ថ្ងៃនេះឈប់ស្លន់ស្លោ ហើយងាក​មកមើលមេរៀន​សង្ខេប​របស់ក្រសួងអប់រំវិញម្តង

ការប្រឡងមធ្យមសិក្សាទុតិយភូមិដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី20 ខែសីហា ឆ្នាំ2018 ប៉ុន្មានថ្ងៃទៀតនេះនឹងមានលក្ខណៈ​តឹងតែងមិនខុសពីឆ្នាំមុនៗនោះទេ។ មានសិស្សជាច្រើន​ព្រួយបារម្ភជាមួយនឹង​​ភាពហ្មត់ចត់​នៃការប្រឡងនេះដែលធ្វើឱ្យ​ពួកគេ​ប្រឹងប្រែង និងភ័យព្រួយកាន់តែខ្លាំងនៅពេលថ្ងៃប្រឡងកាន់តែខិតជិតមកដល់។

ទោះជាយ៉ាងនេះក្តី ការខិតខំប្រឹងប្រែងរៀន​បង្ខំពេក ឬភ័យស្លន់ស្លោ មិនមែនជាមធ្យោបាយល្អសម្រាប់​សិស្សត្រៀមប្រឡងនោះទេ ព្រោះដំណាក់កាលមួយសប្តាហ៍មុនពេលប្រឡងនេះជាដំណាក់កាលដែលត្រូវសម្រាក ឬ​ជាពេលមើលសេចក្តីសង្ខេបមេរៀនតាមដំណើរ​ ដើម្បី​ដកស្រង់យកចំណុចគួរចងចាំខ្លះៗ​ជំនួយដល់ការប្រឡងជាក់ស្តែង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋាន​ប្រឡងបានលើកឡើងថា មុនពេលប្រឡងនេះ ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះឯកសារសំខាន់ៗជាច្រើន​ទាំងមុខវិជ្ជា វិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងមុខវិជ្ជាវិទ្យាសាស្រ្តសង្គមមួយចំនួន ដើម្បីជំនួយ​ដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ នៅក្នុងឯកសារទាំងអស់នោះ គឺជា​សេចក្តីសង្ខេប​ និងចំណុចគន្លឹះសំខាន់ៗដែលអាចធ្វើឱ្យសិស្សងាយយល់ ឆាប់ចាប់បានចំណុចសំខាន់ៗដែលខ្លួនធ្លាប់បានរៀនរួចមកហើយ និង​ជាជំនួយដល់ការរំឮកមេរៀនសម្រាប់ពួកគេផងដែរ។

នៅដំណាក់កាលមុនប្រឡងនេះ សិស្សអាច​ចំណាយពេលវេលា​ប៉ុន្មានថ្ងៃដើម្បី​រំឭកមេរៀនសង្ខេបរបស់ខ្លួនឱ្យបានល្អ ហើយ​សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីយកកម្លាំងប្រឡងឱ្យបានល្អ ព្រោះការរៀនបង្ខំពេកអាចធ្វើឱ្យប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលអាចធ្វើឱ្យសិស្សភ្លេចភ្លាំងច្រើននៅពេលសរសេរលើសន្លឹកវិញ្ញាសា៕

Advertisement