ស្ថាបនិកសាលាភាសាជប៉ុន​ បង្ហាញក្តីសង្ឃឹម​ក្នុង​ការ​បញ្ជូន​កូន​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន

ភាពជោគជ័យ​របស់​ម​នុស្ស​មិនមែន​បានមក​ដោយ​ចៃដន្យ​នោះឡើយ ពោលគឺ​ត្រូវខិតខំ​ព្យាយាមអំណត់ អត់ធន់ ពុះពារ​គ្រប់ការ​លំបាក ទើប​អាច​ឈានទៅ​រកក្ដី​ស្រមៃ​របស់ខ្លួន​បាន។ ឧទាហរណ៍​ដូចជា​យុវជន​ម្នាក់​កើតមក​ជា​កូន​អ្នក​ជនបទ​ស្រុកស្រែ នៅ​ជុំវិញ​ផ្ទះ​ហ៊ុមព័ទ្ធ​ទៅដោយ​គ្រោះថ្នាក់(ចម្ការមីន) តែ​បច្ចុប្បន្ន​បាន​ក្លាយជា​នាយក​សាលា​ប្រឹក្សា​យោបល់ នាំ​យុវជន​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន ទោះជា​មិនបាច់​ជាប់​អាហារូបករណ៍​ក៏បាន។

លោក អុឹម ឌឺ​ប៉េ​រ៉េ ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​សាលា​ភាសា​ជប៉ុន​មិ​រ៉ៃ (Mirai) មាន​ទីតាំងនៅ​ទល់មុខ​បុរី​ប៉េង​ហួត​ស្ទឹងមានជ័យ បាន​មានប្រសាសន៍​ឱ្យដឹងថា ដោយ​ចង់​ចែករំលែក​បទពិសោធនិង​ចង់​ជួយ​ឱ្យ​យុវជន​ខ្មែរ​បាន​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​កាន់តែច្រើន លោក​បានសម្រេច​បង្កើត​សាលា​ផ្ទាល់ខ្លួន​ខាងលើនេះ​ឡើង ដើម្បី​ធ្វើការ​បណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់​ដល់​យុវជន​ខ្មែរ​ដែល​ចង់ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែលជា​ប្រទេសមួយ​រីកចម្រើន​ខ្លាំង​ខាង​វិស័យ​អប់រំ ប្រជាជនមាន​សីលធម៌​រស់នៅ​ល្អ មាន​ភាព​ឧស្សាហ៍​ព្យាយាម និង​អំណត់​ក្នុង​ការងារ​រហូត​មានការ​ទទួលស្គាល់​នៅ​ទូទាំង​សកលលោក។

លោក អុឹម ឌឺ​ប៉េ​រ៉េ ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​សាលា​ភាសា​ជប៉ុន​មិ​រ៉ៃ (Mirai)

លោក​ថា កន្លងមក ភាគច្រើន​មានតែ​សិស្ស​ជាប់​អាហារូបករណ៍​ប៉ុណ្ណោះ​ទើប​អាច​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​បាន ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ​សម្រាប់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប ហើយ ទោះជា​មិនបាន​ជាប់​អាហារូបករណ៍​ក៏​អាចទៅ​សិក្សា​នៅ​ប្រទេសជប៉ុន​បានដែរ តាមរយៈ​ការបណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់​ផ្ទា​ល់ពី​គ្រូ​ជំនាញនៅ​សាលា​របស់លោក ពិសេស​បាន​សិក្សា និងប្រឹក្សា​យោបល់​ផ្ទា​ល់ពី​រូបលោក​ដែល​ធ្លាប់បាន​ឆ្លងកាត់​ការសិក្សា​នៅ​ទីនោះ ដោយ​មិនបាន​ជាប់​អាហារូបករណ៍ និង​ខំប្រឹង​ធ្វើការ​រកលុយ​បាន​រៀន​នៅ​ទីនោះ​ដោយ​ខ្លួនឯង មិនចាំបាច់​មានការ​ផ្គត់ផ្គង់​ពី​អាណាព្យាបាល​ឡើយ។

ជា​បទពិសោធ​ផ្ទាល់ កាលពី​ឆ្នាំ2014 កន្លងទៅ ខណៈដែល​លោក​កំពុង​សិក្សា​ឆ្នាំ​ទី3 នៅក្នុង​ម​ហា​វិទ្យាល័យ​មួយ ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​សាលា​ជ្រើសរើស​ឱ្យធ្វើជា​តំណាង​ប្រទេស​ទៅ​ចូលរួម​ក្នុង​កម្មវិធី“សប្តាហ៍​សា​កៃ​អាស៊ាន‟ (Sakai-ASEAN Week) ដែល​រៀបចំឡើង​នៅ​ទីក្រុង​ចំណាស់​មួយ​ឈ្មោះ សា​កៃ ដែលមាន​និស្សិតពូកែៗតំណាងឱ្យ​ប្រទេស​ជាច្រើន​នៅ​អាស៊ី ដូចជា ជប៉ុន ថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ជាដើម​ចូលរួម​ប្រកួតប្រជែង​នៅ​ទីនោះ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​នៃ​ប្រទេសនីមួយ។

តាមពិតទៅ​លោក​មិនមែនជា​សិស្ស​ពូកែ​នៅ​មហាវិទ្យាល័យ​ទេ ប៉ុន្តែ​ចំណេះដឹង​ផ្នែក​ភាសា​និយាយ និង​ស្តាប់​បានល្អ ទទួលបាន​ពិន្ទុ​និយាយ និង​ស្តាប់​ស្មើនឹង​និស្សិត​ជាប់​និទ្ទេស​ល្អ​បំផុត​នៅក្នុង​ថ្នាក់ គួបផ្សំ និង​កាយវិការ ការនិយាយស្តី ការចេះ​ស្តាប់​ស្ទាត់ជំនាញ និង​ចរិត​ឫក​ពា​ផង​នោះ លោក​ក៏ត្រូវ​បានជ្រើសរើស​ឱ្យធ្វើជា​តំណាង​ប្រទេស​កម្ពុជា​តែម្តង។ អ្វីដែល​ធ្វើឱ្យ​យុវជន​ម្នាក់នេះ​មានចំណេះដឹង​ជំនាញ​ផ្នែក​និយាយ និង​ស្តាប់​ច្បាស់លាស់​នេះ គឺ​ដោយសារ​ចាប់តាំងពី​រៀន​មហាវិទ្យាល័យ​ឆ្នាំ​ទី2 មក លោក​តែង​ឆ្លៀតពេល​បង្រៀន​សិស្ស​ប្អូន​ឆ្នាំ​ទី1 និង​បង្រៀន​គួរ​ដល់​សិស្ស​មួយចំនួន​នៅតាម​ផ្ទះ​ទៀតផង។ ប្រធានបទ​ដែល​លោក​បានលើកឡើង​ក្នុង​កម្មវិធី Sakai-ASEAN Week នោះ គឺ​និយាយ​អំពី​ព្រះព្រហ្ម​មុខ4ជា​តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង 4យ៉ាង ដែល​ឪពុកម្តាយ​ទូទៅ​មាន​ចំពោះ​កូន ហើយ​ស្នាមញញឹម​នៃ​ព្រះព្រហ្ម គឺ​តំណាងឱ្យ​ស្នាមញញឹម​របស់​ប្រជាជន​ខ្មែរ​ដែល​ពិភពលោក​តែង​ផ្តល់​តម្លៃ​ថា ប្រជាជន​ខ្មែរ​ជា​មនុស្ស​រួសរាយ​រាក់ទាក់ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជនបរទេស​គ្រប់​ជាតិ​សាសន៍ ដោយ​មិន​រើសអើង​វណ្ណៈ​ពណ៌​សម្បុរ​នោះទេ។

ក្រោយពី​ចប់​កម្មវិធី​ខាងលើ លោក​បាន​ត្រឡប់មក​បន្ត​ការសិក្សា​វិញ ហើយ​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រង​ពាណិជ្ជកម្ម​ផ្នែក​ភាសា​ជប៉ុន​នៅ​ឆ្នាំ2015 ពេលនោះ​លោក​បានធ្វើការ​ជា​អ្នកលក់​សំបុត្រ​ជូន​ប្រជាជន​ខ្មែរ​ទៅ​ទស្សនា​បាល់ទាត់​ពិភពលោក​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ម្តុំ​វិមានឯករាជ្យ​រយៈពេល 3ខែ​ដើម្បី​សន្សំ​ប្រាក់​បន្ត​ការសិក្សា។ ក្នុង​បំណង​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ពង្រឹង​ជំនាញ​ឱ្យ​កាន់តែច្បាស់ លោក​បាន​ខិតខំ​សន្សំ​លុយ-កាក់​រួម​នឹង​ការជួយ​ទំនុកបម្រុង​ពី​ឪពុកម្តាយ និង​បងប្អូន​ផង​បាន​មួយចំនួន ក៏បាន​ទៅ​បន្ត​ការសិក្សានៅ​ប្រទេស​ជប៉ុន​ចាប់ពី​ឆ្នាំ2015។ រហូតដល់​ឆ្នាំ2017 ទើប​បញ្ចប់​ការសិក្សា​ទីនោះ និង​បាន​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ។ ក្រោយពី​ត្រឡប់មកវិញ លោក​បាន​សហការ​ជាមួយ​មិត្តភក្តិ​បើក​សាលា​ជ្រើសរើស និង​បង្រៀន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង​ជួយ​ប្រឹក្សា​យោបល់​ទៅដល់​ពលករ​ដែល​ត្រៀម​ទៅធ្វើ​ការ​នៅ​ទីនោះ​ផង។

ក្រោយមក​លោក​ក៏បាន​ដើរ​សុំ​ការសហការ​ដើម្បី​បង្រៀន​ភាសា​ជប៉ុន​ជាមួយ​សាកលវិទ្យាល័យ​មួយចំនួន​ដែល​មិនទាន់មាន​ជំនាញ​ភាសា​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ដោយសារ​មើលឃើញថា យុវជន ឌឹ​ប៉េ​រ៉េ ហាក់ដូចជា​នៅមាន​វ័យក្មេង​ពេក​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​នៅក្នុង​សាកលវិទ្យាល័យ​ទាំងនោះ​មិនសូវមាន​ទំនុកចិត្ត ទើប​មិនបាន​សហការ​ជាមួយ​
ក្នុង​ការបើក​ថ្នាក់​បង្រៀន​ជំនាញ​ភាសា​ជប៉ុន​នេះ។ ដោយសារ​មិន​ទទួលបាន​ការសហការ​នេះ លោក​ក៏​សម្រេចចិត្ត​បើក​សាលាបង្រៀន​ជំនាញ​ភាសាជប៉ុន​ឡើង​ដោយ​ខ្លួនឯង​ដែល​កាលពី7 ឆ្នាំ2018កន្លងទៅនេះ ប៉ុន្តែ​ដោយសារ​ធ្លាប់បាន​ឡើង​ធ្វើ​បទបង្ហាញ​តាម​វេទិកាសាធារណៈ​មួយចំនួន​កន្លងមកទើប​មានការ​គេ​ស្គាល់​ច្រើន ហើយ​មាន​សិស្ស​ដែលជា​ប់​បាក់​ឌុប​កាលពី​ឆ្នាំមុន និង​សិស្ស​ទើប​ប្រឡង​ចប់​បាក់​ឌុប​ឆ្នាំនេះ បានមក​ចុះឈ្មោះ​ចូលរៀន​ភាសា​ជប៉ុន​នៅ​សាលា​ខាងលើបណ្តើរៗហើយ ដែល​មកទល់ពេលនេះ​មាន​សិស្ស​ប្រមាណ​ជាង 40នាក់​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នៅ​ទីនោះ ក្នុងនោះ​មាន​សិស្ស​ចំនួន 4នាក់​កំពុង​ត្រៀម​ចេញទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​នៅ​សាលា ICA International Language School ហើយ 15នាក់​ទៀត​នឹង​ចេញទៅ​នៅ​ឆ្នាំ​បន្ទាប់។

ងាក​មក​មើ​លពី​អតីតកាល​វិញ កុមារ ឌឺ​ប៉េ​រ៉េ កើត​នៅ​ឆ្នាំ1992 ដែលជា​កូន​ទី4 នៅក្នុង​គ្រួសារ​កសិករ​ដែលមាន​ជីវភាព​លំបាក​មួយ​នៅក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង។ ជា​ភូមិ​មួយ​ពោ​ពេញ​ទៅដោយ​គ្រាប់មីន​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​មក ប៉ុន្តែ​ដោយសារតែ​ឪពុក​ធ្លាប់​ចូល​បម្រើកងទ័ព មាន​បទពិសោធ​ផ្នែក​ដោះមីន ក៏​ធ្វើការ​ដោះ​គ្រាប់មីន​មួយចំនួន​ចេញ និង​សាង​សង់ផ្ទះ រួចហើយ​ដោះ​គ្រាប់មីន​ជា​បន្តបន្ទាប់​ដើម្បី​ពង្រីក​ដី​កាន់តែ​ធំឡើងៗសម្រាប់​ប្រក​បរបរ​ធ្វើ​ចម្ការ​ចិញ្ចឹម​គ្រួសារ។ ដោយសារតែ​ឪពុក​របស់លោក​មាន​ជំនាញ​ច្បាស់លាស់ ទើប​ការដោះមីន​ទាំងនោះ​មិនដែល​ជួប​បញ្ហា ឬ​គ្រោះថ្នាក់​អ្វី​ឡើយ។ រហូតដល់​ឆ្នាំ1999 ទើប​ម្តាយ​នាំ​កុមារា ឌឹ​ប៉េ​រ៉េ ទៅ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ទី1 ដែល​លោក​នៅចាំ​បាន​ថា កាលនោះលោក​ហាក់ដូចជា​ស្រឡាញ់​ម្តាយ​ខ្លាំងណាស់ បើ​គាត់​មិន​ជូនទៅ​រៀន​ទេ លោក​ក៏​មិន​ទៅ​រៀន​ដែរ និង​បើ​ជូន​ទៅហើយ​ទាល់តែ​នៅចាំ​រហូតដល់​ម៉ោង​ចេញ បើ​ហ៊ាន​តែ​ម្តា​យមក​មុន លោក​នឹង​រត់​ចេញពី​សាលា​ទៅតាម​ម្ដាយ​ដែរ​មិន​ខាន ទើប​ជាហេតុ​ធ្វើឱ្យ​ការសិក្សា​របស់លោក​កាលនោះ​មិន​ទទួលបាន​លទ្ធផល​ល្អ​ឡើយ។ រហូតដល់ឆ្នាំក្រោយៗមក​ទើបលោក​ដឹង​ពី​ការងារ​សិក្សា ក៏​ខិតខំ​ប្រឹងរៀន​សូត្រ​រហូត​បាន​ឡើង​ថ្នាក់ លុះដល់​ឆ្នាំ2005 រៀន​ចប់​ថ្នាក់បឋមសិក្សា ក៏​បន្ត​ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ​នៅ​សាលា​ដែលមាន​ចម្ងាយ​ជាង7 គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​ដោយសារតែ​ផ្លូវ​លំបាក​មានជង្ហុក និង​ភក់​ផង​នោះ ធ្វើឱ្យ​លោក​ក៏ដូចជា​សិស្ស​រួម​ថ្នាក់​ដទៃទៀត​ដែរ​ត្រូវ​ចំណាយពេល​ជិះ​កង់​ទៅ-មក​ជិត 2ម៉ោង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទៅ​សិក្សា​នៅ​សាលា​ដែលមាន​ជញ្ជាំង​បិទបាំង​ដោយ​បន្ទះ​ឫស្សី និង​ដំបូល​ប្រក់​ស្លឹក។ ទោះជា​លំបាក​យ៉ាងណាក្តី តែដោយសារ​ចិត្ត​ស្រឡាញ់​ការសិក្សា កុមារា ឌឹ​ប៉េ​រ៉េ បាន​ខិតខំ​ជួយ​ធ្វើ​ចម្ការឪពុកម្តាយ​ដោយ​ស្ពាយ​ធុង​បាញ់ថ្នាំ និង​មើល​ការងារកម្មករ​ផង និង​ឆ្លៀតពេល​រៀន​ផង រហូត​ទទួលបាន​និទ្ទេស​ល្អជា​រៀងរាល់ឆ្នាំ។ លុះ​ឆ្នាំ2009 ក៏​បញ្ចប់​ថ្នាក់ឌីប្លូម និង​បាន​បន្តទៅ​វិទ្យាល័យ​ពេជ្រ​ចិន្តា ដែលមាន​ចម្ងាយ​ជិត10គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​ពេលនោះ​ក៏​មិនទាន់មាន​ម៉ូតូ​ជិះ​នឹង​គេ​ដែរ គឺ​ជិះ​ដោយសារ​គេ និង​ជួយ​ចេញថ្លៃ​សាំង​ឱ្យគេខ្លះ។

ដោយសារ​ចង់ឃើញ​ទីក្រុង​ភ្នំពេញ និង​ចង់​រំដោះខ្លួន​ចេញពី​កូន​កសិករ​ផង​នោះ យុវជន ឌឹ​ប៉េ​រ៉េ​ក៏​បន្ត​ខំប្រឹង​រៀន និង​ទទួលបាន​ពិន្ទុ​ល្អជា​ប្រចាំ លើកលែងតែ​ថ្នាក់​ទី12 ដោយសារតែ​គ្រួសារ​ជួប​ការលំបាក ធ្វើឱ្យ​មិនសូវ​បាន​រៀន​ដិតដល់ តែ​យ៉ាងណា​ក៏ ឌឹ​ប៉េ​រ៉េ​បាន​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ2011។ ក្រោយ​ចប់​បាក់​ឌុប ឪពុកម្តាយ​ប្រាប់ថា គាត់​មិនមាន​លុយ​ឱ្យ​កូន​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ទេ ដោយសារតែបងៗ 3នាក់ បាន​ឡើងទៅ​រៀនមុនៗមិនទាន់មាន​ការងារ​ធ្វើ មិន​អាចជួយ​ម្តាយ​បាន​នៅឡើយ ទើប​ឪពុកម្តាយ​មិនមាន​លុយ​បញ្ជូន​កូន​ម្នាក់ទៀត​នេះ​ទៅ​រៀន​បន្តទៀត​បាន ប៉ុន្តែ​ម្តាយ​បាន​ប្រាប់ថា បើសិនជា​កូន​ជាប់​អាហារូបករណ៍ ម្ដាយ​នឹង​ជួយ​ទំនុកបម្រុង​លើ​ការ​ស្នាក់នៅ និង​ហូបចុក​ឱ្យ​កូន​បាន​រៀន​បន្ត។ ឮដូច្នេះ យុវជន ឌឹ​ប៉េ​រ៉េ ក៏បាន​ឡើងមក​ភ្នំពេញ និង​ដាក់ពាក្យ​ចូល​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​នេះ។ ការដាក់​ពាក្យ​ដើម្បី​ចូលរៀន​យក​ជំនាញ​ភាសា​ជប៉ុន​នេះ គឺ​ដោយសារ​នៅឯ​ស្រុក​មាន​រោងចក្រ​ជប៉ុន​នៅ​ទីនោះ ហើយ​ជប៉ុន​បាន​ជួយ​កសាង​សាលា​ឱ្យក្មេងៗនៅក្នុង​ភូមិ​បាន​រៀន​ផងដែរ។ ចំណែក​មិត្តភក្តិ​ផ្សេងទៀត គេដាក់ពាក្យ​រៀន​វិស្វកម្ម ពេទ្យ និង​ជំនាញផ្សេងៗអស់​ទៅហើយ លើកលែងតែ​ខ្លួនឯង​មួយ​ដែល​ដាក់​យក​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​ផ្នែក​ភាសា​ជប៉ុន​នេះ។ នៅពេល​មក​ដាក់ពាក្យ​នោះ យុវជន ឌឹ​ប៉េ​រ៉េ​មិនចេះ​ភាសា​ជប៉ុន​សូម្បីតែ​អក្សរ​មួយ​តួ ហើយ​ពេល​ឡើងមក​ធ្វើតេស្ត​ក៏​មិនចេះ​ដែរ តែដោយសារ​រស់នៅ​តំបន់​ដាច់ស្រយាល​នៅក្នុង​ភូមិ​មួយ​ដែល​បន្សល់​គ្រាប់មីន​ពី​ជំនាន់​សង្គ្រាម សាលា​បានផ្តល់​អទិភាព​ឱ្យបាន​ចូលរៀន ដូច​សិស្ស​ចេះ​មួយចំនួនទៀត។

ត្រង់នេះ​យុវជន ឌឹ​ប៉េ​រ៉េ បាន​រំឭកថា ក្រោយ​ដាក់ពាក្យ និង​ធ្វើតេស្ត​រួច ខ្លួន​ក៏​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​មួយរយៈ​ខ្លី​ខាង​សាលា​បាន​ទូរស័ព្ទ​ទៅប្រាប់​ថា ខ្លួន​ជាប់​អាហារូបករណ៍​ហើយ ពេលនោះ​លោក​មានចិត្ត​ត្រេកអរ​ជាខ្លាំង បាន​រត់​មក​ប្រាប់​ម្តាយ​ទាំង​ត្រហេបត្រហប រត់​ទាំង​មិន​ខ្លាច​ជាន់​បន្លា​មុត​ជើង​ឡើយ។ ជិត​ដល់ពេល​ចូលរៀន លោក​ក៏ត្រូវ​ម្តាយ​ជូន​មក​នៅ​ជាមួយបងៗនៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេ​ប៉ា​តឺ​ម៉​ង់​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​ផ្នែក​ភាសា​ជប៉ុន​នេះ។ ប៉ុន្តែនៅពេល​ដំបូង​ដោយសារ​ខ្លួន​មិនចេះ​អក្សរ​ជប៉ុន​សោះ ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​សិក្សា​ជាខ្លាំង ស្ទើរតែ​បោះបង់ចោលម្តងៗ តែដោយសារ​សិស្ស​ក្នុង​ថ្នាក់​ភាគច្រើន​ពួកគេ​ជាប់​ដោយ​សមត្ថភាព ដូច្នេះ​លោក​ត្រូវតែ​ខំរៀន​តាម​គេ​ឱ្យទាន់ រហូត​ក្លាយជា​សិស្ស​ពូកែ​ផ្នែក​និយាយ និង​ស្តាប់​ទៀតផង ហើយក៏​ចេះតែ​ខិតខំ​ប្រឹងរៀន​រហូត​ចប់​មហាវិទ្យាល័យ​នៅ​ឆ្នាំ2015 ហើយបន្តទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​រហូតដល់​ឆ្នាំ2017 ទើប​ត្រឡប់មក​ប្រទេស​កំណើត​វិញ។

សម្រាប់​បំណង​ទៅ​ថ្ងៃ​អនាគត យុវជន​ខាងលើ​ចង់​បានតែ​ម្យ៉ាង​គត់ គឺ​ជួយ​ឱ្យ​យុវជន​ខ្មែរ​បាន​ទៅ​រៀន​ជំនាញ​នៅ​ប្រទេស​ជប៉ុន​កាន់តែច្រើន ដើម្បី​ត្រឡប់មកវិញ​រួមគ្នា​ជួយ​អភិវឌ្ឍ​សង្គម​ខ្មែរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត តាមរយៈ​ការពង្រីក​សាខា​នៅតាម​បណ្តា​ខេត្ត​គោលដៅ​មួយចំនួន​ឱ្យបាន​កាន់តែ​ច្រើនឡើង។ ករណីនេះ​លោក​សូម​ផ្តាំផ្ញើ​ទៅដល់​អាណាព្យាបាល​សិស្ស​ថា បើសិនជា​ចង់ឱ្យ​កូន​ទទួលបាន​ចំណេះដឹង​ច្បាស់លាស់ គួរ​បញ្ជូន​កូន​ទៅ​រៀន​ទីនោះ​ឱ្យបាន ជួយ​កូន​តែ​ឆ្នាំ​ដំបូង ឆ្នាំ​ទី2កូន​ប្រាកដ​ជាមាន​សមត្ថភាព​រក​ការងារ​ធ្វើ រកប្រាក់​ផ្គត់ផ្គង់​ការសិក្សា​ខ្លួនឯងបាន​យ៉ាង​ងាយ ដែល​នេះ​ជា​វប្បធម៌​របស់​ជប៉ុន ក្នុងការ​បង្ហាត់បង្រៀន​ឱ្យ​សិស្ស​ចេះ​រកលុយ​ដោយ​ខ្លួនឯង​តាំងពី​ថ្នាំ​ទី10ម៉្លេះ៕

Advertisement