Facebook ចាប់ផ្ដើមសាកល្បងរកលុយពី WhatsApp

កាលពីឆ្នាំ2014 ក្រុមហ៊ុន Facebook បានចំណាយលុយយ៉ាងច្រើនសន្ធឹករហូតដល់ 22ពាន់លានដុល្លារអាមេរិកទិញយកកូនកម្មវិធីជជែកកម្សាន្ត WhatsApp ក្នុងគោលបំណង​ទាញយកផលប្រយោជន៍ដើម្បីបង្កើនប្រាក់ចំណេញ។ ដូច្នេះសួរថា តើ Facebook រកលុយពី WhatsApp វិញតាមវិធីណា?

សារព័ត៌មាន Bloomberg បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Facebook បានចាប់ផ្ដើមសាកល្បង​ដាក់បញ្ចូលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនចូលទៅក្នុង​កម្មវិធី WhatsApp Chat ប៉ុន្តែ​ចំពោះតម្លៃ និងការផ្សព្វផ្សាយត្រូវបាន គេបញ្ជាក់ថា ខុសប្លែកពីនៅលើ Facebook។

នៅមិនទាន់ឃើញមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគំរូឡើយ ប៉ុន្តែប្រភពខាងលើបានឱ្យដឹងថា នៅពេលនេះមានក្រុមហ៊ុនធំៗជាច្រើនបានចាប់អារម្មណ៍ និងបានចូលខ្លួនសាកល្បងការ​ផ្សាយពាណិជ្ជកម្មនៅលើ WhatsApp ដោយក្នុងនោះមានប្រមាណជា 100ក្រុមហ៊ុន។

កាសែត The Wall Street Journal បានចេញផ្សាយថា បើសិនជា WhatsApp ចាប់ផ្ដើមរកចំណូល​ពីការផ្សព្វផ្សាយពាណិជ្ជកម្មមែននោះ គេជឿជាក់ថា លុយដែលទទួលបាន​នឹងមិនចាញ់​ Facebook ប៉ុន្មានឡើយ ព្រោះថា នៅពេលនេះចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃបានកើនឡើងដល់ជាង 1.5ពាន់លាននាក់ហើយ។

គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ2014 ក្រុមហ៊ុន Facebook បានទិញយក WhatsApp ខណៈដែលកម្មវិធីនេះ​មានមនុស្សធ្វើការតែ 6នាក់ និងមានអ្នកប្រើមិនដល់ 1លាននាក់ផង ប៉ុន្តែមកដល់ពេលនេះ WhatsApp មានបុគ្គលិក 50នាក់ និងមានអ្នកប្រើជាង 1.5ពាន់លាននាក់៕

Advertisement