តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យបុគ្គលិកខ្លាំងៗមួយចំនួន ​ចេញរកស៊ី​ខ្លួនឯងមិនជោគជ័យ?

មនុស្សជាច្រើនមានចម្ងល់ថា ហេតុអ្វីបានជាមនុស្ស​ពូកែៗដែលគេធ្លាប់មើលឃើញ​ថាជាអ្នកដឹកនាំក្រុមហ៊ុនស្តង់ដារធំៗ ឬ​ជាអ្នកពូកែផ្នែកលក់​ដែលជួយអាជីវកម្មធំៗឱ្យទទួល​បានជោគជ័យ​ តែបែរជាបរាជ័យក្នុងជំនួញផ្ទាល់ខ្លួននៅពេលពួកគាត់ចេញទៅធ្វើអាជីវកម្មទៅវិញ?។

ស្ថាបនិក ​និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​ Mekong Properties​ លោក​ ថាច ​ចាន់នី ​បានលើកឡើងថា មនុស្សពូកែភាគច្រើនដែល​ធ្វើការឱ្យគេ និងអាចធ្វើឱ្យក្រុមហ៊ុន​ធំៗដំណើរការបានល្អដោយសារការរួមចំណែករបស់ខ្លួនខណៈបុគ្គលិកខ្លះបានវិវឌ្ឍខ្លួនរហូតក្លាយជា​ប្រធានផ្នែកលក់ និងជាបុគ្គលសំខាន់ៗក្នុងកម្រិតអ្នកគ្រប់គ្រង​ តែពេលបើកអាជីវកម្មផ្ទាល់ខ្លួនបែរជាបរាជ័យនោះ គឺដោយសារតែបរិយាកាសនៃអាជីវកម្ម។ លោកថា អ្នកចេញរកស៊ីដំណាលគ្នាជាមួយលោកមួយ-ចំនួនធំបានក្ស័យធន ហើយមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចឈរជើងបាន​ក្នុងពិភពអាជីវកម្មជាក់ស្តែង ដែលអ្នកទាំងអស់នោះសុទ្ធតែមាន សមត្ថភាពខ្លាំងៗ។ អ្នកដែលមិនអាចទៅមុខបានភាគច្រើនជាមនុស្ស ដែលមានអំនួត​លើសមត្ថភាព តែមិនមានបទពិសោធក្នុងអាជីវកម្មពិត។

លោក​ ថាច ​ចាន់នី ស្ថាបនិក ​និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​ Mekong Properties​

លោក ថាច ចាន់នី បាននិយាយថា៖ “មានអ្នកខ្លះ​កាន់តំណែងជា Sale director ហើយ​គាត់ស្គាល់បុគ្គលសំខាន់ៗច្រើន បន្ទាប់មក​ក៏ចេញរកស៊ី តែបានដួលទៅវិញក្នុងរយៈពេលមួយ។ បញ្ហាគឺត្រង់​គាត់​គិតថា ​មុខតំណែងរបស់គាត់សំខាន់ គាត់ចេះពីការងារដែលគាត់កំពុងធ្វើអស់ហើយ​ និងអាច​រកស៊ីបានហើយ តែគាត់ភ្លេចគិតថា ​នៅពីក្រោយភាពជោគជ័យនៃអាជីវកម្មមួយ គេត្រូវការ​ការចូលរួមពីផ្នែកជាច្រើនផ្សេងទៀត”។

សហគ្រិនដដែលបានលើកឡើងផងដែរថា អ្នកធ្វើការងារ គឺជាអ្នកកសាងបណ្តាញ និងមានសមត្ថភាពខ្ពស់ក្នុងពិភពការងារ ដែលមានអ្នកខ្លះ​បានចាក់ឫសកែវយ៉ាងជ្រៅជាយូរឆ្នាំ រហូតទទួលបានផ្លែផ្កាល្អ។ ក្រោយពេលគាត់ចេញទៅបើកអាជីវកម្មខ្លួនឯង គឺហាក់បីដូចជាគាស់ដើមឈើមួយដែលមានផ្លែផ្កានោះទៅដាក់ដាំនៅទីកន្លែងថ្មី ដែលមានបរិយាកាសថ្មីមួយផ្សេង​ដែលមិនប្រាកដថា តើដើមឈើនោះអាចទប់ទល់នឹងជីវជាតិដីថ្មីនោះបានកម្រិតណា ហើយអាចបន្តរស់ ឬងាប់នៅរយៈពេលណាមួយឡើយ។ កត្តានេះអាចធ្វើឱ្យគាត់ត្រូវចំណាយពេលវេលាច្រើន ដើម្បីសិក្សាពីបញ្ហាប្រឈមថ្មីៗជាច្រើនផ្សេងទៀតនៅក្នុងអាជីវកម្ម​ ដើម្បីបន្តអភិវឌ្ឍ​ឱ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន បើមិនដូច្នោះទេគាត់នឹងដួលវិញក្នុងពេលណាមួយ​នៃដំណើរអាជីវកម្មនោះ។ ជាដំណោះស្រាយ​ អ្នក​រកស៊ី​គួរបើកចិត្តឱ្យទូលាយ​សិក្សាឱ្យសព្វជ្រុងជ្រោយដោយកុំមោទនភាពខ្លាំងពេក ដើម្បីស្វែងរកបទពិសោធជាក់ស្តែងដែលអាចជួយគាត់ឱ្យ​​រកឃើញវិធីល្អៗជាច្រើន ដែលសមនឹងអាជីវកម្មរបស់គាត់យកទៅអភិវឌ្ឍ ឬដោះស្រាយបញ្ហា​ប្រឈមនានា។

ងាកមកឧកញ៉ាវ័យក្មេង ចិត្រ សិរីសុភ័ក្ត្រ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Luxury Smile & MONSNE​ កាហ្វេ បានលើកឡើងថា ​ការធ្វើអាជីវកម្ម​ជោគជ័យចាំបាច់ត្រូវមានភាពបត់បែន និង​ចេះគ្រប់គ្រងបុគ្គលិកឱ្យបានល្អ បើមិនដូច្នេះទេ​យើងអាចនឹងខាតបង់បានគ្រប់ពេល។ បុគ្គលិកជាទ្រព្យសម្បត្តិសំខាន់សម្រាប់ក្រុមហ៊ុន ហើយដើម្បីដឹកនាំបុគ្គលិកឱ្យបានល្អ លុះត្រាតែអ្នកដឹកនាំចេះ​យកបេះដូងបុគ្គលិកឱ្យបាន។ ទោះជាយ៉ាងនេះក្តី​ ការយកបេះដូងបុគ្គលិកមកបាន មិនមែនជារឿងងាយនោះទេ វាទាមទារឱ្យមានការពន្យល់ណែនាំ និង​លើកទឹកចិត្តច្រើនបំផុត ដើម្បីឱ្យបុគ្គលិក​បើកចិត្តទទួលយកក្តីស្រឡាញ់ពីអ្នកគ្រប់គ្រង។ ប្រសិនបើអ្នកគ្រប់គ្រងព្យាយាមបង្ហាញក្តីស្រឡាញ់ទៅ​ថ្នាក់ក្រោម តែបុគ្គលិក​មិនបើកចិត្តដើម្បី​ទទួល​យកក្តីស្រឡាញ់នោះ យើងនៅតែមិនអាចធ្វើការងារបានល្អជាមួយគ្នាដដែល ហើយ​អាជីវកម្ម​អាចប្រឈមបញ្ហាច្រើន ព្រោះ​មានរឿងជាច្រើនដែលមិនយល់ពីគ្នាដែលមិនអាចធ្វើឱ្យសេវាកម្មមានគុណភាពល្អបាន។

លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ

លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត បាននិយាយថា៖ “ដើម្បីដឹកនាំការងារបានល្អ លុះត្រាតែយើង​ចេះសម្របខ្លួនជាមួយនឹងបរិយាកាស​នៃ​ការងារជាមួយគាត់បានល្អ ហើយ​យល់ច្បាស់ពីតម្រូវការជាក់ស្តែងរបស់សមាជិកផ្ទាល់ក្នុងក្រុមហ៊ុនមិនមែនអនុវត្តតែតាមទ្រឹស្តី​ដែលធ្លាប់ដឹងពីខាងក្រៅមកនោះទេ”។

លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ បានលើកឡើងផងដែរថា ​លោកធ្លាប់សិក្សានៅសហរដ្ឋអាមេរិកតែចំណេះដឹងទាំងអស់នោះ ពេលខ្លះមិនអាចប្រើប្រាស់បាននៅកម្ពុជាទាំងស្រុងនោះទេសម្រាប់ការគ្រប់គ្រងបុគ្គលិក និងអាជីវកម្ម​។ ដើម្បីអនុវត្តការដឹកនាំអាជីវកម្មបានល្អលុះត្រាតែ​សិក្សាបន្ថែមពី​តម្រូវការរបស់​ប្រជាជនខ្មែរ វប្បធម៌នៃការធ្វើការងារ និង​រៀបចំ​វិធីសាស្ត្រជាច្រើនផ្សេងទៀត​ដើម្បី​ជំរុញទឹកចិត្ត​ និងឆន្ទៈរបស់ពួកគាត់ឱ្យបានច្រើន ទើបអាច​ឱ្យការងារអនុវត្តបានទៅដោយរលូន និងឈរជើងបានយូរ។ លោកថា មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេះ​ទាល់តែ​ព្យាយាមឱ្យបានច្រើនពីការដឹកនាំខាងក្នុងខ្លួនឯងរបស់អ្នកដឹកនាំផង និងចិត្តសាស្ត្ររបស់បុគ្គលិកឱ្យល្អផងទើបអាច​ដំណើរការអាជីវកម្មបានល្អ៕

Advertisement