ថ្នាំបង្ការដំបូងបង្អស់ដែលការពារកុមារឱ្យក្លាយជាមនុស្សរឹងមាំគឺ ទឹកដោះម្តាយ

សុខភាពរបស់កុមារជារឿងសំខាន់បំផុតសម្រាប់អនាគតរបស់ពួកគេ ព្រោះកុមារជាវ័យ​ដែលត្រូវការ​បញ្ចូលព័ត៌មានល្អៗឱ្យបានច្រើនបំផុតទៅក្នុងខួរក្បាល។ ប្រសិនបើពួកគេមានសុខភាពរាងកាយមិនល្អ នោះគេក៏មិនអាចក្លាយជាមនុស្សឆ្លាតវៃផ្នែកបញ្ញាបានដែរ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។

ដើម្បីឱ្យកុមារ​មានសុខភាពល្អ អាណាព្យាបាលបាន​បំប៉ន​តាមវិធីសាស្ត្ររៀងៗខ្លួនតាមចំណេះដឹងដែលធ្លាប់បានជួបប្រទះ តែទោះជាយ៉ាងនេះក្តី ក្នុងចំណោម​វិធីសាស្រ្តសំខាន់ៗដើម្បីជួយកុមារឱ្យក្លាយជាមនុស្សរឹងមាំ ការបំបៅដោះម្តាយត្រូវបានគេមើលឃើញថា​ជាចំណុច​ងាយស្រួល និង​អាចអនុវត្តបាន​នៅគ្រប់ទីកន្លែងមិនថានៅទីក្រុង ឬតំបន់ជនបទនោះទេ។

តាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា ការបំបៅដោះជាការជួយសង្គ្រោះជីវិត ហើយជារឿងចាំបាច់បំផុតក្នុងរយៈពេល6ខែដំបូងនៃជីវិតរបស់ទារក ព្រោះវាអាចជួយបង្ការជំងឺរាក និងជំងឺរលាកសួត។ ហេតុនេះហើយទើបការបំបៅដោះកូន​ត្រូវបានគេទទួលស្គាល់ថា ​ជាថ្នាំបង្ការដំបូងបំផុតសម្រាប់ទារក៕

Advertisement