ចង់ក្លាយជាមនុស្សរឹងមាំ​ និងជោគជ័យត្រូវតែ​ហ៊ាន​ទុកចិត្តលើខ្លួនឯង

មនុស្សស្ទើរគ្រប់គ្នាលើពិភពលោកសុទ្ធតែចង់ក្លាយជាមនុស្សរឹងមាំ មានឧត្តមភាពសម្រាប់ការរស់នៅ និងទទួលបានការឱ្យតម្លៃពីអ្នកដទៃជា-ដើម។ តែអ្វីដែលជាកត្តាប្រឈម​សម្រាប់ពួកគេ គឺមនុស្សចូលចិត្ត​ពឹងផ្អែកលើកត្តាក្រៅខ្លួនច្រើនជាងការអភិវឌ្ឍខ្លួនឯង ដែលធ្វើឱ្យ​ពួកគេមិនទុកចិត្តលើខ្លួនឯង ស្របពេលដែលមនុស្សតិចតួចប៉ុណ្ណោះអាចសម្រេចក្តីស្រមៃទាំងអស់នោះ។

លោកស្រី តូច សុជាតា នាយិកា​ក្រុមហ៊ុន InspiredIn Cambodia បានលើកឡើងថា ទំនុកចិត្តលើខ្លួនឯងជារឿងសំខាន់បំផុតដែលអាចធ្វើឱ្យ​មនុស្សទទួលបាននូវភាពរឹងមាំ និង​ជម្នះបាននូវឧបសគ្គជីវិតនានា។ នៅពេលដែលយើងមានទំនុកចិត្ត យើងនឹងអាចមានកម្លាំងគ្រប់គ្រាន់ដើម្បី​បង្តើតឱកាសសម្រាប់ខ្លួនឯង ដើម្បីក្លាយជាអ្នកដឹកនាំ ឬបង្កើតសមិទ្ធផលសំខាន់ៗសម្រាប់មនុស្ស។

លោកស្រី តូច សុជាតា នាយិកា​ក្រុមហ៊ុន InspiredIn Cambodia

លោកស្រីធ្លាប់រំឭកថា កាលពីមុនលោកស្រីជា​បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល​ធ្វើការងារផ្នែកពង្រឹងភាពអង់អាចដល់ស្ត្រី ដែលមានបទពិសោធជាង 10ឆ្នាំ ជាមួយនឹងប្រាក់ខែសមរម្យ។ នៅក្នុងការងារលោកស្រីមើលឃើញថាទាំងស្ថាប័នរដ្ឋ​ ឯកជន​ និង​ភាគីពាក់ព័ន្ធដទៃទៀតភាគច្រើនមានអ្នកដឹកនាំ​ជាបុរស ចំណែកឯចំនួនស្ត្រីនៅមានតិចតួចនៅឡើយ ហេតុនេះលោកស្រីក៏សម្រេចចិត្ត​ចេញមកបង្កើតអាជីវកម្ម​ដើម្បី​ផ្តល់ការលើកទឹកចិត្តដល់ស្ត្រីជាច្រើនផ្សេងទៀតហ៊ានធ្វើការងារសំខាន់ៗ​។ លោកស្រី តូច សុជាតា បាននិយាយថា៖ “​នៅពេលខ្ញុំចេញពីការងារនៅអង្គការ​ភ្លាម មិនមានអ្នកណាម្នាក់​គាំទ្រនោះទេ ទាំងមិត្តភ័ក្តិ ក្រុមគ្រួសារ និងអ្នកស្គាល់គ្នាផ្សេងទៀត ព្រោះគាត់គិតថា​ខ្ញុំមានបទពិសោធច្រើនឆ្នាំមានឱកាសច្រើនក្នុងការ​ចូលរួមសកម្មភាពប្រជុំទាំងក្នុង និងក្រៅប្រទេស។ ប្រសិនបើខ្ញុំឈប់ពីការងារ ខ្ញុំនឹងប្រឈម​នឹងបញ្ហាហិរញ្ញវត្ថុ។ តែសម្រាប់ខ្ញុំ ខ្ញុំគិតថា​ខ្ញុំនឹងមិនដើរបុកជញ្ជាំងនោះទេ”។

សហគ្រិនខាងលើបានបន្ថែមទៀតថា ប្រសិនបើយើងពិតជាមានជំនឿលើខ្លួនឯង ហើយហ៊ានធ្វើការងារ​ដែលមានភាពទទួលខុសត្រូវខ្ពស់ យើងនឹងមិន​ធ្វើឱ្យឧបសគ្គ​មួយចំនួន​រារាំងការអភិវឌ្ឍរបស់យើងបានឡើយ។ មនុស្សត្រូវ​តែហ៊ាន​សម្រេចចិត្ត និង​ជឿជាក់លើខ្លួនឯងថាអាចតស៊ូ​ជាមួយ​នឹងស្ថានភាព​លំបាក​ៗបានដើម្បី​បង្កើតភាពជាគំរូល្អដល់អ្នកដទៃទៀត​។ ចាប់ផ្តើមពីការសម្រេចចិត្តនេះ លោកស្រី បានបង្កើតក្រុមហ៊ុន​ផ្នែកស្រាវជ្រាវ និងអប់រំបានដោយរលូននាពេលបច្ចុប្បន្ន។

បង្ហាញលើចំណុចនេះដែរ លោកស្រី នុច គីមលីន ស្ថាបនិកក្រុមហ៊ុន ATCam Consulting បានលើកឡើងថា​ មនុស្សម្នាក់ៗត្រូវតែខំប្រឹងប្រែងប្រកបដោយទំនុកចិត្ត​ដើម្បី​បង្កើតបរិយាកាសល្អសម្រាប់ការរស់នៅ ធ្វើការងារ និងការធ្វើអាជីវកម្មជាដើម។ មនុស្សគ្រប់គ្នាត្រូវតែហ៊ានបង្ហាញសក្តានុពលរបស់ខ្លួន ដើម្បីឱ្យអ្នកនៅជុំវិញខ្លួនដឹងថាយើងអាចធ្វើអ្វីបានខ្លះ ហើយ​សមត្ថភាពរបស់យើងអាចនឹងជួយអ្នកគ្រប់គ្នា​បាន រួមទាំងស្ថាប័ន​ដែលយើងកំពុងធ្វើការងារ។ ជាធម្មតានៅក្នុងសង្គមខ្មែរយើងនៅពេលដែលយើងបង្ហាញសក្តានុពល​ខ្លាំងជាងគេ គេអាចថាយើងអួត តែសម្រាប់លោកស្រីបែរជាគិតថា​វាជាចំណុចដែលបង្អាក់សមត្ថភាពរបស់មនុស្សទៅវិញទេ ប្រសិនបើគេធ្វើរឿងត្រឹមត្រូវ ហើយបង្ហាញនូវអ្វីដែលគេអាចធ្វើបាន​មិនបំប៉ោងហួសពីការពិតនោះ។ ហេតុនេះ​យើងទាំងអស់គ្នា ត្រូវតែខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ហើយអនុវត្តវាឱ្យល្អបើទោះជាពេលខ្លះមានឧបសគ្គកើតឡើងក៏ដោយ។

លោកស្រី នុច គីមលីន ស្ថាបនិកក្រុមហ៊ុន ATCam Consulting

លោកស្រី នុច គីមលីន បាននិយាយថា៖ “​ដើម្បីទទួលបាននូវ​ការអភិវឌ្ឍកាន់តែខ្លាំង យើងត្រូវហ៊ានធ្វើអ្វីដែលអ្នកដទៃ​មិនហ៊ានធ្វើ ហើយហ៊ានបង្កើតគំនិតថ្មីៗជានិច្ចទោះក្នុងស្ថានភាពណាក៏ដោយ។ ហេតុនេះប្រសិនបើយើងជាមនុស្សដែលកំពុងធ្វើការងារឱ្យគេ យើងត្រូវតែមានទំនុកចិត្តក្នុងការបង្កើតគំនិតថ្មីៗដើម្បីអភិវឌ្ឍស្ថាប័ន និងរិះរកមធ្យោបាយដើម្បីឱ្យស្ថាប័នអភិវឌ្ឍកាន់តែខ្លាំងនោះយើងនឹងអាចរីកចម្រើនទៅតាមនោះដែរ តែប្រសិនបើយើងគិតថាធ្វើការងារឱ្យគេ គឺធ្វើតែតាម​បញ្ជារបស់មេ យើងនឹងគ្មានទទួលបានអ្វីប្រសើរឡើងនោះទេ”។

ជាចំណុច សំខាន់មួយផ្សេងទៀតដែលលោកស្រី នុច គីមលីន បានបង្ហាញ គឺចាំបាច់ត្រូវតែ ព្យាយាម​ស្វែងរកបទពិសោធឱ្យបានច្រើន​ដើម្បីអនុវត្តក្នុងជីវិត ជាជាងការដែលគ្រាន់តែ​គិតត្រឹមតែទ្រឹស្តីហើយមិនព្រមអនុវត្តអ្វីទាំងអស់។ មនុស្សជោគជ័យ​ភាគច្រើនជាមនុស្សដែលហ៊ានទទួលបទពិសោធច្រើន មិនមែនមនុស្សដែលមានតែទ្រឹស្តីនោះទេ។ ពេលខ្លះយើងម្នាក់ៗត្រូវតែបង្កើនទំនុកចិត្តក្នុងការដើរកាត់ការងារលំបាកៗ ព្រោះអារម្មណ៍រន្ធត់ ការបាក់ទឹកចិត្ត បរាជ័យ និងការឈឺចាប់ខ្លះ​ ដែលកើតចេញពីសកម្មភាពដើម្បីអភិវឌ្ឍ​នឹងធ្វើឱ្យមនុស្សរឹងមាំ​កាន់តែខ្លាំងប្រសិនបើយើងហ៊ានប្រឈមជាមួយវា។​ ការហ៊ានសម្រេចចិត្តធ្វើសកម្មភាពថ្វីត្បិតតែមិនសុទ្ធតែធ្វើឱ្យយើងរីករាយព្រោះតែជួបឧបសគ្គមែន តែវាក៏ល្អជាងការអង្គុយស្ងៀម​មិនធ្វើអ្វីសោះនោះដែរ៕

Advertisement