ឱកាសអាហារូបករណ៍មានច្រើន តែធ្វើម៉េច​ចាប់យកបាន?

ការសិក្សាជាការវិនិយោគ​យ៉ាងធំសម្រាប់ជីវិត ព្រោះចាប់ផ្តើមពីការអប់រំ មនុស្សម្នាក់ៗនឹងទទួលបានមកវិញនូវអាជីពសម្រាប់ជីវិត ទ្រព្យសម្បត្តិកិត្តិយស និងស្នាដៃល្អៗជាច្រើនសម្រាប់ខ្លួនឯងសង្គម និងពិភពលោក។ ជាធម្មតាទេ គ្រប់ការវិនិយោគចាំបាច់ត្រូវតែចំណាយដើមទុន តែ​មាននិស្សិតជាច្រើន​បានព្យាយាម​ចាប់យកឱកាសល្អៗ ដើម្បី​បន្ថយការចំណាយសម្រាប់គ្រួសារ ហើយបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុងប្រទេស ឬនៅបរទេសដោយជោគជ័យ។

លោក ង៉ែត សុខឡា ស្ថាបនិក KP Foundation និងជាប្រធានពិធីការ និងសម្ព័ន្ធការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានលើកឡើងថា ​ការដាក់ពាក្យប្រឡងអាហារូបករណ៍​កម្រិតបរិញ្ញាបត្រមិនមែនជារឿងលំបាកខ្លាំង តែក៏មិនងាយពេកដែរ។ ការស្វែងរកព័ត៌មានជាដំណាក់កាល​សំខាន់ដំបូងបំផុត សម្រាប់ការទទួលបានអាហារូបករណ៍ ព្រោះអ្នកទទួលបានអាហារូបករណ៍ខ្លះមិនប្រាកដថា ខ្លាំងជាងគេនោះទេ តែគេទទួលបានព័ត៌មានមុន និងច្រើនជាងអ្នកឯទៀត ហេតុនេះហើយទើបធ្វើឱ្យគេមានឱកាសច្រើនក្នុងការប្រឡងជាប់។ សិស្សដែល​មានបំណងចង់ទទួលបានអាហារូបករណ៍ គួរ​​ស្រាវជ្រាវឱ្យបានច្រើនពីព័ត៌មាន​អាហារូបករណ៍ ពីក្នុងគេហទំព័រសាកលវិទ្យាល័យនីមួយៗ ឬពី​ទំព័រ Facebook របស់ក្រសួងអប់រំ ព្រោះក្រសួងអប់រំ​តែងតែបង្ហាញ​ពីដំណឹងអាហារូបករណ៍ជាច្រើនទាំងរដ្ឋ និងឯកជនទៅកាន់សិស្ស-និស្សិតនៅទូទាំងប្រទេស។

លោក ង៉ែត សុខឡា ស្ថាបនិក KP Foundation

លោក ង៉ែត សុខឡា បាននិយាយថា៖ “​ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត សិស្សក៏អាច​ទៅសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សានោះដោយផ្ទាល់តែម្តង ដើម្បី​សិក្សាពី​តម្រូវការរបស់សាលា និងមុខវិជ្ជាណាខ្លះដែលយើងចង់សិក្សា ហើយក៏អាចមានឱកាសក្នុងការជួបសិស្សច្បង​នានាដែលជាប់អាហា-រូបករណ៍នៅទីនោះដោយផ្ទាល់ផងដែរ”។

លោក សុខឡា បានបញ្ជាក់ផងដែរថា សិស្សម្នាក់ៗត្រូវមានសេចក្តីក្លាហានក្នុងការដាក់ពាក្យប្រឡងយកអាហារូបករណ៍ ព្រោះការប្រឡងដ៏សំខាន់នេះជាឱកាសដ៏ល្អដើម្បីធ្វើឱ្យយើងមានឱកាសបន្តការសិក្សា​នៅមហាវិទ្យាល័យ ប្រសិនបើធនធានរបស់យើងមានកម្រិត។ សូមកុំបារម្ភប្រសិនបើយើងមិនទទួលបាន​ពិន្ទុខ្ពស់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ព្រោះកន្លងមកសិស្សនិទ្ទេស D ឬ E ក៏មានមិនតិចដែរដែលជាប់អាហារូបករណ៍។ ចំណុចសំខាន់ដែលធ្វើឱ្យពួកគេជោគជ័យ​លើការដាក់ពាក្យប្រឡងអាហារូបករណ៍ គឺការត្រៀមខ្លួនបានល្អ។ សិស្សនិទ្ទេស A B ឬ C ក៏ដោយ ប្រសិនបើមិនមានការ​ត្រៀមខ្លួនឱ្យបានល្អទេ គាត់ក៏អាច​នឹងបាត់បង់ឱកាសក្នុងការប្រឡងជាប់អាហារូបករណ៍ដែរ តែប្រសិនបើអ្នកប្រឡងដឹងថា ពិន្ទុក្នុងសាលារបស់ខ្លួនមិនទាន់ល្អ ហើយខិតខំប្រឹងប្រែងខ្លាំង​ដើម្បីត្រៀមប្រឡងនោះ ពួកគេនឹងអាចមានសង្ឃឹមឡើងវិញ។ ហេតុនេះសូមកុំអស់សង្ឃឹម បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

លោក លី តារា ប្រធានក្រុមអ្នកនិពន្ធវ័យក្មេងកម្ពុជា និង​ជានិស្សិតពូកែមួយរូបដែរនោះបានលើកឡើងថា សិស្សដែលចង់​ជាប់អាហារូបករណ៍គួរពង្រឹង​ចំណេះដឹងភាសាអង់គ្លេសឱ្យបានខ្លាំង ព្រោះ​សាលាភាគច្រើន​បើកទទួល​សិស្សឱ្យប្រឡងអាហារូបករណ៍​ដោយប្រើប្រាស់ភាសាអង់គ្លេស រួមទាំងវិញ្ញាសាសរសេរផ្សេងៗទៀតដែលត្រូវការភាសាអង់គ្លេស។ ហេតុនេះប្រសិនបើគាត់ជាមនុស្សពូកែសរសេរជាភាសាអង់គ្លេស គាត់នឹងមានឱកាសខ្ពស់ដើម្បីទទួលបានអាហារូបករណ៍។ ក្រៅពីនេះសិស្សក៏គួរតែមានចំណេះដឹងផ្នែកវប្បធម៌ទូទៅឱ្យបានទូលំទូលាយព្រោះ​គ្រប់សាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សា សុទ្ធតែត្រូវការនិស្សិតដែលមានចំណេះដឹងខ្ពស់។ ម្យ៉ាងវិញទៀត សិស្សក៏គួរតែស្រាវជ្រាវព័ត៌មានខ្លះៗពីមុខវិជ្ជាដែលខ្លួនត្រូវប្រឡងនោះ។ ថ្វីត្បិតតែ​ពេលចូលប្រឡងមិនត្រូវការចំណេះដឹងពីជំនាញណាមួយ បែបស៊ីជម្រៅមែន តែក៏ចាំបាច់ត្រូវមានមូលដ្ឋានខ្លះៗដែរ ទើបអាចដណ្តើម​អាហារូបករណ៍បាន។

លោក លី តារា ប្រធានក្រុមអ្នកនិពន្ធវ័យក្មេង

លោក លី តារា បាននិយាយថា៖ “​ចំពោះសមត្ថភាពសិស្សវិញ មិនប្រាកដថាសិស្សនៅខេត្តអាចខ្សោយជាងសិស្សនៅទីក្រុងនោះទេ គឺវាអាស្រ័យលើការត្រៀមទុក ព្រោះអ្នកនៅតាមបណ្តាខេត្តជាច្រើនក៏ទទួលបានអាហារូបករណ៍សំខាន់ៗផងដែរ។ ហេតុនេះ​សិស្ស​នៅតាមបណ្តាខេត្ត​ កុំអស់សង្ឃឹម ហើយព្យាយាមត្រៀមខ្លួនឱ្យបានល្អ ដើម្បីធ្វើការប្រកួតប្រជែង”។

លោក តារា បានលើកឡើងផងដែរថា សិស្សដែលពិតជាចង់ជាប់អាហារូបករណ៍ អាចស្វែងរកបទពិសោធពី​សិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍ ដើម្បីសួរនាំពីបទពិសោធជាក់ស្តែងដែលគេធ្លាប់មាន ព្រោះអាហារូបករណ៍ ពេលខ្លះមិនលំបាកយកពេកទេប្រសិនបើដឹងវិធី។ ការសួរទៅសិស្សច្បងដែលធ្លាប់ជាប់ អាចជួយឱ្យយើងស្រាវជ្រាវត្រូវចំណុច​ដែលគ្រឹះស្ថានអប់រំនោះចង់បានហើយក៏អាចជាពន្លឺច្រើនសម្រាប់ការ​ប្រកួតប្រជែងផងដែរ៕

Advertisement