សាលា​ជំនាន់​ថ្មី មិនអាក្រក់​ទេ តែ​គួរ​សាងសង់​អគារ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពី​សាលា​រដ្ឋ

សាលា​ជំនាន់​ថ្មី​ជា​គម្រោង​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​យូរ​មកហើយ ម្យ៉ាងវិញទៀត​គម្រោង​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញឱ្យមាន​ការសិក្សា​លើ​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬ​ហៅ​កាត់​ថា STEM កាន់តែច្រើន​ដែរ។

ជា​រៀងរាល់​លើក ពេលដែល​ក្រសួង​ធ្វើ​កម្មវិធី​ពាក់ព័ន្ធ​នឹង STEM មន្ត្រីសំខាន់ៗ រួមទាំង​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ផង​ក៏បាន​បញ្ជាក់ដែរថា ក្រៅពី​ការធ្វើ​ពិ​ព័រ​ណ៏ STEM ប្រចាំឆ្នាំ​ហើយ ក្រសួង​បា​នប​ញ្ច្រា​ប​ការយល់ដឹង​ទៅកាន់​សាលា​នានា​នៅ​ទូទាំងប្រទេស ហើយ​ចំណុច​សំខាន់​មួយទៀត​គឺ​ក្រសួង​បានដាក់​ចេញ​នូវ​កម្មវិធី​សាលា​ជំនាន់​ថ្មី​នេះ នៅក្នុង​សាលា​គំរូ​មួយចំនួន​ដើម្បី​ធ្វើការ​សាកល្បង។ លើសពីនេះទៅទៀត ក្រសួង​អប់រំ យុវជន និង​កីឡា ក៏មាន​គម្រោង​ពង្រីក​សាលា​ជំនាន់​ថ្មី​នៅ​ទូទាំងប្រទេស​ផងដែរ ដើម្បីឱ្យ​សិស្ស​មាន​បរិក្ខារ​សម្បូរ​បែប​ក្នុង​ការសិក្សា និង​ពិសោធន៍។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម​ថា លោក​យល់ថា សាលារៀន​ជំនាន់​ថ្មី​នេះ​មិនមាន​អ្វី​អាក្រក់​នោះទេ ហើយ​ក្នុងនាម​ជា​អ្នក​ជ្រោមជ្រែង​វិស័យ​អប់រំ លោក​យល់ថា វា​ជា​គម្រោង​មួយ​ដែលមាន​គំរូ ម៉ូ​ឌែ​ល​ល្អ ឬ​ជា​បច្ចេកទេស​ក្នុង​ការជំរុញ​នវានុវត្តន៍ តែ​លោក​ចង់ឱ្យ​ក្រសួង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ​ឡើង​ដោយ​យកទៅដាក់​នៅ​សាលា​ចាស់​ណាមួយ ដោយ​ជួសជុល​កែលម្អ​អគារ​ទាំងនោះ​ឱ្យ​ថ្មី​ឡើងវិញ ហើយ​ដាក់ឈ្មោះថា សាលា​ជំនាន់​ថ្មី តែម្តង អាច​នឹងមាន​កិត្យានុភាព​ជាង៕

Advertisement