ដឹង​ហើយ! បញ្ហា​ដែល​ធ្វើឱ្យ​គណិតវិទ្យា​ធ្លាក់​ច្រើន គឺ​ដោយសារ​បច្ចេកទេស​កុំព្យូទ័រ

ក្រោយពី​មាន​ផ្ទុះ​ការតវ៉ា​យ៉ាងច្រើន​ពី​សំណាក់​សិស្សានុសិស្ស​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ជាមួយនឹង​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី20 ខែសីហា ឆ្នាំ2018 នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដោះស្រាយ​ដោយ​បង្កើត​គណៈកម្មការ​មួយ​ឡើង ដើម្បី​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់លាស់។

សិស្ស​ជាច្រើន​បាន​លើកគ្នា​មក​តវ៉ា ដោយ​ក្នុងនោះ​ក៏មាន​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ផងដែរ ដោយ​ពួកគេ​បានកើត​ទុក្ខ​មិន​សុខចិត្ត​ជាមួយនឹង​លទ្ធផល​គណិតវិទ្យា​រប​ស់​ពួកគេ​ដែល​ចេញមក​បាន​និទ្ទេស F ហើយ​បានដាក់​ពាក្យស្នើសុំ​ឱ្យ​ក្រសួង​ដោះស្រាយ។

បន្ទាប់ពី​បាន​ស្វែងរក និង​ស្រាវជ្រាវ​រក​បញ្ហា​មិន​ប្រក្រតី​រួចមក ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជាថ្មី​ដោយបាន​បញ្ជាក់ថា បញ្ហា​ដែល​កើតមាន​កន្លងមក គឺ​ដោយសារ «ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយ​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​មុខវិជ្ជា​គនិតវិទ្យា​របស់​បេក្ខជន​ចំនួន 740បន្ទប់»។

បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល​ត្រូវបាន​ប្រកាស​សាជាថ្មី​ដោយ​ក្នុងនោះ​ឃើញថា ចំនួន​អ្នកទទួលបាន​និទ្ទេស​A ដល់​និទ្ទេស​E មានការ​កើនឡើង៕

Advertisement