វៀតណាម ជំរុញឱ្យ Facebook បើកការិយាល័យក្នុងប្រទេសខ្លួន មុនច្បាប់​ “សន្តិសុខតាមអីុនធើណិត” ត្រូវបានអនុវត្ត

រដ្ឋាភិបាលវៀតណាមបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមរិក Facebook បើកការិយាល័យផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសរបស់ខ្លួន(ការិយាល័យក្នុងតំបន់) ដើម្បីងាយស្រួល​ធ្វើការជាមួយរដ្ឋាភិបាល ព្រោះនៅដើមឆ្នាំ2019ខាងមុខនេះ រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមអនុវត្ត និងរឹតបន្តឹងច្បាប់​ “សន្តិសុខតាមអីុនធើណិត”។

យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មានវៀតណាមបានឱ្យដឹងថា បច្ចុប្បន្ន Facebook កំពុងតែ​ជោគជ័យលើអាជីវកម្មក្នុងប្រទេសវៀតណាម ជាពិសេស Facebook អាចទាញយកផលប្រយោជន៍យ៉ាងច្រើនពីវៀតណាម ដូច្នេះគួរតែបង្កើតការិយាល័យក្នុងតំបន់មួយ។

នៅដើមឆ្នាំ2019 រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមអនុវត្តច្បាប់ “សន្តិសុខតាមអីុនធើណិត” ជាពិសេសគឺរដ្ឋាភិបាលវៀតណាមត្រូវទាមទារឯកសារជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលមានដូចជា Facebook និង Google ជាដើម ព្រោះរដ្ឋាភិបាលត្រូវគ្រប់គ្រងទៅលើព័ត៌មានអ្នកប្រើប្រាស់ជនជាតិវៀតណាមដែរ។

ក្រសួងព័ត៌មានវៀតណាមបានបញ្ជាក់បន្ថែមទៀតថា តើ Facebook អាចរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វៀតណាមដែលមានជាង 60លាននាក់បានដែរឬទេ? ទាំងនេះគឺជា​ក្ដីបារម្ភធំបំផុតដែលរដ្ឋាភិបាលវៀតណាមទាមទារឱ្យបង្កើតការិយាល័យឡើងដើម្បីងាយ-ស្រួលធ្វើការជាមួយគ្នា។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបែកធ្លាយព័ត៌មានទិន្នន័យអ្នកប្រើ Facebook ដែលត្រូវបានគេលួចនោះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា បើសិនជា Facebook មិនព្រមផ្ដល់​ចម្លើយ ឬគ្មានដំណោះស្រាយសមស្របណាមួយនោះទេ Facebook នៅក្នុងប្រទេសវៀតណាមនឹងត្រូវបិទ៕

Advertisement