កត្តាអ្វីខ្លះដែលធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ?

ដោយសារតែការអប់រំ​នៅមានកម្រិតប្រជាជនកម្ពុជាត្រូវរស់នៅក្នុងសង្គមដែលហ៊ុមព័ទ្ធដោយបញ្ហាប្រឈមជាច្រើន​ មិនថា​ការសិក្សា ការធ្វើការងារ ការរកស៊ី ទំនាក់ទំនងក្នុងសង្គម ស្នេហា គ្រួសារ ឬ​ការប្រើប្រាស់បច្ចេកវិទ្យាសុទ្ធតែអាចបង្កបញ្ហាស្មុគ្រស្មាញ​ដែលនាំឱ្យមានវិបត្តិផ្លូវចិត្ត។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រាឯកទេសវិកលវិទ្យា ប្រធានផ្នែក​ជំងឺផ្លូវចិត្ត និងបំពានដោយគ្រឿងញៀន នៃមន្ទីរពេទ្យ​មិត្តភាពកម្ពុជាសូវៀតបានលើកឡើងថា មានបញ្ហាច្រើនណាស់ក្នុងការរស់នៅដែល​សុទ្ធតែនាំឱ្យមាន​ជំងឺផ្លូវចិត្ត។ ពេលខ្លះទម្លាប់នៃការរស់នៅ​ងាយៗប្រចាំថ្ងៃ​ ដែលយើងធ្លាប់ធ្វើដោយមិនដឹងខ្លួន សុទ្ធតែជាកត្តាដែលរុញច្រាន​ឱ្យមានជំងឺផ្លូវចិត្ត ឬ​បញ្ហាធ្លាក់ទឹកចិត្តបាន។ កត្តាទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ការធ្វើការងារ ការធ្វើអាជីវកម្ម និង​អាចឈានរហូតដល់​ក្លាយជាវិកលចរិត ឬសម្លាប់ខ្លួន​ថែមទៀតផង។ កត្តាសំខាន់ទី1 ដែលនាំឱ្យមានជំងឺផ្លូវចិត្តគឺ កត្តាសង្គមសាស្រ្ត ដែលកត្តានេះកើតចេញពីចំណុចខាងក្រៅខ្លួន មួយចំនួនដូចជា ការច្រណែន​នៅពេលអាណាព្យាបាល​មិន​បាន​ទិញ​សម្ភារឱ្យស្មើគ្នា ការបាត់បង់លុយកាក់​ពីការរកស៊ី ឬបាត់បង់ឱកាស​ល្អណាមួយ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បាននិយាយថា៖ “មានអ្នកខ្លះបាត់បង់លុយ​កាក់តិចតួច តែគាត់​បែរជាសម្លាប់ខ្លួន។ កត្តានេះមកពីគិតរឿងលុយកាក់តិចតួចនោះសំខាន់ខ្លាំងសម្រាប់ជីវិតគាត់។ ហេតុនេះ​នៅពេលដែលគាត់គ្រប់គ្រងផ្លូវចិត្តមិនបានល្អ​ គាត់អាចនឹងប្រឈមបញ្ហាផ្លូវចិត្តខ្ពស់ ហើយធ្វើឱ្យជីវិតគាត់មានបញ្ហា”។

អ្នកជំនាញចិត្តសាស្រ្តខាងលើបានលើកឡើងផងដែរថា បញ្ហាសង្គមមួយចំនួនទៀតដែលហួសពីការស្មានរបស់យើងក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែរ ដូចជាបញ្ហាគ្រោះធម្មជាតិដែលបានបំផ្លេចបំផ្លាញដល់លំនៅឋាន ឬទ្រព្យសម្បត្តិ និងបញ្ហាសង្គ្រាម​ ឬវិបត្តិសង្គមផ្សេងៗផងដែរ។ កត្តាសំខាន់ទី2 ដែលនាំឱ្យ​មានបញ្ហាផ្លូវចិត្តគឺ កត្តាជីវសាស្រ្ត ហើយកត្តានេះត្រូវបានបែងចែកជា2ប្រភេទផងដែរ គឺកត្តាជីវសាស្រ្តខាងក្រៅ និងកត្តាជីវសាស្ត្រខាងក្នុងខ្លួន។

មនុស្សជាច្រើនប្រហែលជាបានឃើញហើយនៅក្នុងបណ្តាញសង្គម Facebook ដែលមានអ្នកខ្លះ​ប្រើប្រាស់គ្រឿងញៀនរហូតដល់វិកលចរិត។ យើងរាល់គ្នាតែងតែហៅគាត់ថា បែកថ្នាំ តែស្ថានភាពពិតប្រាកដ គឺមកពីកត្តាជីវសាស្រ្តដែលកើតចេញពី​ធាតុពុលនៅក្នុងគ្រឿងញៀន​ទៅបំពុលខួរក្បាល​យើងធ្វើឱ្យបាត់បង់ស្មារតី។ ចំណែកឯអ្នកខ្លះ​ទៀត​ផឹកស្រារហូតដល់បាត់បង់ស្មារតី​ បង្កគ្រោះថ្នាក់ និងបង្កបញ្ហាជាច្រើនផ្សេងទៀត។ កត្តាទាំងអស់នេះក៏មកពីជាតិពុលនៅក្នុងស្រា​ធ្វើឱ្យខូចខួរក្បាលក៏មានដែរ។

លោក វេជ្ជបណ្ឌិត យឹម សុបុត្រា បាននិយាយថា៖ “​យើងឃើញហើយមនុស្សមួយចំនួនផឹកស្រាច្រើនលើសកម្រិតនៅតាមសហគមន៍។ ពេលនិយាយទៅគាត់ថា​គាត់ផឹកស្រា​យូរហើយគ្រប់កម្មវិធីមិនដែលឃើញឆ្កួតទេ ហេតុនេះគាត់ក៏បន្តវារហូតដល់ដំណាក់កាលញៀនដែលមិនអាចអត់ផឹកបានគឺត្រូវតែផឹករាល់ថ្ងៃរហូត​ធ្វើឱ្យគាត់​ពុលខ្លាំងទៅជាមានបញ្ហាផ្លូវចិត្តបាន”។

អ្នកជំនាញចិត្តសាស្រ្តដដែលបានលើកឡើងផងដែរថា កត្តាជីវសាស្ត្រមួយទៀតដែលគ្រប់គ្នានឹកស្មានមិនដល់គឺការប្រើប្រាស់ឱសថ ក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែរ។ ប្រជាជនជាច្រើនចូលចិត្តទិញថ្នាំប្រើដោយមិនបានប្រឹក្សាជាមួយ​គ្រួពេទ្យ ពេលខ្លះគេងមិនលក់គឺតែងទៅទិញ ​ថ្នាំងងុយដេកមកលេបខ្លួនឯង​ជាការស្រេច ព្រោះចំណាយតិច តែបញ្ហានេះយូរៗទៅក៏ធ្វើឱ្យគាត់មានបញ្ហាដែរ។ សារធាតុគីមីនៅក្នុងថ្នាំទាំងអស់នោះអាចធ្វើឱ្យ​ខួរក្បាលមិនមានតុល្យភាព ហើយ​បង្កទៅជាជំងឺបាន។

ចំពោះសុភាពនារីវិញ បញ្ហាដែលគ្រប់គ្នានឹកស្មានមិនដល់ថាអាចធ្វើឱ្យមានបញ្ហាផ្លូវចិត្តដែរ​ គឺការញាំុតែសម្រកទម្ងន់។ តែប្រភេទនេះប្រសិនបើមានស្តង់ដារផលិតត្រឹមត្រូវមិនមានបញ្ហានោះទេ ​តែប្រសិនបើវាផលិតមិនត្រឹមត្រូវនឹងអាចធ្វើឱ្យបង្កបញ្ហាសម្រាប់ខួរក្បាល។ ផលិតផលតែខ្លះពេលទទួលទានទៅ មិនឃ្លានអាហារ ហើយមិនងងុយដេក បន្ទាប់មក​ក៏ស្រកទម្ងន់ តែបើគិតទៅវាមិនខុសពីសារធាតុ​មេតំហ្វេតាមីនទេ ដែលធ្វើឱ្យមនុស្សមិនឃ្លាន មិនងងុយ ហើយ​ស្រកគីឡូនោះ។ បញ្ហានេះ​គឺជាកត្តាជីវសាស្ត្រយ៉ាងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយ​កុំធ្វេសប្រហែសឱ្យសោះ ព្រោះក្នុងខួរក្បាលក្នុងសារធាតុគីមីច្រើនណាស់ ហើយវាមានប្រភេទផ្សេងៗគ្នា។ លោកថា នៅពេលសប្បាយមានខួរក្បាលមានគីមីសប្បាយ​ កើតទុក្ខមានគីមីកើតទុក្ខ ព្រួយបារម្ភមានគីមីប្រភេទផ្សេង ហើយជាឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់​ធ្លាក់ទឹកចិត្ត មានន័យថាគាត់ខ្វះជាតិេសរ៉ូតេនីន ហេតុនេះ​គ្រូពេទ្យត្រូវតែប្រើប្រាស់ថ្នាំដើម្បី​បង្កើនសារធាតុ​នេះឡើងវិញឱ្យមានតុល្យភាព។ ទាំងអស់នេះជាកត្តាផ្លូវចិត្តដែលកើតចេញពី​កត្តាខាងក្រៅខ្លួន ចំណែកឯកត្តាក្នុងខ្លួនវិញ គឺអាចបណ្តាលមកពីជំងឺប្រចាំកាយដូចជាជំងឺស្រ្តូក ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងជាដើម។

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថាកត្តាចុងក្រោយដែលនាំឱ្យ​មានបញ្ហាផ្លូវចិត្ត គឺកត្តាចិត្តសាស្រ្តដែល​កើតចេញពីការប្រើប្រាស់​គំនិតរបស់មនុស្សម្នាក់ៗ និងឥរិយាបថនៃការគិតរបស់ពួកគេ។ ជាករណីជាក់ស្តែងប្រសិនបើការសិក្សាមិនល្អ មានវិបត្តិស្នេហា ឬ​មានបញ្ហាផ្សេងៗ​កើតឡើងចំពោះជីវិតគាត់ ហើយគាត់មិនមានទម្លាប់នៃការគិតវិជ្ជមាន ឬ​ស្ថានភាពផ្លូវចិត្តរបស់គាត់មិនរឹងមាំ គាត់អាចនឹងធ្វើឱ្យស្ថានភាពផ្លូវចិត្តធ្លាក់ចុះដុនដាបក្លាយជាវិបត្តិធ្ងន់ធ្ងរបាន៕

Advertisement