​គុណតម្លៃ និង​អច្ឆរិយភាពនេះត្រូវបានភ្នាក់ងារ​ប្រឹក្សាយោបល់​លើការធ្វើដំណើរ (Trip Advisor) គ្រោងរៀបចំ​កម្មវិធីប្រគល់​ពានរង្វាន់​​ចំណាត់ថ្នាក់លេខ1 ផ្នែកសំណង់ប្រវត្តិសាស្រ្តអស្ចារ្យបំផុតលើពិភពលោក នៅថ្ងៃទី9 ខែសីហា ឆ្នាំ2018 ខាងមុខនេះ។

ប្រធាននាយកដ្ឋាន​ទីផ្សារទេសចរណ៍ក្រៅប្រទេស លោក ឡោ ធួរ៉ា បានលើកឡើងថា ការជ្រើសរើសយកប្រាសាទអង្គវត្តឱ្យជាប់ចំណាត់ថ្នាក់លេខ1 ជាគោលដៅទេសចរណ៍​ល្អជាងគេលើពិភពលោកនេះ គឺដោយសារតែ Trip Advisor បានដាក់គោលដៅទេសចរណ៍ល្បីៗចំនួនជាង 700កន្លែងឱ្យភ្ញៀវទេសចរជ្រើសរើស និងបោះឆ្នោត។ ជាលទ្ធផល​ប្រាសាទអង្គរវត្តជាកន្លែងដែលទទួលបានសំឡេងគាំទ្រច្រើនបំផុត ក្នុងចំណោមសំណង់ប្រវត្តិសាស្រ្ត​ល្បីៗក្នុងពិភពលោក​ចំនួន 25កន្លែងក្នុងឆ្នាំ2018នេះ។

លោក ឡោ ធួរ៉ា បានមានប្រសាសន៍ថា៖ «ការរៀបចំកម្មវិធីអបអរសាទរ និងពិធីប្រគល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​1 ដល់​ប្រាសាទ​អង្គរវត្ត​កម្ពុជានេះ គឺដើម្បីរួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងបង្ហាញពីមុខមាត់របស់កម្ពុជា ជាពិសេសនឹងធ្វើឱ្យអង្គរវត្ដក្លាយទៅជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញឱ្យភ្ញៀវទេសចរចូលមកទស្សនាកាន់តែច្រើនថែមទៀតនាពេលអនាគត»។

តាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អង្គរវត្ដត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ និងទទួលបានចំណាត់លេខ1ជាច្រើនឆ្នាំជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា ដោយកាលពីឆ្នាំ2014 អង្គរបានជាប់ចំណាត់ថ្នាក់លេខ1 នៅលើគេហទំព័រ ArchaeoMadness ដែលបានជ្រើសយក​តំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។

នៅដើមឆ្នាំ2015 ប្រាសាទអង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ1 ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយពីតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រTripAdvisor។ នៅឆ្នាំ2016 អង្គរបានបន្តជាប់លេខ1បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក។ ចំណែកឯឆ្នាំ2017 និងឆ្នាំ2018នេះ TripAdvisorបានបន្តផ្តល់ចំណាត់ថ្នាក់លេខ1 ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងឋានៈជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក៕

Advertisement