បច្ចេកវិទ្យា 5G របស់ Huawei និង ZTE ត្រូវរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នាថ្មីៗនេះបានឱ្យដឹងថា រដ្ឋាភិបាល​អូស្ត្រាលី​បានហាមឃាត់​ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលរបស់ចិន Huawei ​ក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអីុនធើណិត 5G នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែរដ្ឋាភិបាល​មានក្ដីព្រួយបារម្ភ​ទៅលើ​សន្ដិសុខជាតិ។

Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយដែលបានវាយលុកទៅលើទីផ្សារបច្ចេកវិទ្យា Wirelessនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ជា-ពិសេសគឺនៅលើទឹកដី​នៃ​ប្រទេស​អូស្ត្រាលី គឺមានរយៈពេល 15ឆ្នាំមកហើយ ប៉ុន្តែនៅពេលនេះបែរជាត្រូវបានរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់ទៅវិញ​ ដែលបណ្ដាលឱ្យ Huawei ត្រូវជួបនឹងវិបត្តិមួយ​ដ៏ធ្ងន់ធ្ងរ។

ជាមួយគ្នានោះផងដែរ សារព័ត៌មាន Reuters ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ZTE ក៏​ត្រូវ​រដ្ឋាភិបាល​អូស្រ្តាលី​ព្រួយ​បារម្ភ​ពី​ផ្នែក​សន្តិសុខ​ជាតិ​ដូច​គ្នា។

បន្ទាប់ពីមានសេចក្ដីប្រកាសហាមឃាត់ការដាក់ដំណើរការប្រព័ន្ធអីុនធើណិត 5G នៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុន Huawei បានចេញសារខកចិត្តមួយនៅលើ​បណ្ដាញសង្គម Twitter ដោយបានបញ្ជាក់ថា៖ “វាគឺជា​ការ​ខក​ចិត្ត​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន​របស់​យើង​ (អ្នកប្រើប្រាស់ Huawei នៅក្នុងប្រទេសអូស្ត្រាលី)”។ ស្របពេលដែល 5G ជា​ប្រព័ន្ធ​អីុនធើណិត​ចល័ត​ជំនាន់​ថ្មី និងចុងក្រោយ ដែលអាច​ផ្តល់​ល្បឿន Download និង Upload ​កាន់​តែអស្ចារ្យ និង​ប្រសើរ​ជាង​មុន។

គួរបញ្ជាក់ផងដែរថា ប្រទេស​ជា​ច្រើន​នៅក្នុង​សកលលោក​ កំពុង​ត្រៀមខ្លួន​ដាក់​ដំណើរការ​ 5G​ នៅមុន​ឆ្នាំ2020 ខណៈដែល Huawei ក្រុមហ៊ុនផលិតបានត្រៀមខ្លួន​រួច​ជាស្រេច​ក្នុងការផ្ដល់សេវាកម្មនេះ ជាពិសេសគឺនៅពេលនេះ Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី2 នៅលើពិភពលោកបន្ទាប់ពី Samsung៕

Advertisement