ប្រទេសអភិវឌ្ឍន៍​ចាប់ផ្តើមកែប្រែទីក្រុង​ឧស្សាហកម្ម ទៅជាតំបន់បៃតង

ពិភពលោកបានឆ្លងកាត់ការធ្វើបដិវត្តន៍ និង​វិវឌ្ឍជាច្រើនដំណាក់កាលពីយុគសម័យមួយទៅយុគសម័យមួយរហូត​ដល់​តំបន់ស្ទើរតែទាំងអស់រួមទាំងប្រទេសក្រីក្រផង ក្លាយជាវាលឧស្សាហកម្មទំនើប​ដើម្បីផ្គត់ផ្គង់ដល់​តម្រូវការរបស់មនុស្សទូទាំងពិភពលោក។

ពីដំណាក់កាលមួយទៅដំណាក់កាលមួយការរស់នៅរប​ស់មនុស្សកាន់តែមានភាពងាយស្រួល តែ​ផលប៉ះពាល់លើធម្មជាតិបានកើតឡើងយ៉ាងឆាប់រហ័ស ស្របពេលដែល​តំបន់​ព្រៃជាច្រើន​បានក្លាយជា​វាលកសិកម្មកែច្នៃតំបន់​លំនៅឋាន ឬរោងចក្រ​ដែល​គាំទ្រដល់​ចង្វាក់ផលិតកម្ម​របស់ឧស្សាហកម្មធំៗជាដើម។ ធនធានធម្មជាតិជាច្រើនផ្នែកផ្សេងទៀតក៏ត្រូវបានបាត់បង់ដែលធ្វើឱ្យ​ប្រទេសធំៗបង្ខំចិត្ត​ជំរុញឱ្យ​មានការអភិវឌ្ឍលើការដាំដើមឈើឡើងវិញ និង​រៀបចំកិច្ចប្រជុំសំខាន់ៗដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​ធម្មជាតិ។

ដោយសារបញ្ហាទាំងអស់នេះ ប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់លើពិភពលោក រួមទាំង​តំបន់​ដែលមានការរីកលូតលាស់ខ្លាំង ចាប់ផ្តើមងាកមក​កែប្រែទីក្រុងរបស់ខ្លួនឱ្យក្លាយជា​​តំបន់បៃតង បើទោះបីជាផលប៉ះពាល់មិនអាចគ្រប់គ្រងបានទាំងស្រុងក៏ដោយ។ ភាពបៃតងនៅដំណាក់កាលនេះ មិនមែន​គិតត្រឹមតែការដាំដើមឈើ ឬ​បង្កើតពណ៌បៃតងនៅក្នុងទីក្រុងនោះទេ តែក៏ជាការ​ជំរុញឱ្យមានគោលនយោបាយ និងផែនការក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានល្អការកែច្នៃឡើងវិញនូវ​សម្ភារប្រើប្រាស់សម្រាប់ប្រជាជន ការ​សាងសង់សំណង់​លំនៅឋាន និងអគារដោយ​ប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនជាដើម។

ប្រទេសធំៗចាប់ផ្តើមលើកទឹកចិត្តឱ្យប្រជាជនរប​ស់ខ្លួន​សន្សំសំចៃ​ការប្រើប្រាស់​ចរន្តអគ្គិសនីរួមទាំងថាមពលនានាដើម្បីរក្សាលំនឹងនៃ​បរិយាកាសនៅក្នុងទីក្រុង។ ជាក់ស្តែងប្រទេសបារាំង ជប៉ុន និងប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ​លើកទឹកចិត្តឱ្យប្រជាជន​ជិះរថភ្លើង ឬសេវាដឹកជញ្ជូនសាធារណៈ​ដើម្បី​កាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន។ ប្រទេសចិនរៀបចំ​គោលនយោបាយចំណាយថវិកា​ដល់​ប្រជាជនដែលបានដាំដើមឈើក្នុងតំបន់ដែលពួកគេរស់នៅដើម្បីលើកទឹកចិត្ត​ដល់​ការរក្សាបរិស្ថាន និងកាត់បន្ថយភាពក្រីក្រស្របពេលដែលប្រទេសនៅអឺរ៉ុបមួយចំនួន​ថែមទាំងបានផ្តល់ប្រាក់ដល់អ្នកជិះកង់​ទៀតផង។

ស្របពេលជាមួយគ្នានេះ គម្រោងស្ថាបត្យកម្មថ្មីៗភាគច្រើន​ត្រូវបានគេកែច្នៃឱ្យមានពន្លឺព្រះអាទិត្យជំនួសអំពូលភ្លើង ហើយ​ប្រព័ន្ធសន្សំសំចៃជាច្រើនផ្សេងទៀតត្រូវបានគេយកមកប្រើជំនួសឧបករណ៍ចាស់ៗដែលស៊ីភ្លើងខ្លាំង។ ក្រៅពីនេះសំណង់អគារប្រណីតដែលត្រូវបានគេសាងសង់ក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មាននេះ ភាគច្រើន​ត្រូវបានគេរចនាឱ្យមានពណ៌បៃតង ដោយការប្រើប្រាស់​ដើមឈើជាគ្រឿងលម្អ និងជាការរួមចំណែក​ជួយដល់បរិស្ថានផងដែរ។

យោងតាម​របាយការណ៍ដែលដកស្រង់ដោយ​វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ទីក្រុងឡុងដ៍ជាកន្លែងដែលមានដើមឈើដល់ទៅ 8លានដើមស្របពេលដែលទីក្រុងមួយនេះនៅតែបន្តដាំដើមឈើបន្ថែមទៀត បើទោះបីជា​គម្រោងនេះចំណាយថវិកាជាតិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។

ទីក្រុងដែលសម្បូរទៅដោយបច្ចេកវិទ្យា និងធម្មជាតិមួយនេះបានប្រើប្រាស់ដើមឈើរាប់ម៉ឺនដើម​ដើម្បីបង្កើតតំបន់ទំនេរ​ឱ្យក្លាយជាឧទ្យានសាធារណៈសម្រាប់ប្រជាជន​សម្រាកកម្សាន្ត។

លោកអភិបាល​ក្រុង Sadiq Khan បានបញ្ជាក់ថាការដាំដើមឈើ​បន្ថែមត្រូវចំណាយថវិកាប្រមាណ1.9លានដុល្លារសម្រាប់អភិវឌ្ឍ​តំបន់​ព្រៃឈើនៅទីក្រុងឡុងដ៍។ គម្រោងមួយនេះនឹងធ្វើឱ្យមនុស្សចា​ប់ផ្តើមស្រឡាញ់បរិស្ថានកាន់តែខ្លាំង ហើយ​រួមគ្នារក្សាតំបន់​បៃតង ដើម្បីជំរុញគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។

អ្នកជំនាញបរិស្ថាន​បានលើកឡើងថា មនុស្ស​រស់នៅទីក្រុងនឹងងាកមករកធម្មជាតិកាន់តែច្រើនឡើង ហើយ​ពួកគេ​អាចនឹង​ជំរុញឱ្យមានស្ថានភាពវិជ្ជមាន បើទោះបីជា​មានសញ្ញាណជាច្រើនបញ្ជាក់ថា​សកម្មភាពរបស់មនុស្សកំពុងធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិក៏ដោយ៕

Advertisement