ជំនាញ​ភាពជាអាណាព្យាបាល (parenting skill) សំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍកុមារ

បើនិយាយពីការអប់រំមួយម៉ាត់ មិនមែនសំដៅតែលើការបណ្តុះបណ្តាលកូនក្មេងនោះទេ តែវាចាំបាច់មានការចូលរួមពីអាណាព្យាបាលផងដែរ ព្រោះកុមារមិនអាចអភិវឌ្ឍសមត្ថភាពបានល្អនោះទេ ប្រសិនបើ​ពួកគេរៀនពីមេរៀនល្អៗនៅសាលា ហើយ​ត្រូវទាញទៅមិនល្អវិញនៅពេលពួកគេចូលមករស់នៅក្នុងគ្រួសារជាក់ស្តែង។

នៅកម្ពុជា បញ្ហាយុវជនមានភាពបាក់ស្បាត ឬមិនមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត គឺដោយសារតែពួកគេមួយចំនួនធំ រស់នៅក្នុងពិភព​គ្រួសារ និង​សហគមន៍ ដែលរឹតត្បិតដល់​សេរី-ភាពនៃការសម្រេចចិត្តរបស់ពួកគេ។ កុមារត្រូវបានគេកំណត់ថា ឱ្យត្រូវតែដើរតាមអ្វីដែលមនុស្សធំកំណត់ ហើយពួកគេ​មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ឬបង្ហាញពីអ្វីដែលគេចង់បាននោះទេ ព្រោះទម្លាប់របស់សង្គមយើងឱ្យតែ​កុមារ​​បញ្ចេញមតិយោបល់តវ៉ា ឬនិយាយអំពីអ្វីដែលចង់បានគឺគេហៅថាជាការតមាត់ ឬជាសកម្មភាព ហាមឃាត់។ ក្រៅពីការកំណត់បន្ទាត់​សម្រាប់កុមារ ហើយនោះ ពួកគេមួយចំនួន​ក៏​បានទទួលការអប់រំបែបតឹងរ៉ឹងពីអាណាព្យាបាលដែល​ធ្វើឱ្យពួកគេបាក់ស្បាត និង​ងាយរងគ្រោះដោយអំពើហិង្សា​នៅក្នុងការរស់នៅ​នៅពេលដែលពួកគេធំឡើង និងបន្តទៅអ្នកជំនាន់ក្រោយ​បន្តទៀត។

នៅពេលកុមារ​មិនទទួលបាន​ការ​គាំពារបែបវិជ្ជមាន វាអាចនឹងផ្តល់វិបត្តិមួយចំនួនសម្រាប់សង្គម ព្រោះ​យុវជន​ដែល​ធំឡើងពីស្ថាន​ភាពអវិជ្ជមាន អាចនឹងមិនសូវហ៊ានសម្រេចចិត្តលើវាសនាខ្លួនឯងនោះទេ ហើយ​តែងតែបារម្ភពីការ​ស្តីបន្ទោស ឬទណ្ឌកម្មជាដើម។ ម្យ៉ាងវិញទៀត កត្តាទាំងអស់នេះ​អាច​ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យយុវជន​នាសម័យថ្មីមិនសូវមាននាវានុវត្តន៍ថ្មីៗ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំងក្លាបន្ថែម។ តែជាទូទៅ អាណាព្យាបាលទាំងឡាយគួរ​យកចិត្តទុកដាក់ខ្លាំងពីជំនាញភាពជាអាណាព្យាបាល (Parenting Skill) ដែល​ជាកត្តាសំខាន់ក្នុងការជំរុញកូនៗឱ្យក្លាយជាមនុស្សខ្លាំងនៅថ្ងៃអនាគត។

លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានលើកឡើងថា​ ទន្ទឹមនឹងកូនតូចៗទទួលបានការសិក្សាល្អពីប្រព័ន្ធអប់រំដែលមានគុណភាព អាណាព្យាបាលក៏ចាំបាច់ត្រូវយល់ដឹងផងដែរពីវិធីក្នុងការអប់រំកូនដើម្បីជំរុញពួកគេឱ្យក្លាយជា​មនុស្សខ្លាំងនៅថ្ងៃអនាគត។ ប្រសិនបើអាណាព្យាបាល​យល់ដឹងខ្ពស់ពីវិធីសាស្រ្តក្នុងការ​អប់រំ​កូននៅក្នុងផ្ទះ​ យល់ពីតម្រូវការជាក់ស្តែងរបស់​កុមារ ហើយ​ចេះលើកទឹកចិត្តពួកគេឱ្យមានការខិតខំប្រឹងប្រែង នោះ​កុមារ​នឹង​អាច​អភិវឌ្ឍខ្លួនក្នុង​ស្ថានភាពវិជ្ជមាន ដែលធ្វើឱ្យពួកគេ​អាច​ក្លាយជាមនុស្ស​មាន​ភាពច្នៃប្រឌិតខ្ពស់ និងអត្តចរិតល្អនៅថ្ងៃអនាគត។

លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប

លោក គង់ សំនៀង បាននិយាយថា៖ “​ប្រសិនបើ​កូនតូចៗ កំពុងខិតខំប្រឹងរៀន តែអាណាព្យាបាលគាត់មានបញ្ហាច្រើន មានវិបត្តិឈ្លោះទាស់ទែងគ្នាមានអំពើហិង្សា និងមានគំរូមិនល្អ នោះក្មេងក៏មិនអាច​រៀនពូកែបានដែរ”។

​អាណាព្យាបាលចាំបាច់ត្រូវតែ​ដឹងពីតួនាទីរបស់ខ្លួនក្នុងការបណ្តុះបណ្តាលកុមារ ព្រោះក្មេងៗនៅសាលាក្នុងរយៈពេល​ខ្លី តែរស់នៅជាមួយអាណាព្យាបាល​ក្នុងរយៈពេលវែង ហេតុនេះប្រសិនបើអាណាព្យាបាល​មាន​ចំណេះដឹងក្នុងការគ្រប់គ្រងក្មេងបានល្អ នោះមានន័យថា​ ការអប់រំកុមារ​ក៏មានលក្ខណៈពេញលេញ ឆ្លើយតបឱ្យគ្នាបានល្អផងដែរ។ អាណាព្យាបាលជាច្រើន​ចង់ឱ្យកូនក្លាយជាមនុស្សល្អ តែពេលខ្លះទង្វើរបស់គាត់អាចប៉ះពាល់ដល់ការគិតរបស់ក្មេងដោយមិនដឹងខ្លួន ហេតុនេះ​អ្វីដែលអាចធ្វើបានគឺកាត់បន្ថយ​ទម្លាប់អវិជ្ជមានដែលធ្លាប់ទទួលបានពីអាណាព្យាបាលជំនាន់មុន ហើយស្វែងយល់ពី​វិធីល្អៗដើម្បីជំរុញក្មេងៗជំនាន់ក្រោយឱ្យកាន់តែមានសក្តានុពលវិជ្ជមាន។

អាណាព្យាបាលជាច្រើននៅកម្ពុជា​មិនសូវ​ផ្តល់​ឱកាសឱ្យ​កូនក្នុងការ​សម្រេចចិត្តខ្លួនឯងនោះទេ តែគាត់ចូលចិត្ត​សម្រេចចិត្ត​ជំនួសកូនតូច ព្រោះគាត់តែងតែគិតថា កូនរបស់គាត់នៅក្មេងជានិច្ច។ ចំណុចនេះពេលខ្លះបានផ្តល់ផលវិជ្ជមានដល់ក្មេងដោយទទួលបានការ​ថ្នាក់ថ្នម និងទំនុកបម្រុង​ជាប់ជានិច្ចតាំងពីតូចដល់ធំ តែវាក៏ផ្តល់គុណវិបត្តិច្រើនផងដែរនៅពេលអាណាព្យាបាល​នៅតែព្យាយាម​ក្តោបក្តាប់សិទ្ធិក្នុងការសម្រេចចិត្តរបស់កូនលើគ្រប់រឿងទាំងអស់​ ដែលធ្វើឱ្យគេបាត់បង់​សេរីភាពក្នុងការគិត។ ក្រៅពីនេះ យុវជនជាច្រើនហាក់ព្យាយាម​ដើរ​ក្នុងផ្លូវអវិជ្ជមាន​ដើម្បីគេចចេញពីគំនាប​អប់រំក្នុងគ្រួសារដែលអាណាព្យាបាលមិនបានយល់ដឹងពីវិធីសាស្ត្រប្រឹក្សាជាមួយកូន និង​វិធីសាស្រ្តជំរុញកូនឱ្យមានភាពក្លាហាន និងសម្រេចចិត្តឱ្យបានត្រឹមត្រូវ៕

Advertisement