បច្ចេកវិទ្យាធ្វើឱ្យ​កុមារ​មានបញ្ហាផ្លូវចិត្តព្រោះគេងមិនគ្រប់គ្រាន់

នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ អាណាព្យាបាលបានចំណាយពេលវេលា​កាន់តែតិចទៅៗក្នុងការនៅជាមួយកូន ហើយជំនួសមកវិញនូវឧបករណ៍អេឡិចត្រូនិក។ ពេលខ្លះ​កូនតូចៗស្ថិតនៅជាមួយឪពុកម្តាយពិតប្រាកដមិនដល់ 3ម៉ោង​ផងក្នុងមួយថ្ងៃ តែបានរស់នៅក្នុងពិភពបច្ចេកវិទ្យា​ដល់ទៅជាង 5ម៉ោង ឬលើសពីនេះទៀតក៏មាន។ ចំណុចទាំងអស់នេះត្រូវបាន គេរកឃើញថាធ្វើឱ្យប៉ះពាល់​ដល់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តដែលអាចប៉ះពាល់ដល់ការរីកលូតលាស់នៃបញ្ញារបស់ក្មេងតូច។

អង្គការ UNICEF បានបញ្ជាក់ថា មនុស្សម្នាក់ក្នុងចំណោម 3នាក់​នៃអ្នកប្រើប្រាស់​អីុនធើណិតលើពិភពលោក គឺកុមារ​ ហេតុនេះវាអាចធ្វើឱ្យពួកគេទទួលផលប៉ះពាល់ជាច្រើននៅពេលដែលពួកគេប្រើប្រាស់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ចំនួនកុមារ​ប្រើប្រាស់បច្ចេកវិទ្យាបានកើនឡើងយ៉ាងគំហុក ខណៈអាណាព្យាបាល​ស្ទើរតែទាំងអស់ ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសក្រីក្រ រវល់កាន់តែខ្លាំងជាមួយនឹងការធ្វើការងារ និងមុខរបរអាជីវកម្ម​ ស្របពេលដែលតម្លៃនៃ​ឧបករណ៍អេឡិចត្រូនិក​មានការថយចុះ ហើយមនុស្សស្ទើរគ្រប់គ្នាអាចប្រើប្រាស់វាបាន។

គេហទំព័រអប់រំ​ដ៏ល្បីល្បាញ​ Education world បានបញ្ជាក់ថា​ សម្រាប់កុមារតូចត្រូវសម្រាកច្រើនជាង 10ម៉ោង ខណៈមនុស្សជំទង់ត្រូវសម្រាក​ឱ្យបាន 8ម៉ោងក្នុងមួយថ្ងៃ។ ការសម្រាកមិនគ្រប់គ្រាន់​អាចធ្វើឱ្យកុមាររងផលប៉ះពាល់ជាច្រើនដូចជាការរីកលូតលាស់មិនបាន​ល្អផ្នែករាងកាយ ការប្រឈមនឹងជំងឺធាត់ បញ្ហាផ្លូវចិត្តមិនល្អ ធុញថប់ច្រើន ឆេវឆាវ និងអាចប៉ះពាល់ដល់ភាពឆ្លាតវៃ​របស់កុមារទៀតផង។

ថ្វីដ្បិតតែ Game ឬគេហទំព័រមួយចំនួន​ជំរុញឱ្យ​ផលចែកខាងបញ្ញា (IQ) របស់កុមារកើនឡើងមែន តែ​ការប្រើប្រាស់បច្ចេកវិទ្យាច្រើនជ្រុលអាចបណ្តាលឱ្យប៉ះពាល់ដល់កុមារយ៉ាងខ្លាំង។ គេហទំព័រខាងលើបានបញ្ជាក់ថា កុមារបច្ចុប្បន្នប្រឈមនឹងបញ្ហាសម្រាកមិនគ្រប់គ្រាន់ ព្រោះ​ហេតុផលមួយចំនួនដូចជា ទី1 បញ្ហាពន្លឺនៃ Smart Phone ឬ Tablet អាចធ្វើឱ្យកុមារ​មិនចង់សម្រាក​ និងខ្លះទៀតគេងមិនលក់ហើយ​ បន្តនៅជាមួយវារហូតដល់យប់ជ្រៅ។ បញ្ហានេះធ្វើឱ្យ​ក្មេងៗទម្លាប់ងើបយឺតហើយមានអារម្មណ៍មិនល្អនៅពេលពួកគេទៅសាលា។ ចំណុចទី2 គឺកុមារតូចអាចនឹងនឿយហត់ខ្លាំងជ្រុល ខ្វះការសម្រាកផ្នែកអារម្មណ៍ និងខួរក្បាល ព្រោះការនៅជាមួយឧបករណ៍អេឡិចត្រូនិកច្រើនជ្រុល បើទោះបីជាមើលទៅឃើញពួកគេកំពុងលេងសប្បាយក៏ដោយ តែពួកគេក៏កំពុងប្រើប្រាស់ខួរក្បាលយ៉ាងច្របូកច្របល់​ជាមួយវាដែរ។ ហេតុនេះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារប្រសិនបើអាណាព្យាបា​ល​មិនបានយកចិត្តទុកដាក់ឱ្យបានដិតដល់​ចំពោះក្មេងទេនោះ។

អ្នកជំនាញផ្នែក​បច្ចេកវិទ្យានៃ​វិទ្យាស្ថានសិក្សាពីចម្ងាយ កញ្ញា សៀក ឡេង បានលើកឡើងថា កុមារដែលនៅជាមួយបច្ចេកវិទ្យាច្រើនជ្រុល អាចប្រឈមជាមួយនឹងបញ្ហា​មិនសូវរហ័សរហួន ហើយ​បាត់បង់ការទំនាក់ទំនងល្អជាមួយនឹង​មនុស្សធំ។ បញ្ហាទាំងអស់នេះក៏អាចធ្វើឱ្យគេប៉ះពាល់ដល់អនាគតផងដែរ។ ហេតុនេះប្រសិនបើអាណាព្យាបាល​មិនចង់ឱ្យកូន​តូចក្លាយជាមនុស្សញៀន​នឹងឧបករណ៍អេឡិចត្រូនិក ចាំបាច់ត្រូវតែរកវិធីដើម្បីបង្កើនភាពជិតស្និទ្ធជាមួយកូន ដោយការនាំពួកគេឱ្យលេងរបស់ពិតៗ មិនមែន​លេងល្បែងតាម​ឧបករណ៍អេឡិចត្រូនិកនោះទេ៕ ​

Advertisement