គ្រាន់តែឆ្លើយសំណួរឱ្យត្រូវ​ យើងនឹងអាចជួយកុមារ​ឱ្យក្លាយជាមនុស្សពូកែបាន

កុមារមិនស្តាប់ហេតុផល ឬក្លាយជាមនុស្សរឹងទទឹងមិនមែនជាកំហុសកុមារទាំងស្រុងនោះទេ តែវាអាចជាបញ្ហារបស់មនុស្សធំដែលរស់នៅជុំវិញពួកគេ ព្រោះ​ក្មេង​ជាអ្នកដែលមានខួរក្បាលទទេស្អាតហើយ​គ្រប់ឥរិយាបថដែលគេស្តែងឡើង​គឺជាការថតយករូបភាព​ពីមនុស្សធំ។ ម្យ៉ាងវិញទៀត កុមារ​ភាគច្រើន​អាចវិភាគរឿងរ៉ាវគ្រប់យ៉ាងបានដោយផ្អែកលើព័ត៌មានដែលគេទទួលបាន ហេតុនេះប្រសិនបើគេទទួលព័ត៌មានវិជ្ជមានបានច្រើន គេនឹងក្លាយជាមនុស្សល្អ តែប្រសិនបើគេទទួលបានព័ត៌មានអាក្រក់ច្រើន គេនឹងក្លាយជាមនុស្សដែលមិនស្តាប់ហេតុផល ហើយ​ក្លាយជា មេរំខាន និងបង្កើតជាក្តីព្រួយបារម្ភជាច្រើន​សម្រាប់អាណាព្យាបាល។

យោងតាម​ការស្រាវជ្រាវរបស់អ្នកជំនាញអប់រំ​បានឱ្យដឹងថា​កុមារ​ដែលមានវ័យក្រោម​ 6ឆ្នាំ​ សួរសំណួរប្រមាណ​ជាង 400ដងក្នុងមួយថ្ងៃ។ ព្រោះគេចង់ដឹងគ្រប់យ៉ាងដែលគេបានឃើញ ហើយម្យ៉ាងវិញទៀត​កុមារជាវ័យដែលមានការរីកលូតលាស់លឿនបំផុតហេតុនេះធ្វើឱ្យពួកគេក្លាយជាមនុស្សដែលឃ្លានទាំង​ចំណីអាហារ និង​ព័ត៌មានប្លែកៗសម្រាប់ជីវិត។

ជាកំហុសឆ្គងមនុស្សធំជាច្រើន​​តែងតែមានការធុញទ្រាន់ចំពោះសំណួរជាច្រើនដែលពួកគេគិតថាឥតប្រយោជន៍ ហើយឆ្លើយឱ្យតែរួចពីមាត់​ និង​មានអាណាព្យាបាលខ្លះ​ស្តីឱ្យ​កូនៗកុំឱ្យសួរច្រើនថែមទៀតផង។ កត្តាទាំងអស់នេះអាចធ្វើឱ្យពួកគេ​ព្យាយាមស្វែងរកចម្លើយដោយខ្លួនឯង ដោយមិនត្រឹមត្រូវ ហើយថែមទាំង​ក្លាយជាមនុស្សដែលមិនសូវយល់ហេតុផល​ថែមទៀតផង។

ការឆ្លើយសំណួររបស់ក្មេងតូចៗដោយយកចិត្តទុកដាក់ អាចធ្វើឱ្យពួកគេមានភាពកក់ក្តៅ ហើយមិនចង់នៅក្បែរ​ឧបករណ៍អេឡិចត្រូនិកច្រើនពេកនោះទេ ព្រោះ​ពួកគេមានភាពស្និទ្ធស្នាលច្រើន​ជាមួយមនុស្សធំ និងចង់នៅក្បែរមនុស្សធំដើម្បីទទួលបានចម្លើយ​ល្អៗសម្រាប់ពួកគេ។ ម្យ៉ាងវិញទៀត អាណាព្យាបាលក៏អាចប្រើប្រាស់វិធីមួយចំនួន​ដើម្បីកាត់បន្ថយសំណួរប្រកបដោយភាពវិជ្ជមាន ឬ​នាំពួកគេទៅកាន់ពិភព​អប់រំ​ប្រកបដោយ​គំនិតស៊ីជម្រៅ និងហេតុផល​ល្អៗជាច្រើន​សម្រាប់ជីវិតដែលវាជាមូលដ្ឋានគ្រឹះក្នុងការកសាងចរិតលក្ខណៈ និង​ឥរិយាបថល្អសម្រាប់ក្មេងៗ។

កូនក្មេងឆ្លាតៗភាគច្រើនចូលចិត្តសួរមាតាបិតាពីនេះពីនេាះ

មនុស្សធំគួរតែសប្បាយចិត្តនៅពេលដែល​ក្មេងសួរសំណួរ​ថ្មីៗ ហើយ​ឆ្លើយប្រាប់គេដោយហេតុផលជាក់ស្តែងចំពោះរាល់ចម្ងល់ទាំងអស់នោះ។ ក្រៅពីនេះ​អាណាព្យាបាល​ក៏អាចចាប់យកចម្ងល់តូចមួយរបស់ក្មេងទៅពង្រីកឱ្យគេរីករាយក្នុងការស្វែងយល់​ដោយ​នាំពួកគេឱ្យមើលឃើញពីពិភពជាក់ស្តែងពាក់ព័ន្ធនឹង​អ្វីដែលគេសួរបានយ៉ាងល្អ។ ជាឧទាហរណ៍ ប្រសិនបើក្មេង​សួរពី​ប្រភេទបន្លែ យើងអាច​នាំពួកគេទៅកាន់សួនបន្លែដែលដាំនៅក្បែរផ្ទះ យកសៀវភៅវចនានុក្រមរូបភាព ឬស្វែងរកឱកាសល្អណាមួយដើម្បីនាំពួកគេទៅផ្សារ​ដើម្បីបង្ហាញពួកគេឱ្យឃើញពីប្រភេទបន្លែជាច្រើនទៀតដែលគេមិនទាន់ស្គាល់ ហើយបើពួកគេចាប់អារម្មណ៍ខ្លាំងពីវា យើងក៏អាចពន្យល់ពួកគេពីវិធីដែលគេដាំវាបានថែមទៀតផង។

ថ្វីត្បិតតែប្រភពព័ត៌មានខ្លះ វាមើលទៅដូចជាច្រើនហួសពីអ្វីដែលជាការគិតរបស់ក្មេង តែ​ធាតុពិត​សម្តីដែលក្មេងៗបានស្តាប់នឹងក្លាយជា​ប្រភព​ព័ត៌មានសម្រាប់ពួកគេ និង​អាចជួយរំឭកគេឱ្យមានការចងចាំបានកាន់តែល្អនៅពេលដែលគេជាប់ករណីជាក់ស្តែង។ ស្ថានភាពនេះហើយដែលយើងឃើញថា​ពេលខ្លះ​ក្មេងៗ មួយចំនួន​អាចដោះ-ស្រាយបញ្ហាបានល្អ ឬមានភាពឆ្លាតវៃជាងក្មេងដទៃ គឺដោយសារតែគេចំណាំនូវព័ត៌មាន​ងាយៗដែលមនុស្សធំណែនាំបានច្រើន។

វិធីសាស្រ្តល្អមួយផ្សេងទៀតដើម្បី​នាំក្មេងឱ្យ​យល់កាន់តែច្បាស់ពីការរស់នៅ និង​រីករាយជាមួយនឹង​សំណួរដែលគេសួរ អាណាព្យាបាល​អាច​ព្យាយាមអានរឿងខ្លីៗសម្រាប់កុមារ​ឱ្យបានច្រើន​ដើម្បីយកទៅនិយាយបន្តប្រាប់ពួកគេ នៅពេលដែលគេសួរពីហេតុផលនៃការរស់នៅ។

ជាទូទៅ រឿងកុមារ ជាប្រភេទរឿងដែល​មាន​តួអង្គតិច ងាយចាំ តែ​បញ្ចប់ដោយ​តម្លៃអប់រំ​ល្អៗ សម្រាប់នាំក្មេងឱ្យ​ក្លាយជាមនុស្សពូកែ ហេតុនេះ​ក្នុងករណីដែលក្មេងមិនទាន់ចេះអានដោយខ្លួនឯងអាណាព្យាបាល​អាច​ជ្រើសរើស​យក​វិធីនេះទៅប្រើប្រាស់បាន ព្រោះនៅពេលដែលពួកគេឆ្ងល់ពីរឿងណាមួយ​ដែលពិបាកពន្យល់​ យើងអាចលើករឿងខ្លីៗដែលពាក់ព័ន្ធនឹងចំណុចនោះដើម្បីប្រាប់គេ។ នេះជាវិធីដ៏ទាក់ទាញមួយដែលអ្នកជំនាញអប់រំណែនាំ ព្រោះវាអាចធ្វើឱ្យក្មេងរីករាយ​ក្នុងការទទួលចម្លើយ ហើយថែមទាំង​អាចរៀន​ពីចំណុចល្អៗដោយមិនបាច់បង្ខំ។

ម្យ៉ាងវិញទៀត ដើម្បីឆ្លើយតបនឹងរឿង​រ៉ាវ​នានាដែលកុមារឆ្ងល់ឱ្យបានល្អ អាណាព្យាបាល​ក៏អាចយកចិត្តទុកដាក់​កត់ចំណាំ​រឿង​រ៉ាវដែលពួកគេសួរមួយចំនួន​ ដើម្បី​ប្រាប់គេជាក់ស្តែងនៅពេលមានឱកាសល្អនាំគេធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ឬ​ឃើញរឿង​ជាក់ស្តែងមួយចំនួន​ដោយចៃដន្យ ដើម្បីឱ្យគេបានសិក្សា ហើយយល់កាន់តែច្បាស់៕

Advertisement