ខេត្តក្រុងចំនួន 6 ជាគោលដៅសំខាន់របស់ព្រឹត្តិការណ៍បារឃែម ឆ្នាំ 2017-2018 នេះ

ក្រោយដំណើរការរៀបចំកម្មវិធីលើកកម្ពស់វិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញនៅកម្ពុជា អស់រយៈពេល 10ឆ្នាំមក កម្មវិធីបារឃែម មានគម្រោងរួចជាស្រេចហើយសម្រាប់ឆ្នាំ 2017-2018 ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់នៅតាមបណ្ដាខេត្តក្រុងគោលដៅចំនួន 6 ដើម្បីអនុញ្ញាតឱ្យយុវជនវ័យក្មេងអាចមានឱកាសចូលរួមទទួលយកចំណេះដឹងថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងអាចបង្ហាញស្នាដៃដែលពួកគេមានផងដែរ។

លោក បេ ចន្ត្រា អ្នករៀបចំកម្មវិធីបារឃែមកម្ពុជាបានលើកឡើងថា រយៈពេល 10 ឆ្នាំមកនេះ បារឃែមមានអ្នកចូលរួមជាង 2 ម៉ឺននាក់ ក្នុងចំណោម 10 ខេត្តក្រុងដែលកម្មវិធីនេះបានទៅដល់ ហើយសម្រាប់ឆ្នាំ 2017-2018 នេះ មានខេត្តក្រុងចំនួន 6 សំខាន់ៗ ដែលក្រុមលោកបានកំណត់យក ក្រោមការឧបត្ថម្ភ និងគាំទ្រដោយក្រុមហ៊ុន Smart។

លោកបន្តថា តាមរយៈការសហការ និងគាំទ្រនេះធ្វើឱ្យបារឃែមកម្ពុជា អាចដំណើរការកម្មវិធីចែករំលែកចំណេះដឹងដល់យុវជន និងសហគ្រិននៅតាមបណ្ដាខេត្តមួយចំនួន ដូចជា រតនគីរី កំពង់ចាម កំពត បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ។ ហើយអ្វីដែលសំខាន់គឺ ក្រុមការងាររបស់លោក មានលទ្ធភាពអញ្ជើញវាគ្មិនជំនាញៗនៅរាជធានីភ្នំពេញ និងក្នុងតំបន់ចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធដល់យុវជនតាមបណ្ដាខេត្តដោយផ្ដោតលើការបញ្ជ្រាបការយល់ដឹងអំពី Startups Business ការប្រកួតប្រជែងគំនិតអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរៀនសូត្រ ការងារ និងអាជីវកម្ម។

លោក ចន្ត្រា បន្ថែមថា អាជីវកម្មចាប់ផ្តើមថ្មី និងវិស័យបច្ចេកវិទ្យានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាភាពរុងរឿងនៃសង្គមកម្ពុជាផងដែរ។ តាមរយៈកម្មវិធីនេះ វាអាចផ្ដល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យា Startups ថ្មីៗអាចបង្ហាញ និងតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់ខ្លួនដល់សាធារណជនចូលរូមទូទៅនៅកន្លែងកម្មវិធីផងដែរ។

ដោយឡែកកម្មវិធីបារឃែមកម្ពុជា ឆ្នាំ 2017 ដែលត្រៀមធ្វើនៅពេលឆាប់ៗនេះ វាជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញដែលមានគោលបំណងចែករំលែកចំណេះដឹងដល់យុវជន និងសហគ្រិននៅតាមបណ្ដាខេត្ត អំពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពីការចាប់ផ្ដើមជំនួញ ដូចជាជ្រើសរើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិត ផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិមិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយ ចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។

លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងនូវការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន Smart ក្នុងគំនិតផ្តួចផ្តើម ជួយជំរុញសហគ្រិនថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថលសំដៅអភិវឌ្ឍសហគមន៍អ្នកចាប់ផ្ដើមជំនួញថ្មីនៅប្រទេសកម្ពុជាឱ្យបានរីកលូតលាស់ទៅមុខជាលំដាប់។ ជាមួយនឹងការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងការជួយបង្ហាត់បង្ហាញពីអ្នកជំនាញ ក្រុមហ៊ុន Smart Axiata សង្ឃឹមថា កម្មវិធីនេះនឹងលើកទឹកចិត្តឱ្យយុវជនកម្ពុជាកាន់តែច្រើនអាចបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ និងបណ្តុះផ្នត់គំនិតសហគ្រិនភាពរបស់ពួកគេ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្លួន៕

Advertisement