ស្រ្តីក្នុងវិស័យ ICT មានឱកាសខ្ពស់ជាងបុរស

មនុស្សនៅកម្ពុជាជាច្រើនយល់ឃើញថាជំនាញបច្ចេកវិទ្យាព័ត៌មាន (ICT) ជាជំនាញសម្រាប់បុរសសិក្សា ហើយកូនស្រីមិនគួរសិក្សាលើជំនាញទេ តែជាក់ស្តែងជំនាញនេះ​ជាជំនាញដែលកំពុងមានសក្តានុពលសម្រាប់ស្រ្តីនាពេលបច្ចុប្បន្ន។

នៅសាលាខ្លះក្នុងមួយថ្នាក់រៀនស្ទើរតែគ្មានមនុស្សស្រីម្នាក់ផងដែលសិក្សាជំនាញ ICT តែទោះជាយ៉ាងនេះក្តី​ ស្រ្តីក្នុងវិស័យព័ត៌មានវិទ្យានៅតែមានចំនួនកើនឡើងខ្លះបើទោះបីជាស្ត្រីមិនសូវបានលើកទឹកចិត្តឱ្យ​សិក្សាជំនាញនេះក៏ដោយ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះក៏មានកម្មវិធីកុំព្យូទ័រមួយចំនួន​ផលិតដោយស្នាដៃស្រ្តី ឬ​ក៏មានការចូលរួមយ៉ាងសំខាន់ពីស្រ្តីផងដែរ។

កញ្ញា ហេង សុវណ្ណមុនីនុត ស្ត្រីម្នាក់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងធ្លាប់ជានិស្សិតដែលទទួលបានពានរង្វាន់ផ្នែក​បច្ចេកវិទ្យានៅបរទេសផង បានលើកឡើងថា ស្រ្តីមានលក្ខណៈពិសេសជាច្រើន​ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (ICT) តែកត្តាដែលនាំឱ្យស្ត្រី​នៅក្នុង​ផ្នែកនេះ​មិនសូវមានចំនួនច្រើនដោយសារតែហេតុផលមួយចំនួន​ដូចជា៖ ទី1មុខវិជ្ជា ICT ជាមុខវិជ្ជាដែលលំបាកសិក្សា ព្រោះវាត្រូវការមុខវិជ្ជា​គណិតវិទ្យា ត្រូវការសិក្សាពីកូដ ឬភាសាជាច្រើនផ្សេងទៀត។ ទី2 និស្សិតស្រីមួយចំនួនអាចគិតថាជំនាញនេះជាជំនាញរបស់មនុស្សប្រុស ហើយស្របពេលដែលមិនសូវ​មាន​ការជំរុញផង គាត់ក៏សម្រេចចិត្តមិនជ្រើសរើសយក​ជាអាជីពនេះតែម្តង។ ចំណុចទី3 និស្សិតស្រីអាចគិតថា មុខវិជ្ជានេះមានទីផ្សារការងារចង្អៀត ហើយគេត្រូវការតែប្រុសៗ ក្រោយពេលគាត់បញ្ចប់ការសិក្សា គាត់​អាចបានប្រាក់ខែតិចជាងប្រុសៗជា-ដើម។ ចំណុចទី4 គឺ​​ស្រ្តីអាចយល់ថា ​មុខវិជ្ជានេះ​មានភាពនឿយហត់ខ្លាំងដែលអាចធ្វើឱ្យគាត់ឆាប់ចាស់ ឬ​បាត់បង់ភាពស្រស់ស្អាតជាដើម។

កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា ៖ “​តាមពិតទៅជំនាញ​នេះមិនមែន​សម្រាប់តែមនុស្សប្រុស​ដូចការគិតរបស់អ្នកគ្រប់គ្នានោះទេ ហើយគ្មានមុខវិជ្ជាណាដែល​គេហាមមិនឱ្យមនុស្សស្រីរៀនដែរគ្រាន់តែមុខវិជ្ជា​មួយចំនួន ​មនុស្សក្នុងសង្គមគេបែងចែកថា សម្រាប់ប្រុស ឬសម្រាប់ស្រីតែប៉ុណ្ណោះ។ តែឥឡូវនេះគ្រប់គ្នាគេគិតពីសមភាពយេនឌ័រ ហេតុនេះ​មនុស្សប្រុស និងមនុស្សស្រី មានសិទ្ធស្មើគ្នាក្នុងការសិក្សា​គ្រប់មុខវិជ្ជាដោយគ្មានការបែងចែកនោះទេ”។

យុវតីឆ្នើមផ្នែកបច្ចេកវិទ្យាខាងលើបានលើកឡើងផងដែរថា ពេលខ្លះបើទោះបីជា​សម័យបច្ចុប្បន្ន​មិនហាមឃាត់ ឬផ្តល់ឱកាសសម្រាប់ស្ត្រីឱ្យសិក្សាផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនក៏ដោយ តែស្ត្រីនៅមាន​បញ្ហាប្រឈមមួយចំនួន​ផងដែរ។ ទី1គឺផ្នត់គំនិតរបស់និស្សិត ផ្ទាល់​ដែលគាត់បែងចែកខ្លួនឯង ឬគិតថា ខ្លួនឯងមិនសមនឹងសិក្សា​មុខវិជ្ជាព័ត៌មានវិទ្យា ព្រោះគាត់មើលឃើញការឱ្យតម្លៃពីសង្គមខាងក្រៅខ្លាំងពេក។ មួយវិញទៀត គឺស្ត្រីមិនសូវត្រូវបានលើកទឹកចិត្តប៉ុន្មាននោះទេតែពេលខ្លះគាត់ត្រូវស្ថិតក្នុងកាលៈទេសៈដែលពិបាកប្រឈមគឺ ការរិះគន់របស់អ្នកជុំវិញខ្លួន ដូចជា​អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ​នៅវិទ្យាល័យ មិត្តភក្តិ ឬមនុស្សជាច្រើនផ្សេងទៀតក្នុងសង្គមជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់ ឬងាយនឹងបោះបង់​នៅពេលជួបឧបសគ្គកើតឡើង។

ចំពោះលក្ខខណ្ឌល្អសម្រាប់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិញ កញ្ញា សុវណ្ណមុនីនុត បាននិយាយថា ៖ “​តាមពិត​ស្ថានភាពជាក់ស្តែងរបស់ស្រ្តីក្នុង​វិស័យ ICT មិនដូចពួកគាត់គិតនោះទេ វាខុសពីការគិតរបស់មនុស្សគ្រប់គ្នា ព្រោះ​ស្រ្តីមិនត្រឹមតែអាចសិក្សាបានល្អទេ តែថែមទាំង​អាចមាន​ឱកាសការងារខ្ពស់ជាងមនុស្សប្រុសទៀតផង”។

កញ្ញាបន្ថែមទៀតថា បើនិយាយពី​ការងារ ដោយសារតែមនុស្សប្រុស​មានចំនួនច្រើន ហើយការងារខ្លះគឺគេត្រូវការស្រ្តី ហេតុនេះស្រ្តីអាចមានទីផ្សារទូលាយខ្លាំងជាង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនជាច្រើនក៏កំពុងលើកទឹកចិត្តឱ្យស្រ្តី​សិក្សាក្នុងវិស័យបច្ចេវិទ្យាព័ត៌មាននេះផងដែរ។ លើសពីនេះទៅទៀត បើប្រៀបធៀបជាមួយបុរស ស្រ្តីក្នុងផ្នែកបច្ចេកវិទ្យាអាចទទួលបានប្រាក់ចំណូលច្រើនជាងបុរស ស្របពេលដែលពួកគាត់ក៏មានឱកាសច្រើនដើម្បីធ្វើការផ្លាស់ប្តូរ​ការសិក្សានៅបរទេស ការចែករំលែក ឬការអញ្ជើញទៅចូលរួមការជួបជុំជាអន្តរជាតិនានាព្រោះកម្មវិធីជាច្រើនកំណត់តែម្តងថាអ្នកអាចចូលរួមបានចាំបាច់ត្រូវតែជាស្ត្រី។

សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា កញ្ញា សុខ ស៊ីគៀង បានលើកឡើងថា ​ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមានតែស្ត្រីទេដែលយល់ពី​បញ្ហាស្ត្រី ដែលជាចំណែក​ដ៏សំខាន់ណាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីដោះស្រាយបញ្ហាក្នុងសង្គម តែពេលបច្ចុប្បន្ននេះ​ការ​បណ្តុះបណ្តាលបច្ចេកវិទ្យាសម្រាប់ក្មេងស្រីមិនទាន់មានលក្ខណៈទូលំទូលាយខ្លាំងនៅឡើយដែលជាកត្តាធ្វើឱ្យនិស្សិតដែលជ្រើសរើសជំនាញបច្ចេកវិទ្យាព័ត៌មាននៅមានកម្រិត។ ទោះជាយ៉ាងនេះក្តី​នៅក្នុងសង្គម ទាំងវិស័យសាធារណៈ និង​វិស័យ​ឯកជន សុទ្ធតែត្រូវការវត្តមានស្ត្រីក្នុងវិស័យ​ព័ត៌មានវិទ្យានេះ ដើម្បីធ្វើការងារសំខាន់ៗជាច្រើន។

កញ្ញា សុខ ស៊ីគៀង បាននិយាយថា ៖ “​តាមពិតស្ត្រីមានសមត្ថភាពខ្លាំងមិនចាញ់បុរសនោះទេ ហើយពេលខ្លះស្ត្រីក៏អាចមានភាពល្អិតល្អន់ជាងបុរសទៀតផង តែអ្វីដែលជាបញ្ហានោះគឺ​ស្ត្រីមិនទាន់ទុកចិត្តលើខ្លួនឯងថា ខ្លួនមានសមត្ថភាពដូចបុរស។ តែទោះជាយ៉ាងនេះក្តី ពីមួយឆ្នាំទៅមួយឆ្នាំ គ្រប់ភាគីទាំងអស់​បានចូលរួមចំណែកដើម្បី​ជំរុញឱ្យមានមនុស្សស្រីកាន់តែច្រើននៅក្នុងផ្នែកដ៏សំខាន់នេះតាមរយៈការជំរុញឱ្យមានការអប់រំ និងប្រកួតប្រជែង​ល្អៗ ដើម្បីឱ្យស្រ្តីបានបញ្ចេញសមត្ថភាពរបស់ខ្លួន”៕

Advertisement