គឹម ឌីណា ចូលរួមជួយស្ត្រីខ្មែរតាមរយៈការនិពន្ធសៀវភៅ​​ “មនុស្សបាក់ទឹកចិត្ត”

បើទោះបីជាបច្ចុប្បន្ននេះ មានការអភិវឌ្ឍ​ខ្លាំងខាងផ្នែក​បច្ចេកវិទ្យាក៏ដោយ ក៏ការអានសៀវភៅនៅតែជា​ចំណូលចិត្តមួយសម្រាប់​យុវវ័យជាច្រើននៅកម្ពុជា។ ជាមួយនឹងស្ថានភាពវិជ្ជមាននេះ អ្នកនិពន្ធវ័យក្មេងកម្ពុជាមួយចំនួន​ដែលបាន​ស្រាវជ្រាវ និងសិក្សាពីរឿងរ៉ាវជីវិតជាក់ស្តែងក្នុងសង្គមបង្កើតឡើងជាអត្ថបទអក្សរសិល្ប៍សំខាន់ៗជាច្រើន​ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នកអានជាមួយនឹងតម្លៃអប់រំ​បែបថ្មីដើម្បី​ជាបទពិសោធក្នុងការអភិវឌ្ឍ ជីវិត។

ក្នុងចំណោម​អ្នកនិពន្ធថ្មីៗនៅកម្ពុជា កញ្ញា គឹម ឌីណា ជាអ្នកនិពន្ធស្រ្តី​វ័យក្មេងមួយរូប ដែលបាននិពន្ធសៀវភៅប្រលោមលោកដែលទទួលបានការគាំទ្រ​ពីសំណាក់យុវវ័យជាច្រើន​ ថែមទាំងមាន​តារាល្បីៗមួយចំនួនផងដែរដែលបានបង្ហាញថាបានគាំទ្រស្នាដៃរបស់អ្នកនិពន្ធរូបនេះ។ នៅថ្ងៃនេះ​អ្នកសារព័ត៌មាននៃកាសែត ឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយកញ្ញា គឹម ឌីណា ពីបទពិសោធសំខាន់ៗនៃការសរសេរសៀវភៅថ្មីមួយ ស្តីពីមនុស្សបាក់ទឹកចិត្ត ដើម្បី​ជាប្រភព​ចំណេះដឹងដល់សាធារណជន។

1. កញ្ញាជាអ្នកនិពន្ធប្រលោមលោកដែលធ្លាប់បានបោះពុម្ពផ្សាយ​ពីស្នាដៃរឿងប្រលោមលោកវែងៗរួចមកហើយ តើហេតុអ្វីបានជាកញ្ញាចាប់អារម្មណ៍​និពន្ធសៀវភៅរឿងខ្លីពាក់ព័ន្ធនឹង​មនុស្សបាក់ទឹកចិត្តនេះឡើង?
មុននឹងចូលដល់ចំណុចសំខាន់ពាក់ព័ន្ធនឹងមូលហេតុ​មួយចំនួននៃការនិពន្ធសៀវភៅមនុស្សបាក់ទឹកចិត្តនេះ ខ្ញុំចង់រំឭកពីប្រវត្តិនៃការសរសេររឿងខ្លីជាមុនសិនថា ខ្ញុំធ្លាប់បានសរសេរ និងបោះពុម្ព​រឿងខ្លីបានចំនួន3រឿងរួចមកហើយជាមួយអ្នកនិពន្ធដទៃទៀត។ ហើយនេះជាលើកទី1ហើយ ដែលខ្ញុំបោះពុម្ព​រឿងខ្លីដោយខ្លួនឯង ហើយបញ្ជ្រាប​ចូលនូវរឿងរ៉ាវបាក់ទឹកចិត្តរបស់ខ្លួន។

ចំពោះកម្លាំងជំរុញដែលធ្វើឱ្យ​ខ្ញុំសរសេរសៀវភៅនេះឡើង គឺក្នុងគោលបំណងដើម្បីលើកទឹកចិត្តស្ត្រី​ខ្មែរ​ដែលត្រូវប្រឈមបញ្ហាជាច្រើន​ក្នុងការរស់នៅឱ្យចាប់ផ្តើម​មានភាពរឹងមាំ និងយុវជនដទៃទៀតដែល​ធ្លាក់ក្នុងសភាព​បាក់ទឹកចិត្តឱ្យ​ងើបឡើងតស៊ូនឹងបញ្ហា។ “​មនុស្សស្រី” ជា​ពាក្យដែល​ធ្វើឱ្យខ្ញុំគិតថា ​ខ្ញុំត្រូវតែតស៊ូក្នុងភាពដែលខ្លួនឯងជាស្រ្តី មិនថាជួបបញ្ហា ឬការកៀបសង្កត់​ដោយគំនាបសង្គមណាមួយឡើយ។ រាល់ពេលជួបបញ្ហាលំបាក ​ខ្ញុំប្រាប់ខ្លួនឯងថា ព្រោះខ្ញុំជាកូនស្រី ទើបខ្ញុំត្រូវតែតស៊ូ។

ខ្ញុំ​ធ្លាប់បាន​ជួប​ស្ត្រី​ដែល​លាក់​ទុក​សមត្ថភាព ​និង​ទេពកោសល្យ​នៅ​ពីក្រោយ​រូបរាង​មិន​សមសួន​របស់ខ្លួន ស្ត្រី​ដែល​បោះបង់ចោលអ្វីៗទាំងអស់នៅពេល​ស្នេហា​មិន​សមប្រកប ស្ត្រី​ដែល​អនុញ្ញាត​ឱ្យ​គ្រួសារ ឬ​អ្នកដទៃ​សម្រេចចិត្ត​លើ​អនាគត​របស់ខ្លួនទាំង​ដែល​ស្ត្រី​ទាំងនោះ​ជា​អ្នក​ប្រឈម​ដោយផ្ទាល់​ទៅលើ​លទ្ធផល​ដែល​កើតចេញពី​ការសម្រេចចិត្ត​របស់​អ្នកដទៃ។ល។ ដូច្នេះ សៀវភៅ “មនុស្ស​បាក់​ទឹកចិត្ត” ហាក់​និយាយ​ច្រើន​ពី​បញ្ហា​របស់​មនុស្ស​ស្រី តែ​ក្នុងន័យ​លើកទឹកចិត្តឱ្យ​គាត់គិត​វិជ្ជមាន​ក្នុង​ជីវិត។

រឿង​ខ្លី​ក្នុង​សៀវភៅ​នេះ គឺ​ប្រមូលផ្តុំ​ទៅដោយ​សា្ន​ដៃ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​ប្លុក​របស់ខ្ញុំ ហើយ​រឿង​ខ្លះ​ក៏​ជា​រឿង​និពន្ធ​ថ្មី​ដែរ។

កញ្ញា គឹម ឌីណា មានមតិយោបល់ក្នុងកម្មវិធីមួយ

និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​ពិតជា​ស្មាន​មិន​ដល់​ដូចគ្នា​ដែល​ខ្ញុំ​នឹង​បោះពុម្ព​សៀវភៅ “មនុស្ស​បាក់​ទឹកចិត្ត” ព្រោះ​មានការ​ប្រែប្រួល​ច្រើនដង​ចំពោះ​ស្នាដៃ​មួយ​នេះ។ កាលពី​ចុងឆ្នាំ2017 ខ្ញុំ​គិតថានៅ​ឆ្នាំ2018 ខ្ញុំ​នឹង​បោះពុម្ព​សៀវភៅ​រឿង​ខ្លីដែលមាន​ចំណងជើង​ “ក្រែ​ម​ក្រហម” និងរឿង​ប្រលោមលោកវែង “បវរកញ្ញា​ប្រលោមលោក”។ តែ​ក្រោយមកដោយសារ​បញ្ហា​ថវិកា ​និង​ពេលវេលាខ្ញុំ​សម្រេច​ថា​នឹង​បោះពុម្ព​តែ​មួយសិន។ ក្រោយមកទៀត ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេច​ថា ​ឆ្នាំនេះ​សៀវភៅ​អ្វី​ក៏​ខ្ញុំ​នឹងមិន​អាច​បោះពុម្ព​បានដែរ។ លុះ​ស្ថានភាព​ផ្លូវ​ចិត្តបាន​ធូរស្រាល ខ្ញុំ​ក៏​តាំងចិត្ត​ថា ខ្ញុំ​នឹង​បោះពុម្ព​សៀវភៅ​រឿង​ខ្លី​នេះ​ឱ្យ​ខាង​តែ​បាន តែ​បែរជា​បាន​បោះ​ពុម្ពសៀវភៅរឿងវែង “បវរកញ្ញា​ប្រលោមលោក” ទៅវិញ។ ខ្ញុំ​ថែមទាំង​ប្តូរ​ពី​ចំណងជើងរឿង “ក្រែ​ម​ក្រហម” ទៅជា “មនុស្ស​បាក់​ទឹកចិត្ត” វិញពីព្រោះការ​បាក់​ទឹក-​ចិត្តជា​មូលហេតុ​ដែល​នាំ​ឱ្យ​ខ្ញុំ​កាន់តែ​យល់ច្បាស់​ពី​អត្ថន័យ​ជីវិត ​និង​ស្រឡាញ់​ខ្លួនឯង​ម្តងទៀត។ បើ​គិត​ឱ្យ​មែនទែនទៅ រាល់​បញ្ហា​ដែល​ខ្ញុំ​សរសេរ​នៅក្នុង​រឿងនេះ គឺ​សុទ្ធតែជា​មូលហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​បាក់​ទឹកចិត្តហើយ​បើ​យើង​មិន​ប្រញាប់​ដោះស្រាយទេ វា​នឹងធ្វើ​ឱ្យ​យើង​ហ៊ាន​បោះបង់ចោល​ជីវិត​ខ្លួនឯង​មិន​ខាន។ទាំងនេះធ្វើ​ឱ្យ​ខ្ញុំ​ជឿថាអ្វីៗគ្រប់យ៉ាងកើតឡើង​សុទ្ធ​តែមាន​ហេតុផល​របស់​វា ហើយ​ហេតុផល​នោះ​នឹង​នាំ​យើង​ទៅ​ជួប​រឿងរ៉ាវ​ដែល​កាន់តែ​ល្អ​ជាង​អ្វីដែល​យើង​កំពុង​ជួប​ជាក់​ជាមិនខាន។ ដូច្នេះ​កុំ​អស់សង្ឃឹម!។

2. តើ​កញ្ញា​មើលឃើញថា​បញ្ហា​បាក់​ទឹកចិត្ត​នេះ​ប៉ះពាល់​អ្វីខ្លះ​ដល់​យុវវ័យ​បច្ចុប្បន្ន? ហើយ​យុវវ័យ​ច្រើន​ប៉ុនណាកំពុង​ប្រឈម​បញ្ហា​នេះ?
ជាការពិតណាស់ បញ្ហាបាក់ទឹកចិត្ត​ជាបញ្ហាប្រឈម​មួយដែល​យុវជន​ជាច្រើន​កំពុងជួបប្រទះ។ ផលប៉ះពាល់​ដែលអាចកើតមានសម្រាប់ពួកគាត់គឺ ប៉ះពាល់​ដល់ការរៀនសូត្រ ការងារ និងទំនាក់ទំនងរបស់ពួកគាត់។ ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់​ធ្លាប់មានបញ្ហានេះ​ដែរ ពេលខ្ញុំបាក់ទឹកចិត្តខ្ញុំបានគេច​ពីមនុស្ស​ម្នាទាំងខាងក្រៅ និងក្នុងបណ្តាញសង្គម ដែលពេលនោះខ្ញុំមិនអាចធ្វើអ្វីកើតទាំងអស់ ហើយសូម្បីតែសរសេររឿងក៏សរសេរមិនចេញដែរ។

ចំពោះតួលេខជាក់ស្តែង ខ្ញុំមិន​បានស្រាវជ្រាវរកឃើញពីបញ្ហាបាក់ទឹកចិត្តក្នុងចំណោម​យុវវ័យទេ តែខ្ញុំគិតថា យុវវ័យជាទូទៅ​គួរតែស្វែងយល់ឱ្យបានច្រើន​ពីជំងឺបាក់ទឹកចិត្ត និងការព្យាបាលជំងឺនេះដើម្បី​ដោះស្រាយបញ្ហាប្រឈមដែលអាចនឹងកើតមានឡើងក្នុងជីវិត។

3. ដើម្បី​សរសេរ​សៀវភៅ​នេះ​ឡើង ​តើក​ញ្ញា​ចំណាយពេលវេលាច្រើន​ប៉ុនណា? ហើយ​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​មុនពេល​សម្រេចបាន​ស្នាដៃ​នេះ?
ការពិតទៅ ស្នាដៃ​រឿង​ខ្លី​នេះគឺ​ខ្ញុំ​រៀបចំ​រួច​តាំងពី​ដើមឆ្នាំហើយ​គ្រោង​នឹង​បោះពុម្ព​ក្នុងឆ្នាំនេះ។ តែដោយសារ​ភាព​បាក់​ទឹកចិត្ត ​ខ្ញុំ​សម្រេច​ថា​មិន​បោះពុម្ពវា​វិញ។ រហូត​ផ្លូវ​ចិត្តបាន​ធូរស្រាល ខ្ញុំ​ក៏​ចង់​បោះ​ពុម្ពវា​ម្តងទៀត​ដោយ​បញ្ចូល​រឿងរ៉ាវ​នៃ​ការបាក់​ទឹកចិត្ត​របស់ខ្ញុំទៅក្នុងនោះផង។ ខ្ញុំ​មិនបាន​ជួប​បញ្ហា​ប្រឈម​ច្រើន​ទេ​ក្នុងការ​សរសេរ​រឿង​ក្នុង​សៀវភៅ​នេះ ព្រោះ​រឿង​ខ្លះ​ខ្ញុំ​បាន​សរសេរទុក​យូរហើយ​ តែ​មិន​មានឱកាស​បោះពុម្ព ខណៈ​រឿង​ខ្លះ​ គឺជា​រឿង​ដែល​ទទួលបានពី​ការគាំទ្រ​នៅលើ​ប្លុក រួច​ខ្ញុំ​ក៏​យក​វា​មក​បោះពុម្ព​ជា​សៀវភៅ។

4. តើ​ចំណុច​សំខាន់​អ្វីខ្លះ​ដែល​កញ្ញា​នឹង​បញ្ចូល​ទៅក្នុង​សៀវភៅ “មនុស្ស​បាក់​ទឹកចិត្ត” នេះ?
ចំណុចដែលខ្ញុំនឹងបញ្ចូលទៅក្នុង​សៀវភៅនេះគឺពាក់ព័ន្ធនឹង​បញ្ហាមួយចំនួនរបស់ស្ត្រីដូចជា រូបរាងកាយ ការងារ គ្រួសារ ស្នេហា និងការសម្រេចចិត្ត​ជាដើម។ ក្នុងនោះក៏មានបទពិសោធនៃការបាក់ទឹកចិត្ត និងការជួយស្រោចស្រង់​ខ្លួនឯងពីការបាក់ទឹកចិត្តផងដែរ។

5. អ្វីខ្លះ​ជា​ដំណោះស្រាយ​ដែល​កញ្ញា​នឹង​បង្ហាញ​តាមរយៈ​ស្នាដៃ​និពន្ធ​នេះ?
ចំពោះ​ចំណោទលើបញ្ហា​ខ្លះ​នៅក្នុង​រឿងនេះគឺ​ខ្ញុំ​បានផ្តល់​ជា​ដំណោះស្រាយ​ដោយ​ផ្អែកទៅលើ​គំនិត ឬ​បទពិសោធ​របស់ខ្លួន ខណៈ​ចំណោទលើបញ្ហា​ខ្លះ ​គឺ​ផ្តល់​តួនាទី​ជូន​អ្នកអាន​ជា​អ្នកកំណត់​។ និយាយ​ជារួម ដំណោះស្រាយ​ទៅលើ​បញ្ហា គឺ​ចាំបាច់​យើង​ខ្លួនឯង​ជា​អ្នក​តាំងចិត្ត​ចង់​ដោះស្រាយ​នឹង​រើខ្លួន​ឱ្យ​រួច​ពី​វា។ បើ​ទោះជា​អ្នកដទៃ​លើកទឹកចិត្តផ្តល់​គំនិត និងជំរុញ​យ៉ាងណាក៏ដោយ តែបើ​យើង​មិនមាន​ឆន្ទៈ​ក្នុង​ការជួយ​ខ្លួនឯងនោះ​ វានឹងក្លាយជា​រឿង​ដែល​លំបាក​បំផុត។

6. តើ​កញ្ញា​បានរំពឹងពីផល​វិជ្ជមាន​អ្វីខ្លះ​ សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​បាន​អាន​សៀវភៅ​នេះ?
ក្នុងនាមជាអ្នកនិពន្ធ ខ្ញុំសង្ឃឹមថា ​អ្នកអាននឹងយល់ពីបញ្ហារបស់ស្ត្រី និងចូលរួមចំណែក​ជាមួយគ្នាក្នុងការដោះស្រាយបញ្ហាស្ត្រី។ ម្យ៉ាងវិញទៀត​ក៏ចង់ជំរុញពួកគាត់កុំឱ្យបោះបង់ខ្លួនឯង បើទោះបីជាស្ថិតក្នុងបញ្ហាលំបាកយ៉ាងណាក៏ដោយ។

7. តើ​កញ្ញា​មានមតិ​ផ្តាំផ្ញើ​អ្វី​ទៅកាន់​សាធារណជន ជាពិសេស​អ្នក​ដែល​តែងតែ​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​កញ្ញា​កន្លងមកដែរឬទេ?
ជាចុងបញ្ចប់​ខ្ញុំ​ចង់​ថ្លែងអំណរគុណចំពោះ​អ្នកអានទាំងអស់ដែលបានគាំទ្រស្នាដៃប្រលោមលោករបស់ខ្ញុំកន្លងមក ហើយ​ខ្ញុំសូមលើកទឹកចិត្តថា​ អ្នកទាំងអស់​គ្នា​ចាំបាច់ត្រូវតែហ៊ានប្រឈមជាមួយបញ្ហារបស់ខ្លួន មិនថាបញ្ហាធំប៉ុនណាក៏ដោយព្រោះពេលខ្លះវាមិនគួរឱ្យខ្លាចដូចយើងគិតនោះទេ។ ដើម្បីទទួលបានគំនិតច្រើនក្នុងការដោះស្រាយបញ្ហា យុវវ័យ និងអ្នកផ្សេងៗទៀតចាំបាច់ត្រូវតែអានឱ្យបានច្រើន និងហ៊ាន​សរសេរឿងរ៉ាវផ្សេងៗដែលខ្លួនចង់ចែករំលែក៕

Advertisement