កុមារតូចជាមនុស្ស​ច្បាស់លាស់បំផុត ហេតុនេះ​ការទំនាក់ទំនងជាមួយក្មេងគួរប្រុងប្រយ័ត្ន

កុមារតូចជាមនុស្សដែលពូកែឆ្ងល់ ចូលចិត្តគិត និង​ច្បាស់លាស់បំផុត ព្រោះអ្វីក៏ដោយ​បើមនុស្សធំឱ្យគេធ្វើ កុមារនឹងធ្វើតាម​ទាំងស្រុង និងល្អឥតខ្ចោះ ហេតុនេះ​ការនិយាយជាមួយក្មេងមិនច្បាស់លាស់អាចបណ្តាលឱ្យមានបញ្ហា។

លោក​ជំទាវ ទន់ សាអ៊ីម បានលើកឡើងថាកុមារជាមនុស្សដែលច្បាស់លាស់បំផុត នៅពេលគេអានរឿងអ្វីមួយដែលមានលក្ខណៈមិនច្បាស់លាស់គេចាប់ផ្តើម​កត់សម្គាល់ដឹងភ្លាម។ ជាឧទាហរណ៍ នៅពេលកុមារអានរឿងណាមួយដែលមើលទៅ​មិនសមហេតុផល ឬមិនអស់សេចក្តីគេចាប់ផ្តើមបន្ថែមសេចក្តីសាច់រឿងនេះដោយខ្លួនឯង។ ហេតុនេះមនុស្សធំត្រូវតែប្រុងប្រយ័ត្នចំពោះការសន្ទនាជាមួយក្មេង និងជាពិសេសទៅទៀតនោះគឺការសន្យាជាមួយពូកគេក្នុងការធ្វើអ្វីមួយជាមួយពួកគេ ព្រោះថាគេតែងចងចាំ​ និងចាំមើលថា យើងបានធើ្វតាមការសន្យារបស់យើងទេ។

លោកជំទាវ ទន់ សាអ៊ីម បានមានប្រសាសន៍ថា៖ “​ទន្ទឹមនឹង​ភាពជក់ចិត្តនៅក្នុងសាច់រឿងកុមារ​អាចធ្វើបានអ្វីដែលសំខាន់គឺត្រូវតែមានភាពច្បាស់លាស់ ហ្មត់ចត់​ និងអស់សេចក្តី​ ប្រសិនបើមិនអស់សេចក្តីទេ ក្មេងនឹងបន្តឆ្ងល់មិនឈប់ ហើយក៏បង្កើតជាបញ្ហាសម្រាប់ពួកគេ”។

អ្នកជំនាញ​ខាងអប់រំ​ខាងលើបានលើកឡើងផងដែរថា ការទំនាក់ទំនងជាមួយក្មេង​ក៏ចាំបាច់ត្រូវតែ​មានភាពច្បាស់លាស់បំផុត ព្រោះក្មេងជាវ័យដែល​មិនសូវមានមូលដ្ឋាន​ព័ត៌មានសម្រាប់ការពិចារណាច្រើននោះទេ ប្រសិនបើគេធ្លាប់ដឹងរឿងណាមួយថា​ជាការពិតហើយ គេនឹងកំណត់យក​វាទុកក្នុងចិត្តជាក់ជាមិនខាន។ ហេតុនេះ​អ្នក​អប់រំ​កុមារត្រូវតែ​គិតឱ្យបានសព្វជ្រុងជ្រោយ ពីភាពសមហេតុផល​ និងមាន​ភាពប្រាកដនិយម (logic) ហើយបើប្រាប់រឿងណាមួយដល់ក្មេង​គឺត្រូវធ្វើឱ្យចប់ចុងចប់ដើម ដើម្បីបង្ហាញពីហេតុ និងផលច្បាស់លាស់ដល់ពួកគេ។ ក្រោយពេលគេយល់ហេតុផល​នៃរឿងនីមួយៗហើយ ទើបយើងអាចឈានទៅបង្ហាញរឿងថ្មីមួយទៀត​ដើម្បីកុំឱ្យគេមានភាពច្របូកច្របល់។

អ្នកជំនាញអប់រំ​នានាសុទ្ធតែ​យល់ឃើញថាការអប់រំ​កុមារតូច ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញ​ប្រជាជនសកម្ម និង​ការអភិវឌ្ឍសង្គមប្រកបដោយ​និរន្តភាពនៅថ្ងៃអនាគត ហើយការកសាងស្ថានភាពវិជ្ជមានទាំងឡាយគឺចាប់ផ្តើមពីការកសាងសមត្ថភាពធនធានមនុស្សពីតូចៗនេះតែម្តង។ហេតុនេះហើយទើបបណ្តាប្រទេសអភិវឌ្ឍនានាចាប់អារម្មណ៍ខ្លាំង និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត​ជាមួយនឹងការអប់រំ​កុមារតូច ដែលផ្សារភ្ជាប់ទាំង​គ្រឹះស្ថានអប់រំ និង​អាណាព្យាបាលដែលស្ថិតនៅជាមួយពួកគេដោយផ្ទាល់នៅក្នុងផ្ទះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីឱ្យមានការផ្លាស់ប្តូរ​ទម្លាប់ និងដោះស្រាយបញ្ហាសំខាន់ៗក្នុងការរស់នៅលុះត្រាតែយើងមានការអប់រំល្អដល់កុមារតូចៗ ព្រោះនៅពេលកុមារទទួលបានការអប់រំល្អ គេនឹងមានទម្លាប់នៃការរស់នៅល្អពី​ក្នុងដែល​អាចរុញច្រានឱ្យសង្គមទាំងមូលមាន​ស្ថានភាពល្អប្រសើរ។ តែទោះបីជាយ៉ាងនេះក្តីដើម្បីឱ្យកុមារ​ទទួលបានការអប់រំល្អពិតប្រាកដ ជាពិសេស​ទម្លាប់នៃការរស់នៅ និងជំនាញទន់នានាលុះត្រាតែមានការសហការល្អ និងមានការចូលរួមពីអាណាព្យាបាល​គ្រប់រូប​ ស្របពេលដែលស្ថាប័នអប់រំ​កំពុង​ជំរុញឱ្យមានគុណភាពកាន់តែខ្លាំង។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖“​កុមាររៀននៅក្នុងសាលាតែប៉ុន្មានម៉ោងប៉ុណ្ណោះតែកុមាររស់នៅជាមួយអាណាព្យាបាល​ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហេតុនេះការចូលរួម​ចំណែកក្នុងការអប់រំពីអាណាព្យាបាលគឺជារឿងសំខាន់”។

ជាក់ស្តែង កម្ពុជាមានកត្តាប្រឈមមួយចំនួន​ត្រង់អាណាព្យាបាល​ហាក់មិនសូវបានគិតគូរច្រើនពីជំនាញ​ភាពជាអាណាព្យាបាល (parenting skills) ដែលបញ្ហានេះបណ្តាលឱ្យ​ប៉ះពាល់ដល់ការអភិវឌ្ឍ​សមត្ថភាពក្មេងតូច ព្រោះនៅពេលដែលអាណាព្យាបាល​ជូនកូនទៅសាលារៀន​ មានន័យថាក្មេងបានទទួល​ការអប់រំមួយផ្នែកធំ តែក្រោយពេលកុមារមកផ្ទះវិញ ហើយឃើញ​សកម្មភាព ឬទទួលយកបរិស្ថានមិនល្អ គេនឹង​មានការប្រែប្រួលជាអ-វិជ្ជមានមកវិញដែរ។ ហេតុនេះអាណាព្យាបាល​ចាំបាច់ត្រូវយកចិត្តទុកដាក់ និងផ្តល់តម្លៃសំខាន់លើការ​អប់រំ​កុមារតូចៗនៅគ្រប់ទីកន្លែង ដោយចំណេះដឹង​ពីភាពជាអាណាព្យាបាល​ ដើម្បី​ផ្តល់ឱ្យកុមារនូវ​ប្រភពចំណេះដឹងតាមកម្រិត​ដែលកូនៗអាចយល់ដឹងបាន និងដឹងពីចំណុចគួរចៀសវាងក្នុងនាមជាអានាព្យាបាលរបស់ក្មេងតូចៗ៕

Advertisement