ជប៉ុន​ប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយការនឿយហត់របស់បុគ្គលិក និងបង្កើនប្រសិទ្ធភាពការងារ

មិនមែនជារឿងចម្លែកពេកទេដែលឃើញអ្នកធ្វើការងារនៅក្នុងប្រទេសជប៉ុន​សម្រាក​នៅលើតុធ្វើការរបស់ពួកគេនៅគ្រប់ក្រុមហ៊ុន និងស្ថាប័នសំខាន់នានា។ នៅប្រទេសជប៉ុន​ការសម្រាកក្នុងរយៈពេលខ្លីដើម្បី​ប្រមូលថាមពល​ដើម្បីធ្វើការងារនៅទីសាធារណៈ និងកន្លែងផ្សេងៗទៀតជារឿងពេញនិយម​ ហើយក៏ត្រូវបានគេយកចិត្តទុកដាក់ផងដែរ ដោយគ្រប់គ្នាព្យាយាមបន្ថយការរំខាន​ដល់ពួកគេ។ ការធ្វើបែបនេះត្រូវបានគេមើលឃើញថា​វាអាចជួយពួកគេឱ្យមានពេលគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង ឬជាការសម្រាកយ៉ាងល្អមួយដើម្បីបន្តសកម្មភាពប្រកបដោយថាមពលសម្រាប់ការងារ។

ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនធំៗ2 នៅជប៉ុនបាន​ចាប់ដៃគ្នាបង្កើត​បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសម្រាករបស់បុគ្គលិក​ តាមរយៈការគ្រប់គ្រងសីតុណ្ហភាពនៅខាងក្នុង​បន្ទប់ធ្វើការងារ។ ក្រុមហ៊ុនទាំង2នោះគឺក្រុមហ៊ុន​ផលិតម៉ាស៊ីនត្រជាក់​ Daikin និងក្រុមហ៊ុន​អេឡិចត្រូនិកយក្ស NEC ដែលបានដាក់​បញ្ចូលនូវកម្មវិធីពិសេស​ដោយការប្រើប្រាស់​កាមេរ៉ាភ្ជាប់ជាមួយនឹង​កុំព្យូទ័ររបស់បុគ្គលិកដើម្បីមើលពីការកម្រើកភ្នែករបស់ពួកគេ។ នៅពេលដែលប្រព័ន្ធដឹងថាពួកគេកំពុងតែទន់ភ្នែក​ខ្លាំង វានឹងបន្ថយ​​សីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ។

គំនិតក្នុងការអភិវឌ្ឍ​បច្ចេកវិទ្យានេះឡើងគឺបន្ទាប់ពី​មានការស្រាវជ្រាវបឋម​ដើម្បីស្វែងរកពីវិធីដែលធ្វើឱ្យ​មនុស្សកាន់តែយកចិត្តទុកដាក់​ ឬធ្វើឱ្យមនុស្សមាន​ប្រសិទ្ធភាព​កាន់តែខ្លាំងដូចជាទើបនឹងភ្ញាក់ពីដេកនាពេលព្រឹកព្រឹលឹមជាដើម។

ការស្រាវជ្រាវគឺត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវបានសាកល្បងឱ្យមនុស្ស​ដោះស្រាយ​លំហាត់គណិតវិទ្យាងាយៗក្នុង​លក្ខខណ្ឌផ្សេងគ្នា។ បន្ទប់ទី1 គឺបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់​ជាងបន្ទប់ទីពីរ 4-10អង្សារ មានពន្លឺភ្លឺជាងបន្ទប់ទី2 និងមានក្លិន​ផ្សេងពីគ្នា។ ក្រោយពេលស្រាវជ្រាវបានរកឃើញថា បន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ជាង មានការសម្រាកច្រើនជាង តែប្រសិទ្ធភាពការងារបែរជាលឿនជាង និងមានភាពច្នៃប្រឌិតខ្លាំងជាងផងដែរ។

យោងតាម​អ្នកនាំពាក្យរបស់ក្រុមហ៊ុន Daikin បានឱ្យដឹងថា គម្រោងនេះ​នឹងត្រូវប្រែក្លាយជាឱ្យ​ទៅជា​ពាណិជ្ជកម្ម និងផលិតផលជាក់ស្តែង​នៅឆ្នាំ2020 ខាងមុខនេះ។ គម្រោងការនេះក៏នឹងបង្កើនភាពវៃឆ្លាត​លើម៉ាស៊ីនត្រជាក់តាមរយៈការបក់ខ្យល់ម៉ាស៊ីនត្រជាក់​ចែកចាយទៅកាន់​អ្នកដែល​សម្រាក​ក្នុងម៉ោងធ្វើការម្នាក់ៗផងដែរ។

តាមច្បាប់ការងាររបស់ប្រទេសជប៉ុន​ គឺអនុញ្ញាតឱ្យ​បុគ្គលិកធ្វើការងារក្នុងមួយថ្ងៃ 8ម៉ោង ហើយ​ជាអតិបរមា 40ម៉ោងក្នុងមួយសប្តាហ៍។ តែទោះជាយ៉ាងនេះក្តី​វាមិនសូវត្រូវបានគេអនុវត្តជាប់លាប់ដោយ​អ្នកគ្រប់គ្រងក្រុមហ៊ុន ឬ​អាជ្ញាធរនោះទេ។ ហេតុនេះការធ្វើការងារច្រើនម៉ោងខ្លាំងអាចបណ្តាលឱ្យមានផលប៉ះពាល់​ដល់ការងារ និងជីវិតជាក់ស្តែង ដែលទាមទារឱ្យមានការដោះស្រាយ​ដោយប្រើប្រាស់បច្ចេកវិទ្យា៕

Advertisement