ជីវប្រវត្តិសំខាន់ៗរបស់​ព្រឹទ្ធាចារ្យ «យូ បូ» គ្រូធំ​ផ្នែក​សារព័ត៌មាន និង​អ្នកនិពន្ធ​កម្ពុជា

នៅក្នុង​វិស័យ​តែង​និពន្ធ​កម្ពុជា មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់​ព្រឹទ្ធាចារ្យ យូ បូ ស្ថាបនិក​ដ៏​សំខាន់​មួយរូប​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ សាស្ត្រាចារ្យ​អក្សរសាស្ត្រ និង​ជា​អតីត​អ្នកសារព័ត៌មាន​ជើងចាស់​របស់​កម្ពុជា។

លោក​ព្រឹទ្ធាចារ្យ យូ បូ បានកើត​នៅ​ថ្ងៃទី6 ខែមេសា ឆ្នាំ1942 រស់នៅក្នុង​សង្កាត់​ដង្កោ ស្រុក​ដង្កោ ខេត្តកណ្តាល ដែល​បច្ចុប្បន្ន​ជា​ខណ្ឌដង្កោ​នៃ​រាជធានី​ភ្នំពេញ។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ1962 ហើយ​ចាប់ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ឆ្នាំ1962 ដល់​ឆ្នាំ1963 និង​បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃទី13 ខែមិថុនា ឆ្នាំ1963។

ក្រោយ​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​មួយឆ្នាំ លោក​សាស្ត្រាចារ្យ យូ បូ បាន​ចូល​បម្រើ​ការងារ​ជា​អ្នកសារព័ត៌មាន​នៃ​កាសែត​មាតុភូមិ និង​បាន​អភិវឌ្ឍ​ក្លាយជា​និពន្ធ​នាយក​របស់​កាសែត​សុភ​មិត្រ​នៅ​ឆ្នាំ1967 ហើយ​ស្ថិតនៅលើ​វិស័យ​សារព័ត៌មាន​នេះដែរ លោក​បាន​ផ្លាស់​ទៅធ្វើជា​ចាងហ្វាង​កាសែត​រាស្ត្រនិយម។ ក្រោយមក​ចន្លោះ​ពី​ឆ្នាំ1970 ដល់​ឆ្នាំ1975 លោក​នៅតែ​បន្តធ្វើ​ការងារ​ជា​អ្នកសារព័ត៌មាន តែ​លោក​បាន​បន្ថែម​អាជីព​មួយទៀត គឺជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក។

ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ចន្លោះ​ឆ្នាំ1979 ដល់​ឆ្នាំ1990 លោក​ព្រឹទ្ធាចារ្យ យូ បូ បាន​ធ្វើជា​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ហើយ​នៅ​ចន្លោះ​ឆ្នាំ1993 លោក​បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នកសារព័ត៌មាន​វិញ ដែល​កាលណោះ​លោក​ជា​ចាងហ្វាង​កាសែត​យុត្តិធម៌ មុននឹង​ចាប់ផ្តើម​រៀបចំ​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាថ្មី​ឡើងវិញ នៅ​ថ្ងៃទី12 ខែមេសា ឆ្នាំ1993ដដែល​នោះ។

ទន្ទឹមនឹងនេះ លោក​ក៏បាន​ចាប់​អាជីព​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ឡើងវិញ​ផងដែរ នៅ​ចន្លោះ​ឆ្នាំ1993 ដល់​ឆ្នាំ1995។ ស្របពេល​ជាមួយគ្នា​នោះ​លោក​ក៏បាន​បំពេញ​តួនាទី​ជា​អ្នកបកប្រែ​ភាសា​ឱ្យ​អ៊ុនតាក់​ផងដែរ នៅក្នុង​ខេត្តបន្ទាយមានជ័យ បន្ថែម​ពីលើ​អាជីព​របស់លោក​ជា​សាស្ត្រាចារ្យ និង​ចាងហ្វាង​សារព័ត៌មាន។

លោក​ព្រឹទ្ធាចារ្យ យូ បូ បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការ​តែង​និពន្ធ តាមរយៈ​កា​បណ្តុះបណ្តាល​យុវជន​ខ្មែរ​ជាច្រើន និង​បង្កើត​ស្នាដៃ​និពន្ធ​ប្រកបដោយ​គុណ​តម្លៃ។ ស្នាដៃ​និពន្ធ​របស់លោក​ដែលមាន​ការគាំទ្រ​ច្រើន​មានដូចជា៖

– រឿង មាគ៌ា​សុខ
– រឿង បុរស​ឈើចាក់ធ្មេញ
– រឿង គ្រូពេទ្យ​អាយុ 190ឆ្នាំ
– រឿង នារី​បាត់​ខ្លូន
– រឿង ទេពធីតា​កោះ​ចេនឡា
– រឿង ដាវ​ដោះ​ក្រមុំ
– រឿង ក្រុម​កុមារ​ឃ្លោក​ទិព្វ
– រឿង ភ្លើង​ស្នេហ៍​ភក្តី
– រឿង ង្វៀង ម៉ាញ់​ត្វិ​ន (ប្រលោមលោក​បកប្រែ​ពី​ភាសា​វៀតណាម​មកជា​ភាសា​ខ្មែរ)៕

Advertisement