តើការអប់រំពិតប្រាកដមាននៅកន្លែងណាខ្លះ?

ពាក្យថា ការអប់រំ មិនសំដៅតែការសិក្សានៅក្នុងសាលាតែមួយមុខគត់នោះទេ តែវាផ្តោតសំខាន់លើ​ការទទួលយកចំណេះដឹងប្រកបដោយគុណភាពសម្រាប់ជួយដល់ការអភិវឌ្ឍជីវិត និងប្រើប្រាស់សម្រាប់​ជួយដល់មនុស្ស​ទូទៅ​ក្នុងសង្គម។

លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរង ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ទទួលបន្ទុកដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ការអប់រំ​ គឺផ្តោតសំខាន់លើ​ការបណ្តុះបណ្តាល​ទាំងក្រៅសាលា និងក្នុងសាលា ព្រោះ​ការធ្វើការងារនៅក្នុងក្រុមហ៊ុន ឬស្ថាប័នមួយ គឺត្រូវការ​ធាតុផ្សំច្រើន។ ការសិក្សានៅក្នុងសាលា គឺសិក្សាពីក្បួនច្បាប់ដែលគេចងក្រងទុក ដើម្បីអនុវត្តការងារឱ្យត្រឹមត្រូវតាមអ្វីដែលបានកំណត់ ឬជាការសិក្សាពីជំនាញ​ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗនៃប្រភេទការងារនីមួយៗ​ឱ្យត្រឹមត្រូវ។ បើគ្មានក្បួនខ្នាត ឬជំនាញត្រឹមត្រូវទេនោះ ការធ្វើការងារ​អាចប្រឈមនឹងបញ្ហាខ្វះភាពហ្មត់ចត់ មានចន្លោះប្រហោងច្រើន​ និងអាចធ្វើឱ្យការងារនោះ​មិនមានគុណភាពល្អសម្រាប់ជាប្រយោជន៍ដល់មនុស្សទូទៅជាដើម។ តែទោះជាយ៉ាងនេះក្តី ការមានជំនាញ​ពីក្នុងសាលាតែមួយមុខគត់ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេព្រោះដើម្បីឱ្យអនុវត្តការងារបានល្អចាំបាច់ត្រូវការ​ធាតុផ្សំច្រើន។

លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរង ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា

លោកសាស្ត្រាចារ្យ ព្រើន សុវង្ស បាននិយាយថា៖ “​ដើម្បីធ្វើការងារបានល្អ ឬប្រកបរបរអាជីវកម្ម​បានរីកចម្រើន ចាំបាច់ត្រូវតែ​​សិក្សាពីចំណេះដឹងជាច្រើនផ្សេងទៀតដែលមាននៅក្រៅសាលា ដូចជាការទំនាក់ទំនងរវាងក្រុមការងារ ឥរិយាបថ​របស់មនុស្សទូទៅនៅក្នុងសង្គមជាក់ស្តែង និងការរៀបចំឥរិយាបថដើម្បី​ដឹកនាំក្រុមការងារជាដើម”។

លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា ការ-អប់រំពិតប្រាកដមាននៅគ្រប់ទីកន្លែង តែ​មនុស្សក៏មិនអាចបោះបង់ការអប់រំនៅក្នុងប្រព័ន្ធអប់រំបានដែរ ព្រោះគ្មានផ្នែកណាមួយអាចបំភ្លេចបានទេសម្រាប់ការរស់នៅ។ ចំណេះដឹងជាក្បួន​សម្រាប់ការងារក៏ចាំបាច់ត្រូវចេះដើម្បីបង្កើតផលិតផល ឬសេវាកម្មមួយឱ្យល្អ ហើយ​ចំណេះដឹងដែលចេះពីខាងក្រៅសាលាក៏ចាំបាច់ត្រូវតែចេះដើម្បីយកវាមកអភិវឌ្ឍជំនាញដែលមានស្រាប់​ឱ្យកាន់តែមានសក្តានុពល​ និងក្លាយជា​តម្រូវការ​ដ៏​សំខាន់សម្រាប់មនុស្សទូទៅ។

អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ការអប់រំពិតប្រាកដមានគ្រប់ទីកន្លែង ព្រោះក្រៅពីការអប់រំក្នុងសាលា យើងក៏អាចសិក្សាស្វែងយល់​ពីកត្តាខាងក្រៅមួយចំនួនដូចជាការអនុវត្តការងារជាក់ស្តែងនៅក្នុងក្រុមហ៊ុន ក្រុមការងារស្ម័គ្រចិត្ត អង្គការ ឬស្ថាប័ននានា​ដែលវាអាចមានលក្ខណៈមិនដូចគ្នាទៅនឹងមេរៀននោះទេ ហើយកន្លែងទាំង-អស់នេះសុទ្ធតែជាកន្លែង​ល្អសម្រាប់ការរៀនសូត្រ​។

លោក កែវ ឡង់ឌី អគ្គនាយក​ក្រុមហ៊ុនស្រមោច​ Trading Solution បានលើកឡើងថា ទីណាក៏ជាសាលារៀនដែរ ព្រោះ​មនុស្សរស់នៅក្នុងស្ថានភាពខុសគ្នា របៀបរបបសង្គមខុសគ្នា មានតម្រូវការ​ និង​​បញ្ហាខុសគ្នា ហេតុនេះ​មានរឿងច្រើនណាស់ដែលត្រូវសិក្សា។ ចំណុចនេះហើយ​ដែលធ្វើឱ្យ​យើងឃើញថា​មេរៀនដែលយើងរៀនក្នុងសាលាពេលខ្លះមិនដូចគ្នាទៅនឹងការអនុវត្តជាក់ស្តែង។ នៅពេលដែលយើង​យល់ដឹងពីការអប់រំពិតប្រាកដ យើងនឹងឃើញថា​ការបើកចិត្តឱ្យទូលាយទទួលយកការអប់រំ​ គឺជារឿងសំខាន់ ព្រោះមានរឿងច្រើនណាស់ដែលយើងអាច​សិក្សាបានពីការរស់នៅជាក់ស្តែងការចូលរួម​ក្នុងកម្មវិធីសំខាន់ៗមួយចំនួន និង​ការសិក្សាជាក់ស្តែងជាមួយនឹងការងារជារឿងសំខាន់ដែលត្រូវធ្វើ។

លោក កែវ ឡង់ឌី អគ្គនាយក​ក្រុមហ៊ុនស្រមោច Trading Solution

លោក កែវ ឡង់ឌី បាននិយាយថា៖ “​ពិភពលោកមានការប្រែប្រួល​ជារៀងរាល់ថ្ងៃ ហេតុនេះជំនាញទាំងអស់នៅក្នុងសាលាត្រូវតែដេញតាម​ភាពបត់បែននោះ។ ចំពោះអ្នកសិក្សាក៏ដូចគ្នា ចាំបាច់ត្រូវតែមានភាពបត់បែនខ្ពស់ បើមិនដូច្នោះទេ បន្ទាប់ពីយើងរៀនចប់ ចំណេះដឹងនោះនឹងអាចហួសពេលសម្រាប់ការប្រើប្រាស់ក៏មានដែរ”។

អ្នកជំនួញ និងជាអ្នកអប់រំខាងលើបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ជាយុគសម័យបច្ចេកវិទ្យាព័ត៌មាន ហេតុនេះការសិក្សាស្រាវជ្រាវមានភាពងាយស្រួលជាងមុន។ ចំពោះការទំនាក់ទំនងរវាងមនុស្សក្នុងពិភពលោកក៏មានលក្ខណៈជិតស្និទ្ធជាងមុនដែរ ដែលកត្តានេះធ្វើឱ្យមនុស្សមានឱកាសច្រើនក្នុងការសិក្សា។ ហេតុនេះ​ចំណុចសំខាន់គឺ​យុវវ័យត្រូវចេះឆក់យកឱកាសល្អនៃការអប់រំទាំងអស់នោះ តាមរយៈការចំណាយពេលវេលាស្រាវជ្រាវ ទំនាក់ទំនង ចូលរួម និង​ទាញយក​ចំណេះដឹង​សំខាន់ៗសម្រាប់ការរស់នៅ​ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន បន្ថែមពីលើអ្វីដែលបានរៀនពីសាលា ដើម្បីធានាថា​យើងអាចរក្សាបាននូវនិរន្តរភាពនៃគុណភាពការងារ​សម្រាប់គ្រប់សម័យកាល៕

Advertisement