បាក់​ឌុប​គ្រាន់តែ​ជាការ​ចាប់ផ្តើម…ជាប់ ឬ​ធ្លាក់ មិនមែនជា​កត្តា​កំណត់​ភាពជោគជ័យ​នោះទេ

ម្សិលមិញ​នេះ លទ្ធផល​ប្រឡង​បាក់​ឌុប​បានប្រកាស​ជា​ផ្លូវការ ដែល​ធ្វើឱ្យមាន​ការរំជើបរំជួល​ក្នុង​ស្រទាប់​យុវវ័យ ជាពិសេស​ក្រុមគ្រួសារ​អ្នក​ដែលមាន​សមាជិក​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ។ ជា​លទ្ធផល​បានបង្ហាញ​ឱ្យឃើញថា សិស្ស​ប្រមាណ​ជាង 60% បាន​ប្រឡង​ជាប់ ស្រប​ពេលដែល​ចំនួន​អ្នកធ្លាក់​មានការ​ថយចុះ។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី លទ្ធផល​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​រីករាយ ស្រប​ពេលដែល​យុវជន​មិនតិច​ទេ​បាន​ខកបំណង និង​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ។

តាមរយៈ​ការបង្ហាញ​ក្នុង​បណ្តាញ​សង្គម Facebook មាន​អ្នកខ្លះ​អបអរសាទរ​ដល់​បង​ប្អូន មិត្តភក្តិ ដោយ​ការចែករំលែក​លទ្ធផល​ពី​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ខណៈ​អ្នក​ខ្លះទៀត​បង្ហាញ​សារ​លើកទឹកចិត្ត​ដល់​បងប្អូន ឬ​មិត្តភក្តិ​កុំឱ្យ​សោកសៅ​ខ្លាំងពេក ហើយ​ខិតខំ​តស៊ូ​ជាថ្មី។ ចំពោះមុខ​លើ​បញ្ហា​នេះ​សម្រាប់​អ្នក​ជាប់ អាច​រាប់បាន​ថា ជាការ​ឆ្លង​ផុត​គ្រោះ​មួយ​ដំណាក់កាល តែ​សម្រាប់​អ្នកធ្លាក់​វិញ គឺ​ហាក់បីដូចជា​ធ្លាក់​ក្នុង​សភាព​ដុនដាប​ខ្លាំង រហូត​ងើបមុខ​លែង​ចង់​រួច។

តែ​តាមពិតទៅ ជា​ស្ថានភាព​ជាក់ស្តែង​មិនមែន​បែបនេះ​ទេ។ ការប្រឡង​បាក់​ឌុប​គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​តែប៉ុណ្ណោះ។ អ្នក​ប្រឡង​ជាប់​បាក់​ឌុប​ត្រូវ​បន្ត​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ផ្សេងទៀត​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ពិភព​ការងារ​ជាក់ស្តែង ចំណែកឯ​អ្នកធ្លាក់​បាក់​ឌុប អា​ចរាប់ថា​ជាការ​ឆ្លងកាត់​មេរៀន​ជីវិត​មួយ​ដែល​អាច​បង្រៀន​យើង​ឱ្យ​ចេះ​តស៊ូ និង​ភ្ញាក់ខ្លួន​ទៅវិញ​ទេ។

ក្នុងការ​រស់នៅ​របស់​មនុស្សម្នាក់ៗ បន្ទាប់ពី​បញ្ចប់​ការសិក្សា ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​បន្តទៀត​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហេតុនេះ​ការ​ល្អៀង​គ្នា​មួយឆ្នាំ មិន​រាប់​ថា​ជាការ​ចាញ់ឈ្នះ ឬ​ជា​ចំណុច​បញ្ចប់​នៃ​លទ្ធផល​ជោគជ័យ ឬ​បរាជ័យ​នោះទេ។

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ព្រះ​តេជគុណ គូ សុភាព បាន​មាន​សង្ឃដីកា​ថា តាមពិត​ការប្រឡង គឺ​ដើម្បី​ឱ្យមាន​អ្នកធ្លាក់​នេះឯង បើ​គ្មាន​អ្នក​ជាប់-អ្នកធ្លាក់​គេ​មិនបាច់​ប្រឡង​ទេ ហេតុនេះ​ការជាប់ ឬ​ធ្លាក់​ជា​រឿង​ធម្មតា។ អ្នក​ជាប់​អាច​រីករាយ តែ​អ្នកធ្លាក់​អាច​ចាត់ទុក​បញ្ហា​ទាំងអស់នេះ​ជា​មេរៀន​សម្រាប់​ជំរុញ​ឱ្យ​ខ្លួនឯង​ភ្ញាក់ខ្លួន​ឡើង ហើយ​ពង្រឹងស្មារតី​របស់ខ្លួន​ឱ្យ​ល្អ​ដើម្បី​ខំរៀន​ឡើងវិញ។

ក្នុង​ពិភព​នៃ​ការធ្វើការងារ​ជាក់ស្តែង គេ​មិន​ខ្វល់​ពី​ពិន្ទុ ឆ្នាំ​ប្រឡង ឬ​សញ្ញាបត្រ​ទាំងស្រុង​នៅក្នុង​សាលា​នោះទេ តែ​អ្វីដែល​គេ​ផ្តោត គឺ​សមត្ថភាព​ជាក់ស្តែង​ក្នុង​ការធ្វើការងារ។ ហេតុនេះ​ប្រសិនបើ​យើង​បាន​ប្រឡង​ជាប់ ហើយ​ពិន្ទុ​ល្អ​គ្រប់​ដំណាក់កាល និង​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់​បន្ថែមទៀត វា​នឹង​ក្លាយជា​ចំណុច​អាទិភាព​សម្រាប់​ទទួលបាន​ការងារ​ល្អ តែ​ប្រសិនបើ​មិនទាន់មាន​សមត្ថភាព​ឆ្លើយតប​នឹង​ការងារ​ជាក់ស្តែង​នៅឡើយ​ទេនោះ ការចំណាយ​ពេលវេលា​រៀន​ឡើងវិញ​ដើម្បី​ពង្រឹងសមត្ថភាព គឺជា​រឿង​ត្រឹមត្រូវ​បំផុត។

ហេតុនេះ​ការប្រឡង គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ឆ្លុះ​មើល​សមត្ថភាព​របស់​ម​នុស្សម្នាក់ៗប៉ុណ្ណោះ សម្រាប់​អ្នក​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទៅមុខទៀត​មិនមែន​មិនអាច​ទៅមុខ​បានទេ ព្រោះ​ក្រសួង​អប់រំ​ក៏​បើកឱកាស​សម្រាប់​ប្រឡង​សាជាថ្មី ហើយ​សាលា​ជាច្រើន​ក៏បានផ្តល់​ឱកាស​សម្រាប់​ចាប់យក​អាជីព​តាម​លទ្ធភាព​ដែរ។ ចំណុច​ដែល​ត្រូវផ្តោត​គឺ ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ខ្លាំង​ឡើងវិញ​ជាមួយនឹង​ស្មារតី​រឹងមាំ​ដែល​កើតចេញពី​បទពិសោធ​មិនល្អ រហូត​ប្រកួតប្រជែង​បាន​ឡើងវិញ ព្រោះ​មាន​អ្នករៀន​ជំនាន់​ក្រោយ​មិនតិច​ទេ​ដែលមាន​អនាគត​ល្អ​ជាង​អ្នក​ដែល​រៀន​ខ្ពស់ជាង​គាត់​មួយឆ្នាំ ឬ2ឆ្នាំ។ ជោគជ័យ​ពិត អាស្រ័យ​លើ​សមត្ថភាព មិនមែន​អាស្រ័យ​លើ​សញ្ញាបត្រ​នោះទេ៕

Advertisement