ក្រសួង​បញ្ជាក់ថា គ្មាន​ការប្តូរឈ្មោះ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី​ទេ

ក្រោយពី​មានការ​តវ៉ា​ពី​សាស្ត្រាចារ្យ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន មតិ​ជាច្រើន​ក្នុង​បណ្តាញ​សង្គម មានការ​ព្រួយបារម្ភ​ថា អាច​នឹង​បាត់បង់​សាលាព្រះ​ស៊ីសុវត្ថិ​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ1873 ព្រោះតែ​វត្ត​មាននៃ​សាលា​ជំនាន់​ថ្មី។

អ្នកនាំពាក្យ​ក្រសួង អប់រំ យុវជន និង​កីឡា បានធ្វើការ​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​ថា គ្មាន​ការផ្លាស់ប្តូរ​ឈ្មោះ​សាលា​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី ដូច​មតិ​ដែល​បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​នោះទេ។ សាលា​ជំនាន់​ថ្មី​គ្រាន់តែ​ជា​កម្មវិធីសិក្សា​មួយ​ដែល​ដាក់ចូល​ទៅក្នុង​សាលា​ព្រះស៊ីសុវត្ថិ​តែប៉ុណ្ណោះ ហើយ​ចំពោះ​ការផ្លាស់ប្តូរ​នាយក​សាលា​នោះ គឺធ្វើឡើង​តាម​បទពិសោធ និង​ភាពចាស់ទុំ​នៃ​ការងារ​របស់គាត់ ដែល​នេះ​ជាការ​លើកទឹកចិត្ត​ឱ្យទៅ​កាន់​ការងារ​ថ្មី​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា មិនមែនជា​ការដកតំណែង​នោះទេ។

សាលា​ជំនាន់​ថ្មី​ជា​កម្មវិធី​អប់រំ​ថ្មី​ដែល​ក្រសួង​បាន​សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (KAPE) ដើម្បី​ផ្តោត​ការអប់រំ​លើ​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដោយ​ក្រសួង​ធ្លាប់បាន​ដាក់បញ្ចូល​ទៅក្នុង​សាលា​គំរូ​ចំនួន 3 គឺ​សាលាព្រះ​ស៊ីសុវត្ថិ សាលាបឋមសិក្សា​អង្គរ​បាន និង​សាលាបឋមសិក្សា​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តម​មុនីនាថ សីហនុ៕

Advertisement