ក្រសួងព្រមានចាត់ការតាមច្បាប់ចំពោះបុគ្គលិកអប់រំណាយកលុយពីសិស្សក្នុងការដក និងកែសញ្ញាបត្របាក់ឌុបបណ្ដោះអាសន្ន

បន្ទាប់ពី​មាន​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ក្នុង​បណ្តាញ​សង្គម Facebook ពី​បញ្ហា​ខុស​រូបថត​លើ​សញ្ញាបត្រ​បណ្តោះអាសន្ន​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ និង​មានការ​ទារលុយ​ចំនួន 10ដុល្លារ​ដើម្បី​កែតម្រូវ​ឡើងវិញ​នោះ អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បំភ្លឺថា ក្រសួង​មិន​តម្រូវឱ្យ​បុគ្គលិក​អប់រំ​យកលុយ​ពី​សិស្ស​ឡើយ។

សិស្សម្នាក់​ដែលមាន​ Facebook ឈ្មោះ Pov Natha បានបង្ហាញ​សារ​នៅក្នុង​បណ្តាញ​សង្គម Facebook របស់ខ្លួន​ដែល​ក្នុងន័យ​ដើម​ទាំងស្រុង​ថា៖

«តើ​នេះ​ជា​កំហុស​របស់​អ្នកណា កំហុស​របស់​សាលា ឬ​កំហុស​របស់​ក្រសួង​ឱ្យ​ប្រាកដ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​របស់ខ្ញុំ ហេតុ​អី​បាន​ជាមាន​រូបអ្នក​ផ្សេង​ទៅវិញ ហេតុ​អី​បាន​ទៅជា​បែបនេះ ដឹង​ទេ​ថា ពួក​ខ្ញុំ​ត្រូវការ​វា​សំខាន់​ប៉ុនណា​ដើម្បី​យកទៅដាក់​ពាក្យ​ធ្វើការ​ដើម្បី​រកលុយ ហេតុ​អី?? មិន​តែ​ប៉ុណ្ណឹង​នៅ​តម្រូវឱ្យ​ពួក​ខ្ញុំ​បង់លុយ 10$ សម្រាប់​ដោះស្រាយ​រូប​ដែល​ធ្វើ​ខុស តើ​នេះ​ជា​កំហុស​របស់​ពួក​ខ្ញុំ​មែន បានឱ្យ​ពួក​ខ្ញុំ​បង់លុយ​ទៅវិញ ក្រែង​នេះ​គឺជា​ការគ្រប់គ្រង​របស់​ក្រសួង​ហើយក៏​ជាការ​ទទួលខុសត្រូវរ​បស់​ក្រសួង​តើ​អី ??? ម៉េច​ក៏​បែបនេះ ហៅ​ទៅ​ថត ខ្ញុំ​ទៅហើយ ហៅ​ទៅ​ស៊ី​ញ៉េ ខ្ញុំ​ក៏​ទៅ ហៅ​ទៅពិនិត្យ ខ្ញុំ​ក៏​ទៅហើយ បានច្បាស់លាស់​អស់ហើយ ហេតុ​អី​ក៏​នៅតែ​ខុស? គួរ​ណាស់​អ្នកណា​ធ្វើ គួរតែ​ទទួលខុសត្រូវ​ចំពោះ​រឿង​មួយ​នេះ ហើយ​មិនមែន​ខុស​តែ​ខ្ញុំ​ទេ សាលា​ខ្ញុំ​ខុស 14នាក់ សាលា​នៅ​ណ​ន្ល​ង់​ខុស​ជាង 300នាក់ នេះ​ខ្ញុំ​ដឹង​ខុស​តែ​ប៉ុណ្ណឹង ចុះ​នៅ​សាលា​ផ្សេងទៀត​នោះ ខុស​ប៉ុន្មាន​ទៅ? គួរ​គិត​មើល 10$ណា៎ មិនមែន1000រៀល​ទេ 10$គុណ 1000 ដង​ទៅ តើ​ប៉ុន្មាន​លុយ?»។

ឆ្លើយតប​នឹង​បញ្ហា​នេះ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​កំពុងតែ​ពិនិត្យ​លើ​ករណីនេះ​ថា តើ​វា​ជា​រឿង​ពិត​ឬទេ? តែ​ជាគោលការណ៍​រួម​ក្រសួង​មិន​តម្រូវឱ្យ​បុគ្គលិក​អប់រំ​យកប្រាក់​ពី​សិស្ស​ក្នុង​ការដក ឬ​កែ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បណ្តោះអាសន្ន​នោះទេ។

ឆ្លើយតប​នឹង​សំណួរ​ថា តើ​សិស្ស​គួរ​ធ្វើយ៉ាងណា​ប្រសិនបើ​គាត់​ជួប​ករណី​បុគ្គលិក​អប់រំ​ទារប្រាក់​ពី​គាត់​ក្នុង​ការដក​ឬ កែ​សញ្ញាបត្រ?

ឯកឧត្តម រស់ សុ​វាចា មានប្រសាសន៍ថា៖ «ក្រសួង​ស្វាគមន៍​ចំពោះ​សិស្សានុសិស្ស​ទាំងអស់​ក្នុង​ការដាក់​ឯកសារ​ម​ក​កាន់​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​អប់រំ ដោយ​បំពេញ​ទម្រង់ និង​ភ្ជាប់​ជាមួយ​ឯកសារ​ភ័ស្តុតាង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រសួង​ពិនិត្យ និង​ដោះស្រាយ»។

ឯកឧត្តម បានលើកឡើង​ផងដែរ​ថា ចំពោះ​បុគ្គលិក​អប់រំ​ណា​ដែល​ត្រូវបាន​រកឃើញថា បាន​ទារប្រាក់​ពី​សិស្ស​នោះ ក្រសួង​មានច្បាប់​សម្រាប់​អនុវត្ត​ចំពោះ​គាត់ ហើយ​ក្រសួង​នឹង​យក​រឿង​ទាំងអស់​នោះមក​ប្រជុំពិភាក្សា ដើម្បី​ដាក់ពិន័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង៕

Advertisement