ក្រសួង​អប់រំ​ចេញ​សារ​សុំទោស និង​បង្ហាញ​ការសោកស្តាយ​ចំពោះ​កំហុស​ក្នុងការ​បូក​ពិន្ទុ​បាក់​ឌុប

ក្រោយពេល​បាន​រកឃើញ​ភាពមិនប្រក្រតី​ដែលនាំឱ្យ​មានការ​ល្អៀង​ពិន្ទុ​របស់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ជាពិសេស​គឺ​លទ្ធផល​គណិតវិទ្យា​ដែល​រកឃើញថា ធ្លាក់​ជាច្រើន​នាក់​រួចមក ក្រសួង​អប់រំ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា បញ្ហា​កើតឡើង​នេះ គឺ​បណ្ដាលមកពី​កំហុស​ខាង​បច្ចេកទេស​កុំព្យូទ័រ។

ភ្លាមៗ បន្ទាប់ពី​បាន​ដោះស្រាយ​រួច ក្រសួង​បានប្រកាស​លទ្ធផល​ជាថ្មី​ឡើងវិញ ដែល​ត្រូវបាន​គេ​មើលឃើញថា ចំនួន​សិស្ស​ជាប់​មានការ​កើតឡើង ហើយ​ចំនួន​អ្នក​ជាប់​និទ្ទេស​A ក៏មាន​ការកើនឡើង​ផងដែរ។ តែ​ទោះជា​យ៉ាងនេះ​ក្តី មជ្ឈដ្ឋាន​មួយចំនួន​បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​បញ្ហា​ដែល​បានកើត​ឡើង​នេះ ស្រប​ពេលដែល​មជ្ឈដ្ឋាន​មួយចំនួនទៀត​គ្រាន់តែ​កត់សម្គាល់​ដោយ​លើកឡើង​ពី​ភាព​វិជ្ជមាន និង​សូមឱ្យ​ពិចារណា​ពី​ចំណុចល្អៗជាច្រើន​ផ្សេងទៀត​ដែល​ក្រសួង​ធ្វើ​បានល្អ ទន្ទឹមនឹង​ការ​មាន​កំហុស​នេះ។

តាមរយៈ​អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី ក៏បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ឯកឧត្តម​រដ្ឋមន្ត្រី​សូម​សម្ដែង​ការ​សូមទោស​ទៅកាន់​សាធារណជន ចំពោះ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ការ​បូក​លទ្ធផល​បាក់​ឌុប​នេះ។ ហើយ​ប្រមាណ​ជាជាង​មួយ​ម៉ោង​មុននេះ Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​អ្នក Like ជាង​ពីរលាន​នាក់ បាន​បង្ហាញថា «ក្រសួង​សូមទោស និង​សោកស្តាយ​ចំពោះ​កំហុស​ដោយ​អ​ចេតនា»៕

Advertisement